![ទីផ្សារមាស](https://cdn.cambonomist.com/media/images/tmrvkrmsnshrdthmrk_asdasdadasda.2e16d0ba.fill-960x540.jpg)
ការហក់ឡើងនៃអត្រាការប្រាក់លើកម្ចីមាស ឬថ្លៃជួលមាសក្នុងប្រទេសឥណ្ឌា កំពុងធ្វើឱ្យថ្លៃដើមនៃការផលិតគ្រឿងអលង្ការនៅក្នុងទីផ្សារអ្នកប្រើប្រាស់មាសធំបំផុតទី២របស់ពិភពលោកមួយនេះហក់ឡើងខ្ពស់ ហើយធ្វើឱ្យប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុនផលិតគ្រឿងអលង្ការធំៗក្នុងប្រទេសនេះធ្លាក់ចុះ។
លោក សេកា បានដារី (Shekhar Bhandari) ប្រធានផ្នែកធុរកិច្ចនៃធនាគារកូតាក់ ម៉ាហ៊ីនដ្រា (Kotak Mahindra Bank) របស់ឥណ្ឌា បានប្រាប់អ្នកសារព័ត៌មានថា អត្រាការប្រាក់លើកម្ចីមាស ឬការជួលមាស ដែលជាធម្មតាស្ថិតក្នុងរង្វង់ពី១,៥% ទៅ៣% បានហក់ឡើងលើសទ្វេដងក្នុងរយៈពេលត្រឹមតែមួយខែ ហើយអាចនឹងហក់ឡើងបន្ថែមទៀត។
លោកបានគូសបញ្ជាក់ថា ស្របពេលដែលភូមិសាស្ត្រនយោបាយទូទាំងពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា បូករួមសង្គ្រាមពាណិជ្ជកម្មអន្តរជាតិ និងហាងឆេងមាសហក់ឡើងនៅលើផ្សារហ៊ុន អត្រាការប្រាក់លើកម្ចីមាស ឬថ្លៃជួលមាសទំនងជាបន្តស្ថិតក្នុងអត្រាខ្ពស់ប៉ុន្មានខែខាងមុខទៀត។
យោងតាមទីភ្នាក់ងារព័ត៌មានធំៗបានឱ្យដឹងថា ធនាគារមាស (Bullion Bank) ទូទាំងពិភពលោកកំពុងសម្រុកដឹកជញ្ជូនមាសពីទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ប្រទេសស្វីស ក្រុងឌូបៃ និងហុងកុង ទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីលក់បានចំណេញខ្ពស់ដោយសារហាងឆេងមាសនៅលើទីផ្សារអាម៉េរិក ហក់ឡើងខ្ពស់ និងដោយសារការព្រួយបារម្ភខ្លាចសហរដ្ឋអាម៉េរិក ដំឡើងពន្ធលើការនាំចូលមាស។
ហើយអ្វីដែលជាការកត់សម្គាល់ឃើញថា ការសម្រុកបញ្ជូនមាសទៅកាន់សហរដ្ឋអាម៉េរិក បានធ្វើឱ្យអត្រាការប្រាក់លើកម្ចីមាស ឬ ថ្លៃជួលមាស (Gold Leasing Rate) នៅក្នុងទីក្រុងឡុងដ៍ ដែលជាទីផ្សារជួញដូរមាសដ៏ធំសម្បើមមួយរបស់ពិភពលោកហក់ឡើងខ្ពស់។
តើអ្វីទៅជាអត្រាការប្រាក់លើកម្ចីមាស ឬថ្លៃជួលមាស (Gold Leasing Rate)? អត្រាការប្រាក់លើកម្ចីមាស ឬថ្លៃជួលមាស គឺជាអត្រាការប្រាក់ ឬថ្លៃជួលដែលអ្នកខ្ចីត្រូវបង់សម្រាប់ការខ្ចីមាស ពោលគឺដូចគ្នានឹងការបង់ការប្រាក់ដូច្នោះដែរ។ ឧទាហរណ៍ថា ក្រុមហ៊ុនផលិតគ្រឿងអលង្ការមួយត្រូវការមាស ដើម្បីច្នៃជាគ្រឿងអលង្ការ តែពួកគេមិនចង់ទិញមាសទាំងដុលនោះទេ ដោយទៅខ្ចី ឬជួលមាសពីធនាគារ ឬក្រុមហ៊ុនផ្គត់ផ្គង់មាស ដោយសុខចិត្តផ្តល់ជាការប្រាក់ ឬថ្លៃជួល។
ហើយនៅពេលដែលតម្រូវការមាសកើនឡើងខ្ពស់ ស្របពេលការផ្គត់ផ្គង់មាសមានកម្រិតទាប ដែលមិនអាចបំពេញទាន់តម្រូវការ អត្រាការប្រាក់លើកម្ចីមាស ឬថ្លៃជួលមាស ក៏ហក់ឡើងទៅតាមនោះដែរ៕
ដោយ: តែម សុខុម