បើផ្អែកលើលទ្ធផលប្រាក់ចំណូល និងការព្យាកររបស់ក្រុមហ៊ុនវិភាគ QUICK FactSet និងប្រភពផ្សេងទៀតបានបង្ហាញថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនប្រហែលជាង២ម៉ឺន ដែលបានជួញដូរជាសាធារណៈ រួមទាំងនៅសហរដ្ឋអាម៉េរិក ជប៉ុន ចិន និងអឺរ៉ុបផងដែរ បានធ្លាក់ចុះ៦% នៅត្រីមាសទី១ឆ្នាំនេះ ពោលគឺធ្លាក់ចុះមកនៅត្រឹមតែជាង ១ពាន់ពាន់លានដុល្លារ (១ទ្រីលានដុល្លារ) ប៉ុណ្ណោះ។
ក្នុងនោះដែរ ក្រុមហ៊ុនចិនជាច្រើនបានធ្លាក់ចុះប្រាក់ចំណេញសុទ្ធប្រហែល១០% នៅត្រីមាសទី១ឆ្នាំនេះ។ វិស័យធនាគារដែលរកបានប្រាក់ចំណេញប្រហែល៤០% នៃប្រាក់ចំណេញសរុបក្នុងចំណោមអាជីវកម្មដែលបានចុះបញ្ជីនៅប្រទេសនេះ បានរងគ្រោះដោយសារការបញ្ចុះអត្រាការប្រាក់ ក្នុងបំណងជួយជំរុញវិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិដោះស្រាយមិនចេញនៅឡើយ។
ការលក់ផ្ទះថ្មីនៅក្នុងប្រទេសចិន បានធ្លាក់ចុះប្រហែល៣០% នៅក្នុងត្រីមាសទី១ឆ្នាំនេះ ហើយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន China Vanke បានធ្លាក់ចូលទៅក្នុងសញ្ញាក្រហម ដែលជាសញ្ញាជួបវិបត្តិគ្រោះថ្នាក់។ ជាការឆ្លើយតបទៅនឹងការធ្លាក់ចុះទីផ្សារអចលនទ្រព្យ ដែលអូសបន្លាយរយៈពេលយូរនេះ កាលពីសប្ដាហ៍មុន ចិនបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យរដ្ឋាភិបាលក្នុងតំបន់អាចទិញភាគហ៊ុនលំនៅឋាន ដែលនៅទំនេរ។
ធនាគារប្រជាជនចិន ក៏បានលុបចោលអត្រាការប្រាក់អប្បបរមាលើកម្ចីទិញផ្ទះផងដែរ ក៏ប៉ុន្តែការទម្លាក់អត្រាការប្រាក់ទាបនេះ អាចធ្វើឱ្យធនាគារចិនមួយចំនួនជួបនឹងផលលំបាកកាន់តែខ្លាំងឡើងថែមទៀត ខណៈដែលបញ្ហាសេដ្ឋកិច្ចនៅប្រទេសចិន កំពុងតែជះឥទ្ធិពលដល់បណ្ដាប្រទេស និងឧស្សាហកម្មផ្សេងៗទៀតក្នុងពិភពលោក៕
អត្ថបទ៖ សុខ មង្គល