នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ សមាគមឧស្សាហកម្មបន្ទះឈីបដែលមានមូល ដ្ឋាននៅសហរដ្ឋអាម៉េរិក (SIA) បាននិយាយថា ការលក់បន្ទះឈីបសកលបានកើនឡើងក្នុងឆមាសទីពីរនៃឆ្នាំ២០២៣។ សមាគមនេះបានបញ្ជាក់ថា តាមពិត ការលក់នៅត្រីមាសទី៤ឆ្នាំ២០២៣បានចំនួន១៤៦ពាន់លានដុល្លារ គឺច្រើនជាងជិត១២% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២២ និងច្រើនជាង៨%បើធៀបនឹងចំនួនសរុបនៅត្រីមាសទី៣ឆ្នាំ២០២៣។
សមាគមនេះបានបន្ថែមថា ការលក់បន្ទះឈីបសកលសម្រាប់ខែធ្នូ ឆ្នាំ២០២៣ បានចំនួនជិត៤៩ពាន់លានដុល្លារអាម៉េរិក គឺបានកើនឡើងជាង១% បើធៀបនឹងខែវិច្ឆិកា នៅឆ្នាំដដែលនេះ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើគេប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំឃើញថា ការលក់ជាសកលបានធ្លាក់ចុះជាង៨%នៅក្នុងឆ្នាំ២០២៣ មកនៅត្រឹមតែជាង៥២៧ពាន់លានដុល្លារប៉ុណ្ណោះ ខណៈដែលការលក់នៅក្នុងឆ្នាំ២០២២ បានចំនួនដល់ជាង៥៧៤ពាន់លានដុល្លារ។
ប្រធាន និងជានាយកប្រតិបត្តិរបស់សមាគម SIA លោក ចន នូហ្វឺ (John Neuffer) បាននិយាយថា ការលក់គ្រឿងបន្ទះឈីបជាសកលបានធ្លាក់ចុះនៅដើមឆ្នាំ២០២៣ ប៉ុន្តែវាបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងឆមាសទីពីរនៃឆ្នាំដដែលនោះ ហើយកំណើនទីផ្សារសម្រាប់បន្ទះឈីបនេះត្រូវបានគេព្យាករថានឹងកើនឡើង២ខ្ទង់ ពោលគឺជាង១៣%សម្រាប់ឆ្នាំ២០២៤នេះ។ ដោយហេតុតែបន្ទះសៀគ្វីបានដើរតួនាទីកាន់តែធំ និងកាន់តែសំខាន់នៅក្នុងផលិតផលរាប់មិនអស់ដែលពិភពលោកពឹងផ្អែកលើ នោះទស្សនវិស័យរយៈពេលវែងសម្រាប់ទីផ្សារបន្ទះឈីបគឺមានភាពរឹងមាំខ្លាំង៕
អត្ថបទ៖ សុខ ជា