ទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគទីផ្សារ និងវិនិយោគ នៅតែបារម្ភអំពីអនាគតទីផ្សារថយន្ដពិភពលោកជារួម ដ្បិតថា ស្ថានភាពសេដ្ឋកិច្ចកំពុងមានភាពរង្គោះរង្គើកាន់តែខ្លាំងដោយសារតែការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់នៅអាមេរិក ចំពេលមានវិបត្តិអតិផរណា និងតម្លៃថាមពលហក់ឡើងខ្ពស់ ក្រោយពីមានសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែនបានផ្ទុះឡើងមក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន The Economic Times។
យោងតាមទិន្នន័យចេញផ្សាយដោយក្រុមហ៊ុន GM កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បង្ហាញថា ក្រុមហ៊ុននេះ បានលក់រថយន្តចំនួនជាង ៥៥ម៉ឺនគ្រឿង ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២២។ ចំនួននេះ គឺខ្ពស់ជាងឆ្នាំមុនរហូតដល់ទៅ ២៤% ខណៈការលក់របស់ក្រុមហ៊ុន Toyota បានចំនួនតែជាង ៥២ម៉ឺនគ្រឿងប៉ុណ្ណោះ ធ្លាក់ចុះជាង ៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យខាងលើនេះ បង្ហាញថា ការលក់របស់ក្រុមហ៊ុនអាមេរិក GM គឺបានច្រើនជាង Toyota រហូតដល់ ៨ម៉ឺនគ្រឿង ឬអាចនិយាយបានថា ជាការវ៉ាដាច់វិញហើយ បន្ទាប់ពី Toyota បានផ្តួល GM កាលពីឆ្នាំ២០២១ ចេញពីតំណែងជាលើកដំបូងក្នុងរយៈពេល ៩០ឆ្នាំនៃការលក់រថយន្តបានច្រើនបំផុតនៅអាមេរិក។ មូលហេតុចម្បងនាពេលនោះ គឺដោយសារតែ GM ខ្វះខាតបន្ទះឈីប ដែលបង្អាក់ដល់ការផលិតរថយន្តរបស់ខ្លួន។
ជាមួយនឹងភាពវិជ្ជមាននៅឆ្នាំ២០២២នេះ ក្រុមហ៊ុន GM បានអះអាងបន្ថែមថា ខ្លួននឹងជំរុញផលិតកម្មរថយន្តបន្ថែមទៀត ពិសេសម៉ូដែលរថយន្តអគ្គិសនី Chevrolet Bolt ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។
នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុន GM បានលក់រថយន្តរបស់ខ្លួនចំនួនជាង ២លាន២សែនគ្រឿង នាំមុខការលក់ដោយ Chevrolet និង GMC ប៉ុន្ដែមានអត្រាធ្លាក់ចុះ ១៣% ធៀបនឹងឆ្នាំ២០២០។ ចំនួនការលក់នេះនេះ គឺមានតិចជាង Toyota ដែលលក់បាន ២លាន៣សែនគ្រឿង កើនឡើង ១០,៤% ប្រៀបធៀបនឹងឆ្នាំ២០២០។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិភាគ បានបង្ហាញការបារម្ភពីអនាគតទីផ្សាររថយន្តអាមេរិកថា នឹងមានការលក់កាន់តែធ្លាក់ចុះ នៅត្រីមាសទី៤ខាងមុខ ដោយសារតែការកើនឡើងនូវអត្រាការប្រាក់ ដែលត្រូវបានដំឡើងដោយធនាគារកណ្តាលអាមេរិក ចំពេលអតិផរណានៅប្រទេសដែលមានសេដ្ឋកិច្ចជាងគេបង្អស់ក្នុងពិភពលោកមួយនេះ កំពុងហក់ឡើងខ្ពស់មិនធ្លាប់មាន៕