លោក សេក ធារម្យ អ្នកជំនាញជួញដូរហាងឆេងមាស និងរូបិយបណ្ណអន្តរជាតិ បានគូសបញ្ជាក់ថា មកដល់ពេលនេះតម្លៃមាសបានងើបឡើងមកវិញជាង១២% បន្ទាប់បានធ្លាក់ចុះយ៉ាងគំហុកកាលពីសប្តាហ៍មុន។ តែយ៉ាងណានៅក្នុងស្ថានភាពនេះ អ្នកជំនាញរូបនេះវាយតម្លៃថា តម្លៃមាសទំនងជាមិនអាចហក់ឡើងដល់កំណត់ត្រាចាស់នោះទេ ដោយសារការចរចារវាងអាម៉េរិក និងអ៊ីរ៉ង់នៅពុំទាន់មានភាពច្បាស់លាស់ តែវានឹងស្ទុះឡើងវិញនៅពេលដែលការចរចាបទឈប់បាញ់ទទួលបានជោគជ័យ។
ជាមួយគ្នានេះ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពនេះ តម្លៃហាងឆេងមាសទំនងជាមិនអាចហក់ឡើងដល់កំណត់ត្រាចាស់ជាង៦,៦០០ក្នុង១តម្លឹងនោះទេ។ ប៉ុន្តែអ្នកជំនាញរូបនេះវាយតម្លៃថា តម្លៃមាសអាចនឹងបន្តហក់ឡើងដល់ជាង ៦ពាន់១០០ដុល្លារក្នុង១តម្លឹងក្នុងពេលឆាប់ខាងមុខនេះ។ យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ថា នៅក្នុងកាលៈទេសៈនេះ អ្នកមានលុយគួរតែទិញមាសទុកយកចំណេញ ព្រោះវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាអាចជះឥទ្ធិពលដល់សេដ្ឋកិច្ច និងធ្វើឱ្យតម្លៃងមាសមានការកើនឡើងនាពេលខាងមុខ។
ជាមួយគ្នានេះ លោកស្រី ឈុន សុភ័ក្រ ម្ចាស់ហាងមាសពេជ្រ ទី មង្គល បានអះអាងថា សកម្មភាពទិញលក់មាសនៅហាងរបស់ស្រីហាក់ពុំសូវមានភាពមមាញឹកនោះទេ ដោយសារការប្រែប្រួលតម្លៃទីផ្សារមាសលឿនពេកបានធ្វើឱ្យអ្នកវិនិយោគមួយចំនួនងាកទៅវិនិយោគលើទីផ្សារប្រេងជំនួសវិញ។ តែយ៉ាងណាលោកស្រី កត់សម្គាល់ឃើញថា នៅមួយរយៈពេលចុងក្រោយនេះ មានអតិថិជនមួយចំនួនចាប់ផ្ដើមងាកមកទិញមាសដុំច្រើនជាងមាសគ្រឿង ដើម្បីទុកលក់យកប្រាក់ចំណេញពេលទីផ្សារឡើងថ្លៃ។
ជារួមក្រុមអ្នកជំនាញទីផ្សារមាសបានសន្និដ្ឋានថា ការងើបឡើងវិញនៃហាងឆេងមាសនៅពេលនេះ គឺជះឥទ្ធិពលផ្ទាល់ពីការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាម៉េរិក និងភាពមិនច្បាស់លាស់នៃគោលនយោបាយពន្ធគយសកល ដែលកំពុងបន្តកើតមាន៕
អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វន្ថា