តម្លៃមាសចាប់ផ្ដើមកម្រើកឡើងវិញ

តម្លៃមាសចាប់ផ្ដើមកម្រើកឡើងវិញ បន្ទាប់ពីបានដាំក្បាលចុះប្រមាណពីរសប្តាហ៍កន្លងមកនេះ


ក្រោយតម្លៃមាសបានដាំក្បាលចុះនៅពីរសប្ដាហ៍កន្លងមកនេះ ឥឡូវនេះតម្លៃមាសចាប់ផ្ដើមកម្រើកឡើងវិញហើយ ដោយគិតត្រឹមរសៀលថ្ងៃទី២០ ខែវិច្ឆិកា នេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិត្រូវបានគេជួញដូរក្នុងតម្លៃ២៦៤០ដុល្លារក្នុង១អោន ឬស្មើនឹងប្រមាណ៣,១៨០ដុល្លារក្នុង១តម្លឹងនៅលើទីផ្សារកម្ពុជា។ អ្នកជំនាញជឿជាក់ថា តម្លៃឆេងនឹងបន្តកើនឡើងនាពេលខាងមុខ ប៉ុន្តែក៏អាចមានការប្រែប្រួលធ្លាក់ចុះខ្លះដែរនៅក្នុងសប្ដាហ៍ចុងក្រោយនៃខែវិច្ឆិកា នេះ។
តម្លៃមាសចាប់ផ្ដើមកម្រើកឡើងវិញ
ដោយ

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរីធី កត់សម្គាល់ឃើញថា តម្លៃហាងឆេងមាសនៅមួយរយៈពេលចុងក្រោយនេះបានហក់ឡើងថ្លៃបន្តិចវិញ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកប៉ុន្មានថ្ងៃក្រោយការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក។ បើតាមអ្នកជំនាញរូបនេះ គិតត្រឹមរសៀលថ្ងៃទី២០ ខែវិច្ឆិកា នេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ត្រូវបានគេជួញដូរក្នុងតម្លៃ២,៦៤០ដុល្លារក្នុង១អោន ឬស្មើនឹង៣,១៨០ដុល្លារក្នុង១តម្លឹងនៅលើទីផ្សារកម្ពុជា។ ទោះបីតម្លៃហាងឆេងមាសគីឡូឡើងចុះពុំទាន់មានស្ថិរភាពក៏ពិតមែន ប៉ុន្តែអ្នកជំនាញរូបនេះ ជឿជាក់ថា នៅក្នុងរយៈពេលវែងតម្លៃហាងឆេងមាសនឹងនៅតែមានការកើនឡើង ដោយសារតែបណ្ដាប្រទេសធំៗ និងធនាគារនានា នៅតែមានតម្រូវការមាសដើម្បីស្តុកទុក។ តែយ៉ាងណាលោក ឡុង សំណាង បានគូសបញ្ជាក់ថា តម្លៃហាងឆេងមាសអាចនឹងធ្លាក់ចុះនៅក្នុងពេលណាមួយដែលប្រាក់ដុល្លារអាម៉េរិកមានតម្លៃកើនឡើង។

ដោយឡែក លោកបណ្ឌិត ភី សារ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាកត់សម្គាល់ឃើញថា នៅមួយរយៈពេលចុងក្រោយនេះ តម្លៃហាងឆេងមាសគីឡូបានឡើងចុះលឿនគួរឱ្យកត់សម្គាល់ ហើយចាប់ពីពេលនេះរហូតដល់ខែធ្នូ ឆ្នាំ២០២៤ តម្លៃហាងឆេងមាសនឹងបន្តប្រែប្រួលឡើងចុះទៅតាមស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោក។ លោកបណ្ឌិត ភី សារ៉ាត់ បានអះអាងថា តម្លៃមាសនឹងអាចធ្លាក់ថ្លៃនៅចុងខែវិច្ឆិកានេះ ដោយសារជនជាតិចិននាំគ្នាសម្រុកលក់មាស ប៉ុន្តែមាសនឹងអាចឡើងថ្លៃវិញនៅអំឡុងខែធ្នូ ព្រោះជនជាតិចិនសម្រុកទិញមាសចូលវិញ ដោយសារពួកគេមានតម្រូវការនៅក្នុងពិធីបុណ្យចូលឆ្នាំចិន។ ការប្រែប្រួលតម្លៃហាងឆេងមាសនេះ ត្រូវអ្នកជំនាញរូបនេះលើកឡើងថា ពុំមានផលប៉ះពាល់អ្វីច្រើនដល់កម្ពុជានោះឡើយ ដោយសារនៅកម្ពុជាមានអ្នកនិយមប្រើប្រាស់មាសប្រមាណ២០%ប៉ុណ្ណោះ ខណៈការទិញមាសគីឡូដើម្បីទុកចំណេញ ក៏ពុំសូវមានច្រើននោះដែរ។

គួរបញ្ជាក់ថា តម្លៃហាងឆេងមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់៣,៣៦០ដុល្លារក្នុង១តម្លឹងកាលពីចុងខែតុលា ប៉ុន្តែតម្លៃមាសបានធ្លាក់ចុះវិញជាបន្តបន្ទាប់ ជាពិសេសនៅប៉ុន្មានថ្ងៃក្រោយការបោះឆ្នោជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាម៉េរិកតែម្តង៕

ត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារ ជាមួយអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចិន

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមប្រឹក្ស…

កំពូលមហាសេដ្ឋីឥណ្ឌា លោក Adani រងការចោទប្រកាន់ពីបទស៊ីសំណូក និងបោកប្រាស់

រដ្ឋអាជ្ញាអាមេរិក កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា លោក Gautam Adani ដែលជាកំពូលមហាសេដ្ឋីរបស់ឥណ្ឌា ប្រធានក្រុមហ៊ុន Ad…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