សង្គ្រាម AI

កត្តាសំខាន់ៗ៥ ដែលកំពុងរុញច្រានសង្គ្រាម AI អាម៉េរិក-ចិនឱ្យឈានដល់របត់ដ៏ក្តៅគគុក


ទាំងសហរដ្ឋអាម៉េរិក និងចិនសុទ្ធតែមើលឃើញយ៉ាងច្បាស់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI គឺជាចំណុចកាត់សេចក្តីថ្មីមួយ នៃការប្រកួតប្រជែងអំណាចសេដ្ឋកិច្ច និងសន្តិសុខសកល។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសកាលពេលថ្មីៗថា អ្នកណាឈ្នះលើ AI អ្នកនោះ គឺជាអ្នកឈ្នះ និងគ្រប់គ្រងអ្វីៗគ្រប់យ៉ាង។
សង្គ្រាម AI
ដោយ

សារព័ត៌មាន The Straits Times នៅថ្ងៃទី២ ខែតុលា បានចោទសួរនូវសំណួរដ៏រសើបមួយថា តើមហាអំណាចអាម៉េរិក និងចិនអាចទម្លាក់ចោលការខ្វែងគំនិតគ្នាមួយឡែក ហើយចាប់ដៃគ្នាកសាងបច្ចេកវិទ្យា AI ប្រកបដោយសុវត្ថិភាព និងចីរភាពបានដែរឬទេ? ចម្លើយនៅពេលនេះ គឺភាគីទាំងសងខាងគ្មានទំនុកចិត្តលើចេតនារបស់ខ្លួនទៅវិញទៅមកឡើយ ហើយក៏គ្មាននរណាម្នាក់ព្រមបន្ថយល្បឿន សូម្បីមួយជំហានដែរ។ មានចំណុចក្តៅគគុកចំនួន៥ ដែលកំពុងរុញច្រានសង្គ្រាម AI អាម៉េរិក-ចិនឱ្យឈានដល់កម្រិតស្រួចស្រាល់បំផុត។
ទី១. សង្គ្រាមរត់ពន្ធបន្ទះឈីប និងការលួចចូលប្រើប្រាស់ពីចម្ងាយ
ចាប់តាំងពីឆ្នាំ២០២២ មក ទីក្រុងវ៉ាស៊ីនតោនបានដាក់របាំងយ៉ាងតឹងរ៉ឹងលើការនាំចេញបន្ទះឈីប AI កម្រិតកំពូលទៅកាន់ទីក្រុងប៉េកាំង ក្រោមហេតុផលសន្តិសុខជាតិ។ ទោះជាយ៉ាងណា ព្រះរាជអាជ្ញាអាម៉េរិកបានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំលើការសង្ស័យថា មានការរត់ពន្ធបន្ទះឈីប AI កម្រិតខ្ពស់របស់ក្រុមហ៊ុន Nvidia ចូលទៅកាន់ប្រទេសចិន។ សេតវិមានថែមទាំងបានចោទប្រកាន់ក្រុមហ៊ុនចិន Moonshot AI ថា បានទទួលបន្ទះឈីប Nvidia ដោយខុសច្បាប់តាមរយៈការបញ្ជាពីចម្ងាយឆ្លងកាត់ប្រទេសថៃ។ ប៉ុន្តែរដ្ឋាភិបាលចិនបានបដិសេធដាច់អហង្ការ ខណៈក្រុមហ៊ុន Moonshot AI នៅរក្សាសេចក្តីស្ងប់ស្ងាត់នៅឡើយ។
ទី២. ការលួចចម្លងសមត្ថភាពម៉ូដែល AI
រដ្ឋាភិបាលអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុនចិនចំនួន៦ រួមទាំងផ្នែក AI របស់អាណាចក្រ Alibaba ផងដែរ ថាបានប្រើប្រាស់បច្ចេកវិទ្យាត្រងចម្រាញ់ទ្រង់ទ្រាយធំ ដើម្បីចម្លងយកសមត្ថភាព នៃម៉ូដែល AI កំពូលៗរបស់អាម៉េរិកមកអភិវឌ្ឍម៉ូដែល AI ដំបូងៗរបស់ខ្លួនដោយគ្មានការអនុញ្ញាត។ ជាការឆ្លើយតប រដ្ឋាភិបាលចិនបានបកស្រាយថា ការចោទប្រកាន់ទាំងនេះ គឺជាការប្រឌិតឡើងដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។
ទី៣. ការហក់ឡើងនៃ AI ស្វ័យប្រវត្តិ និងការបាត់បង់ការគ្រប់គ្រង
