អ្វីដែលគេចាប់អារម្មណ៍នោះ ចំពេលដែលពិភពលោកសម្រុកចាក់វ៉ាក់សាំង បញ្ហាមេរោគបំប្លែងខ្លួនថ្មីៗ មានទាំងមេរោគកូវីដកូនកាត់ផង កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងថែមទៀតចំពោះការរីករាលដាលនៃមេរោគកូវីដនេះ ដ្បិតថាវាមានកំរិតគ្រោះថ្នាក់ខ្ពស់ជាង វិរុសដើមរបស់វារាប់សិបដង ហើយគេក៏មិនទាន់ដឹងប្រាកដច្បាស់នៅឡើយទេ ថាតើវ៉ាក់សាំងនឹងកម្ចាត់មេរោគបំប្លែងខ្លួនថ្មីនេះបានក្នុងកម្រិតណានោះ។
តើការចាក់វ៉ាក់សាំងនៅក្នុងបណ្ដាប្រទេសធំៗក្នុងពិភពលោកវិវត្តដល់ណាហើយ?
យើងនិយាយពីដំណើរការចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក ដោយផ្តើមនិយាយដំបូងពីប្រទេសធំៗជាមុនសិន។ បើយើងមើលទៅលើទិន្នន័យដែលបង្ហាញដោយសារព័ត៌មាន Bloomberg ឃើញថា ប្រទេសចិនកំពុងឈរនៅលើកំពូលតារាងក្នុងនាមជាប្រទេស ដែលមានការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋរបស់ខ្លួនច្រើនជាងគេបំផុតក្នុងពិភពលោក និងតាមពីក្រោយដោយសហរដ្ឋអាមេរិក អឺរ៉ុប និង ឥណ្ឌា។ ជាក់ស្ដែង គិតត្រឹមដើមខែមិថុនានេះ ប្រទេសចិនសម្រេចបានការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេសបានជាង ៦៦០លានដូសរួចហើយ។
ទោះបីកូវីដ១៩កំពុងកម្រើកឡើងជាថ្មីនៅខេត្តមួយចំនួនរបស់ចិនក្តី តួលេខប្រចាំថ្ងៃបានបង្ហាញថា ចិនអាចមានសមត្ថភាពបន្តចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនបានច្រើនដដែល ពោលគឺក្នុងរង្វង់ ២០លានដូសក្នុងមួយថ្ងៃ ខណៈដែលតាមការព្យាករពីអ្នកជំនាញសុខាភិបាល គិតត្រឹមចុងឆ្នាំ២០២១ ការផលិតវ៉ាក់សាំងនៅប្រទេសចិននឹងកើនឡើងដល់ ៣ពាន់លានដូស។
ដោយឡែកបើយើងក្រឡេកទៅមើលដំណើរការចាក់វ៉ាក់សាំងនៅអាមេរិក និង ប្រទេសក្នុងតំបន់អឺរ៉ុបឯណោះវិញ ឃើញថាមានចំនួនប្រកៀកប្រកិតគ្នាមែនទែន ពោលបើគិតមកទល់ពេលនេះ សហរដ្ឋអាមេរិកសម្រេចកម្មវិធីចាក់វ៉ាក់សាំងដល់ពលរដ្ឋបានជាង ២៩០លានដូស ស្របពេលដែលប្រទេសនៅសហភាពអឺរ៉ុបចាក់បានចំនួនជាង ២៥០លានដូស។
រីឯ ប្រទេសឥណ្ឌា ឯណោះវិញ ដែលកំពុងមមាញឹកនឹងការប្រយុទ្ធប្រឆាំងកូវីដ១៩ផងនោះ បានសម្រេចការចាក់វ៉ាក់សាំងជិត ២២០លានដូសហើយ ប៉ុន្តែវាជាចំនួនតិចតួចក្នុងនាមឥណ្ឌាជាប្រទេសអ្នកផលិតវ៉ាក់សាំងដ៏ធំមួយ បើធៀបនឹងប្រជាជនដ៏ច្រើនលើសលប់របស់ខ្លួន។
ស្ថានការណ៍កូវីដ-១៩ និងដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជា និងប្រទេសក្បែរខាងវិញវិវត្តយ៉ាងណាដែរ?
