ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលតំណាងឱ្យបណ្ដាប្រទេសឧស្សាហកម្មបានព្យាករថា តម្រូវការប្រេងឥន្ធនៈនឹងឈានដល់កម្រិតកំពូលនៅឆ្នាំ២០៣០ នៅពេលដែលពិភពលោកផ្លាស់ប្តូរទៅរកថាមពលស្អាតជាងនេះ។ ទន្ទឹមនឹងនេះ អង្គការនៃប្រទេសនាំចេញប្រេង អូប៉ិច (Opec) រំពឹងថា ការប្រើប្រាស់ប្រេងឥន្ធនៈនឹងបន្តកើនឡើងរយៈពេលពីរទសវត្សរ៍ខាងមុខ។
របាយការណ៍ប្រចាំខែរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និងអង្គការនៃប្រទេសនាំចេញប្រេង អូប៉ិច (Opec) នៅសប្តាហ៍នេះបង្ហាញពីការព្យាករខុសគ្នាស្រឡះសម្រាប់តម្រូវការប្រេងឥន្ធនៈទូទាំងពិភពលោកក្នុងឆ្នាំ២០២៤។
របាយការណ៍ប្រចាំខែរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ បង្ហាញថា ខ្លួនរំពឹងថា តម្រូវការប្រេងឥន្ធនៈទូទាំងពិភពលោកនឹងកើនឡើងជាង១លាន២សែនបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំនេះ ដោយធ្លាក់ចុះបន្តិចពីការព្យាករកាលពីខែមករា។ អង្គការនៃប្រទេសនាំចេញប្រេង អូប៉ិច (Opec) កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះបានរក្សាការព្យាករកំណើនខ្ពស់ខ្លាំងរបស់ខ្លួនក្នុងអត្រាជាង២លាន២សែនបារ៉ែលក្នុងមួយថ្ងៃ។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបន្ទាបការព្យាកររបស់ខ្លួនដោយសារការធ្លាក់ចុះតម្រូវការប្រេងក្នុងប្រទេសចិន ខណៈចិន មានចំណែកគ្របដណ្ដប់ដល់ទៅប្រមាណពាក់កណ្ដាលនៃកំណើនតម្រូវការប្រេងក្នុងឆ្នាំ២០២៣។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ធ្លាប់បានព្យាករពីកំណើនតម្រូវការប្រេងប្រចាំឆ្នាំ២០២៤ ក្នុងអត្រាជាង១លាន២សែនបារ៉ែលក្នុងមួយថ្ងៃ។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និយាយថា ដំណាក់កាលនៃកំណើនតម្រូវការប្រេងឥន្ធនៈទូទាំងពិភពលោកក្រោយវិបត្តិកូវីដ-១៩ ជិតឈានដល់ទីបញ្ចប់ហើយ ហើយថា បរិយាកាសកាន់តែអាក្រក់ទៅ នៃម៉ាក្រូសេដ្ឋកិច្ចពិភពលោក ក៏រួមចំណែករារាំងដល់កំណើនតម្រូវការប្រេងក្នុងឆ្នាំនេះផងដែរ៕
ដោយ: តែម សុខុម