
ជាមួយគ្នានេះ មាសបានក្លាយជាទុនបម្រុងអន្តរជាតិធំបំផុតទី២របសពិភពលោកបន្ទាប់ពីប្រាក់ដុល្លារអាម៉េរិក ប៉ុន្តែតម្រូវការពីធនាគារកណ្ដាលហាក់កំពុងថយចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
តម្រូវការមាសដ៏ច្រើនសម្បើមពីបណ្ដាធនាគារកណ្តាលទូទាំងពិភពលោកបានធ្វើឱ្យមាសក្លាយជាទ្រព្យសកម្មធំបំផុតទី២នៅក្នុងទុនបម្រុងអន្តរជាតិរបស់ពិភពលោកក្នុងឆ្នាំ២០២៤ ពោលគឺបន្ទាប់ពីប្រាក់ដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍របស់ធនាគារកណ្តាលអឺរ៉ុប (ECB) ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមិថុនា។
បើតាមរបាយការណ៍ដដែលនេះ ទុនបម្រុងជាមាសពេលនេះជិតឈានដល់កម្រិតខ្ពស់បំផុត ដែលធ្លាប់បានឃើញលើកចុងក្រោយក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយ។ នៅក្នុងឆ្នាំ២០២៤ មាសមានចំណែកគ្របដណ្ដប់រហូតដល់ទៅ១៩% នៃទុនបម្រុងអន្តរជាតិផ្លូវការរបស់ពិភពលោក ដោយជែងឈ្នះប្រាក់អឺរ៉ូ ដែលមានចំណែកគ្របដណ្ដប់១៦% ខណៈដែលប្រាក់ដុល្លារអាម៉េរិកមានចំណែកគ្របដណ្ដប់រហូតដល់ទៅ៤៧%ឯណោះ។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានលើកឡើងថា ការទិញចូលមាសពីសំណាក់ធនាគារ
កណ្តាលទូទាំងពិភពលោកប្រហែលជាជិតឈានដល់កម្រិតកំណត់ហើយ ឬមានន័យថា តម្រូវការមាសពីបណ្ដាធនាគារកណ្ដាលកំពុងថយចុះ។
សូមបញ្ជាក់ថា ក្រៅពីមាសរូបិយប័ណ្ណបរទេសដែលប្រទេសមួយមាន ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងៗដូចជាក្រដាសប្រាក់ ប្រាក់បញ្ញើ មូលបត្របំណុល ប័ណ្ណរតនាគារ និងមូលបត្ររដ្ឋាភិបាលផ្សេងទៀត ក៏ត្រូវបានចាត់ទុកជាទុនបម្រុងអន្តរជាតិផងដែរ៕
ដោយ: តែម សុខុម