
សន្ទស្សន៍តម្លៃធ្យូងថ្មបានកើនឡើងដល់១០៥ដុល្លារក្នុងមួយតោនកាលពីដើមខែមិថុនា ដោយងើបឡើងពីការធ្លាក់ចុះដល់៩៤ដុល្លារក្នុងមួយតោនកាលពីចុងខែមេសា ដែលជាការធ្លាក់ចុះទាបបំផុតចាប់តាំងពីឆ្នាំ២០២១ ដោយសារការព្រួយបារម្ភពីការថយចុះការប្រើប្រាស់ថាមពលរបស់ប្រទេសចិន ចំពេលមានសង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។
ធនាគារពិភពលោកកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានព្យាករថា តម្លៃជាមធ្យមនៃធ្យូងថ្មប្រចាំឆ្នាំនឹងធ្លាក់ចុះពី១៣៦ដុល្លារក្នុងមួយតោននៅក្នុងឆ្នាំ២០២៤ មកនៅត្រឹម១០០ដុល្លារក្នុងមួយតោននៅឆ្នាំ២០២៥ នេះ ហើយនឹងបន្តធ្លាក់ចុះ៥% បន្ថែមទៀតនៅឆ្នាំ២០២៦។ ទោះជាយ៉ាងណា និន្នាការនៃការធ្លាក់ចុះត្រូវបានគេរំពឹងថា នឹងងើបឡើងវិញនៅត្រឹមឆ្នាំ២០២៧។
លោក ហ្គី ផេ (Ghee Peh) នាយកក្រុមហ៊ុន Capital Luck Investment បានប្រាប់សារព័ត៌មាននីកេអាស៊ី កាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃធ្យូងថ្មអាចឡើងដល់១២០ដុល្លារក្នុងរយៈពេល៣ឆ្នាំទៀតដោយសារគោលនយោបាយថាមពលរបស់សហរដ្ឋអាម៉េរិក ក្រោមការគ្រប់គ្រងរបស់លោក ត្រាំ ឆ្ពោះទៅរកឥន្ធនៈហ្វូស៊ីល និងគោលនយោបាយមិនអំណោយផលសម្រាប់ថាមពលកកើតឡើងវិញ។
តម្លៃធ្យូងថ្មលោហៈធាតុដែលប្រើសម្រាប់ផលិតដែក និងដែកថែបក៏ត្រូវបានគេរំពឹងថា នឹងមានភាពល្អប្រសើរឡើងផងដែរ ខណៈតម្លៃធ្យូងថ្មលោហធាតុរបស់អូស្ត្រាលី បានស្ទុះងើបឡើងវិញបន្តិចកាលពីខែមីនា ក្រោយធ្លាក់ចុះ៤ឆ្នាំជាប់ៗគ្នា ដោយឡើងដល់១៨៦ដុល្លារក្នុងមួយតោនកាលពីថ្ងៃព្រហស្បតិ៍។
ទោះតម្លៃធ្យូងថ្មកាលពីពេលថ្មីៗស្ថិតនៅក្នុងកម្រិតទាប ប៉ុន្តែលោក ខេវិន លី (Kevin Lee) អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវមួយបានប្រាប់សារព័ត៌មាន Nikkei ថា តម្លៃធ្យូងនឹងអាចហក់ឡើងគួរឱ្យកត់សម្គាល់ចាប់ពីឆ្នាំ២០២៧ តទៅរហូតដល់២៣០ក្នុងមួយតោន។ លោកបានបន្ថែមថា កង្វះលទ្ធភាពទទួលបានមធ្យោបាយហិរញ្ញវត្ថុ ការថយចុះគុណភាពទុនបម្រុង ការចំណាយកាន់តែខ្ពស់ និងបញ្ហាផ្សេងទៀតបានរួមចំណែកដល់ការកើនឡើងទស្សនវិស័យតម្លៃនេះ៕
ដោយ៖ សុខ មង្គល