នៅក្នុងឆ្នាំ២០២៦ នេះ ភ្នាក់ងារ AI ស្វ័យប្រវត្តិបានបង្ហាញខ្លួនយ៉ាងពេញលេញ ដោយពួកវាអាចបំពេញភារកិច្ចស្មុគស្មាញ និងអភិវឌ្ឍសមត្ថភាពខ្លួនឯងបាន ដោយត្រូវការការអន្តរាគមន៍ពីមនុស្សតិចតួចបំផុត។ បញ្ហានេះបានបង្កជាការភ័យខ្លាចយ៉ាងខ្លាំងពេញឧស្សាហកម្មបច្ចេកវិទ្យា ថា AI កំពុងឆ្លាតវៃរហូតដល់មនុស្សលែងអាចគ្រប់គ្រងវាបាន។ លោក ដារីយ៉ូ អាម៉ូដេ (Dario Amodei) ប្រធានក្រុមហ៊ុន Anthropic បានព្រមានថា ប្រសិនបើគ្មានរបាំងការពារថ្មីទេ AI អាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីឌីជីថល និងថែមទាំងអាចគំរាមកំហែងដល់អត្ថិភាពនៃជីវិតមនុស្សជាតិទៀតផង។ ក៏ប៉ុន្តែ អាជ្ញាធរចិនបានវាយបកវិញថា ការព្រមាននេះគ្រាន់តែជាការបំភិតបំភ័យ និងជាចេតនាអាក្រក់របស់មន្ទីរពិសោធន៍ AI អាម៉េរិកក្នុងការរារាំងគូប្រជែងតែប៉ុណ្ណោះ។
ទី៤. ការប្រជែងដណ្តើមទីផ្សាររ៉ូបូតអាការៈដូចមនុស្ស
ខណៈក្រុមហ៊ុនអាម៉េរិកសម្រេចបានវឌ្ឍនភាពធំៗជាច្រើនក្នុងការបំពាក់ AI លើរ៉ូបូតឱ្យធ្វើប្រតិបត្តិការក្នុងពិភពជាក់ស្តែង ក្រុមហ៊ុនចិន ក៏កំពុងរុញច្រានយ៉ាងសកម្មក្នុងការដាក់រ៉ូបូតឱ្យធ្វើការក្នុងឧស្សាហកម្មផលិតកម្ម និងពាណិជ្ជកម្មយ៉ាងទូលំទូលាយ ថែមទាំងប៉ងវាយលុកទីផ្សារលោកខាងលិចទៀតផង។
និងទី៥. ការប្រកួតប្រជែង AI ក្នុងវិស័យយោធា
នេះគឺជាចំណុចដ៏ក្តៅគគុក និងគ្រោះថ្នាក់បំផុត។ ការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យារបស់អាម៉េរិក មានគោលបំណងចម្បងមួយ គឺរារាំងកងទ័ពរំដោះប្រជាជនចិនមិនឱ្យទទួលបានបន្ទះឈីប AI ដ៏កំពូលរបស់អាម៉េរិក ដើម្បីយកទៅបង្កើតប្រៀបឈ្នះលើសមរភូមិប្រយុទ្ធ។ ទោះបីជាកម្មវិធី AI យោធារបស់ក្រុងប៉េកាំងត្រូវបិទបាំងយ៉ាងសម្ងាត់បំផុតក៏ដោយ ប៉ុន្តែគោលដៅរបស់ពួកគេគឺច្បាស់លាស់ណាស់។ មន្ទីរពិសោធន៍ក្នុងសាកលវិទ្យាល័យកំពូលៗចំនួន៧របស់ចិន ដែលគេប្រសិទ្ធនាមថា កូនប្រុសទាំង៧ នៃវិស័យការពារជាតិកំពុងប្រមូលផ្តុំធនធាន ដើម្បីស្វែងរកបន្ទះឈីបទំនើបៗពី Nvidia យកមកបម្រើឱ្យមហិច្ឆតាយោធារបស់ខ្លួនរៀងរាល់ថ្ងៃ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អាជ្ញាធរជប៉ុនត្រៀមបញ្ជាឱ្យក្រុមហ៊ុន Prudential Life ផ្អាកការលក់ធានារ៉ាប់រងថ្មី រយៈពេល ៣ខែ

ក្រោយរកឃើញការកេងបន្លំប្រាក់អតិថិជនរាប់លានដុល្លារ ទីភ្នាក់ងារសេវាហិរញ្ញវត្ថុជប៉ុន (FSA) កំពុងសម្របសម្រួលចុងក្រោយ ដើម្បីចេញបញ្ជាឱ្យក្រុមហ៊ុ…

សេដ្ឋវិទូថៃព្រមានថា ទឹកជំនន់អាចបង្កឱ្យថៃខាតបង់សេដ្ឋកិច្ចជាង២ពាន់លានដុល្លារ

ថៃពេលនេះកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ ដោយបានវាយប្រហារ​បេះដូងសេដ្ឋកិច្ច និងវិស័យឧស្សាហកម្មសំខាន់ៗរបស់ប្រទេស​នេះ។ រោងចក្រត្រូវបានជន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