ឥឡូវនេះយើងចាកចេញពីដំណើរការចាក់វ៉ាក់សាំងនៅបណ្តាប្រទេសធំៗក្នុងពិភពលោក ដោយយើងងាកមកចាប់អារម្មណ៍ពីប្រទេសក្នុងតំបន់របស់យើងវិញម្តង មានដូចជាប្រទេសថៃ វៀតណាម និង កម្ពុជា ទោះបីមិនមានលទ្ធភាពចាក់វ៉ាក់សាំងក្នុងចំនួនច្រើនរាប់រយលានដូសដូចប្រទេសធំៗដែលបានរៀបរាប់ខាងលើក៏ពិតមែន ក៏ប៉ុន្តែប្រទេសទាំងអស់នេះបានខ្នះខ្នែងមែនទែន ធ្វើយ៉ាងណាធានាឲ្យបានថាពលរដ្ឋរបស់ខ្លួនអាចទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ស្របពេលដែលប្រទេសទាំងបីខាងលើនេះ កម្ពុជា វៀតណាម ថៃ កំពុងមានកំណើនការឆ្លងរីករាលដាលកូវីដ១៩ ជាបន្តបន្ទាប់អស់ពេលជាច្រើនខែមកហើយ។
ជាមួយគ្នានេះ វៀតណាមដែលធ្លាប់ជាប្រទេសទប់ស្កាត់កូវីដ១៩បានប្រសើរជាងគេ ពេលនេះកំពុងរងទុក្ខធំ ដោយសារទើបតែបានប្រទះឃើញរីរុសកូវីដ១៩បំប្លែងខ្លួនថ្មី មានកម្រិតគ្រោះថ្នាក់ខ្ពស់ ដែលជាប្រភេទមេរោគកូនកាត់ ហើយត្រូវបានគេដាក់ការសង្ស័យថាជាមូលហេតុធ្វើឲ្យចំនួនអ្នកឆ្លងនៅវៀតណាមកើនឡើងទ្វេដងត្រឹមរយៈពេលមួយខែ។ លើសពីនេះ វៀតណាមកំពុងខ្សត់វ៉ាក់សាំងសម្រាប់ប្រើប្រាស់ ដោយគិតមកត្រឹមខែមិថុនានេះ ប្រទេសក្បែរខាងកម្ពុជាយើងមួយនេះ ចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនបានជាង ១លាននាក់ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋទូទាំងប្រទេសជិត១០០លាននាក់របស់ខ្លួន។ ប្រការនេះហើយ បានជំរុញឲ្យក្រសួងសុខាភិបាលវៀតណាម តាមចែចូវចង់នាំយកបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ១៩មកក្នុងប្រទេសរបស់ខ្លួន ដើម្បីអាចផលិតផ្គត់ផ្គង់វ៉ាក់សាំងដល់កម្មវិធី COVAX ផង និងសម្រាប់ខ្លួនឯងផង។
មិនទាន់ទៅណាឆ្ងាយនោះទេ ចេញពីវៀតណាម យើងងាកមកចាប់អារម្មណ៍នឹងប្រទេសក្បែរខាងកម្ពុជាយើងមួយទៀត គឺប្រទេសថៃ។
ថៃហាក់បង្ហាញពីសញ្ញាល្អជាងវៀតណាមជុំវិញកម្មវិធីចាក់វ៉ាក់សាំង ក៏ប៉ុន្តែបើនិយាយពីការឆ្លងរាលដាលកូវីដ១៩ប្រចាំថ្ងៃវិញ ថៃក៏មិនគ្រាន់បើប៉ុន្មានដែរ ពោលគឺនៅមានចំនួនឆ្លងកូវីដរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។
