បន្ទាប់ពីបានធ្លាក់ចុះនៅឆ្នាំ២០២៣ ប្រាក់ចំណូលក្នុងវិស័យបន្ទះឈីបទូទាំងពិភពលោកកំពុងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយត្រូវបានព្យាករថា នឹងកើនឡើង២ខ្ទង់នៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ លោក រ៉ាជីវ រ៉ាចពុត (Rajeev Rajput) អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Gartner បាននិយាយថា កំណើនប្រាក់ចំណូលយ៉ាងសម្បើមនេះត្រូវបានជំរុញដោយកំណើនតម្រូវការបន្ទះឈីប AI និងការងើបឡើងវិញនៃការផលិតគ្រឿងអេឡិចត្រូនិក ខណៈដែលតម្រូវការពីវិស័យរថយន្ត និងឧស្សាហកម្មនៅតែបន្តចុះខ្សោយ។
ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ទីផ្សារបន្ទះឈីបអង្គចងចាំ ឬ Memory និង GPU ដែលមានពាក្យពេញថា Graphics Processing Unit ដែលត្រូវបានរចនាយ៉ាងពិសេសសម្រាប់ចែកចាយ ឬផ្លាស់ប្តូរសមត្ថភាពលើការបង្ហាញគុណភាពរូបភាពនៅក្នុងអេក្រង់ នឹងជួយជំរុញកំណើនប្រាក់ចំណូលក្នុងវិស័យបន្ទះឈីបនៅទូទាំងពិភពលោក។
ប្រាក់ចំណូលក្នុងទីផ្សារបន្ទះឈីបអង្គចងចាំ ឬ Memory នៅទូទាំងពិភពលោកត្រូវបានព្យាករថា នឹងកើនឡើងជិត២១% នៅឆ្នាំ២០២៥ ឈានដល់ជាង១៩៦ពាន់លានដុល្លារអាម៉េរិក។
ទន្ទឹមនេះ ប្រាក់ចំណូលសរុបបានមកពីបន្ទះឈីបពណ៌ខ្មៅបំពាក់លើរ៉េមកុំព្យូទ័រ ដែលគេស្គាល់ថា DRAM ត្រូវបានគព្យាករថា នឹងឈានដល់ជាង១១៥ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ ដោយកើនឡើងពី៩០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤៕
ដោយ: តែម សុខុម