មកដល់ពេលនេះថៃ ចាក់វ៉ាក់សាំងបាន ជាង៣លាន៦សែនដូសហើយ ស្មើនឹង២,៦% នៃពលរដ្ឋសរុប ចំនួននេះ គឺច្រើនជាងប្រទេសវៀតណាម ដោយសារតែថៃមិនបានពឹងផ្អែកលើវ៉ាក់សាំងនាំមកពីប្រទេសលោកខាងលិចដូចវៀតណាមនោះទេ។ បច្ចុប្បន្ន ថៃបានអនុម័ត និងប្រើប្រាស់វ៉ាក់សាំងចម្រុះ ទាំងវ៉ាក់សាំងពីលោកខាងលិច វ៉ាក់សាំងរបស់ចិន ហើយថែមទាំងឈានទៅទិញសិទ្ធិផលិត និង ចែកចាយវ៉ាក់សាំង AstraZeneca ដោយខ្លួនឯងថែមទៀត។
បើនិយាយពីកម្ពុជាយើងវិញ ឃើញថា ដំណើរការចាក់វ៉ាក់សាំង កំពុងតែប្រព្រឹត្តទៅដោយរលូន ខណៈដែលវ៉ាក់សាំងដែលកម្ពុជាប្រើប្រាស់ក៏ត្រូវបានដឹកមកដល់ទឹកដីកម្ពុជាជាបន្តបន្ទាប់ផងដែរ។ ក៏ប៉ុន្ដែ ក្រៅតែពីប្រភេទ វ៉ាក់សាំង AstraZeneca ផលិតនៅឥណ្ឌា ឬហៅឈ្មោះថា កូវីសៀល ដែលជាជំនួយពីកម្មវិធីកូវ៉ាក់របស់អង្កការសុខភាពពិភពលោក កម្ពុជាកំពុងចាក់វ៉ាក់សាំងតែពីប្រភេទប៉ុណ្ណោះ ដែលបានមកពីជំនួយ និង ការបញ្ជាទិញពីប្រទេសមហាមិត្តចិន រួមមាន Sinopharm និង Sinovac។ ក្នុងនោះ សម្រាប់វ៉ាក់សាំង Sinovac កម្ពុជាទទួលបាននៅក្នុងដៃ ចំនួន៤លានដូសរួចហើយ។
ជាក់ស្តែង គិតត្រឹមថ្ងៃទី១ខែមិថុនា កម្ពុជាសម្រេចការចាក់វ៉ាក់សាំងបានជាង ២៦%ហើយ ស្មើនឹងពលរដ្ឋជាង២លាន៦សែននាក់ ធៀបនឹងផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋឲ្យបានទាំងអស់ ១០លាននាក់។
វ៉ាក់សាំងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកកើនដល៦ប្រភេទហើយ
ងាកមកមើលពីបច្ចុប្បន្នភាព វ៉ាក់សាំងដែលអង្គការសុខភាពពិភពលោក បានទទួលស្គាល់និង អនុញ្ញាតឲ្យប្រើប្រាស់ក្នុងក្របខណ្ឌបន្ទាន់វិញម្ដង។
គិតត្រឹមដើមខែមិថុនានេះ អង្គការសុខភាពពិភពលោកបានទទួលស្គាល់ និង អនុញ្ញាតឲ្យប្រើប្រាស់ក្នុងក្របខណ្ឌបន្ទាន់ នូវវ៉ាក់សាំងចំនួន៦ប្រភេទហើយ ដោយបេក្ខភាពវ៉ាក់សាំងដែលទើបតែបានដាក់បញ្ចូលក្នុងបញ្ចីចុងក្រោយនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)។
Sinovac គឺជាវ៉ាក់សាំងចិនទីពីរហើយ ដែលទទួលបានការអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់ ពី WHO បន្ទាប់ពី វ៉ាក់សាំងរបស់ចិនមួយប្រភេទទៀត គឺ ស៊ីណូហ្វាម (Sinopharm) បានត្រូវ WHO ផ្ដល់ការអនុម័តឲ្យប្រើប្រាស់បន្ទាន់ កាលពីខែឧសភាកន្លងទៅនេះ។
សូមជម្រាបថា មកទល់ពេលនេះ មានវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន៦ប្រភេទហើយ ដែលទទួលស្គាល់ដោយ WHO រួមមាន Moderna, Pfizer BioNTech, Johnson & Johnson, AstraZeneca, Sinopharm និងចុងក្រោយ Sinovac៕