លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរីធី បានគូសបញ្ជាក់ថា ក្រោយធនាគារកណ្តាលសហរដ្ឋអាម៉េរិក បញ្ចុះអត្រាការប្រាក់០,៥០% នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ភ្លាមៗនោះបានជំរុញឱ្យតម្លៃមាសនៅលើទីផ្សារពិភពលោក រួមទាំងកម្ពុជា ហក់ឡើងថ្លៃខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ដោយមាស១តម្លឹងអាចលក់ចេញបានក្នុងតម្លៃប្រមាណ៣,១៣២ ដុល្លារ។ តែយ៉ាងណា តម្លៃមាសបានធ្លាក់ចុះមកវិញបន្តិចនៅថ្ងៃបន្ទាប់ ដោយបច្ចុប្បន្នមាសក្នុង១តម្លឹងមានតម្លៃត្រឹមប្រមាណ៣,០៨០ដុល្លារតែប៉ុណ្ណោះ។
ផ្អែកលើស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ អ្នកជំនាញរូបនេះវាយតម្លៃថា តម្លៃមាសនៅលើទីផ្សារពិភពលោក រួមទាំងកម្ពុជានឹងមានការប្រែប្រួលខ្លាំងជាបន្តបន្ទាប់ទៀត។ តែយ៉ាងណា លោកជឿជាក់ថា នៅពេលខាងមុខអត្រាកើនឡើងនៃតម្លៃមាសនឹងអាចមានភាគរយខ្ពស់ជាងការធ្លាក់ចុះ ដ្បិតថា ធនាគារកណ្តាលសហរដ្ឋអាម៉េរិក មានគម្រោងនឹងបញ្ចុះអត្រាការប្រាក់របស់ខ្លួនបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤នេះ។ ម្យ៉ាងទៀត បញ្ហាភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងបញ្ហាសង្គ្រាមនានា នៅតែបន្តកើតមាន បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពធូរស្រាលនៅឡើយ ក៏អាចជំរុញឱ្យតម្លៃមាសមានការកើនឡើងផងដែរ។
បើតាមការវាយតម្លៃរបស់លោក ឡុង សំណាង ស្របពេលដែលតម្លៃមាសមានការកើនឡើងខ្ពស់នៅមួយរយៈពេលចុងក្រោយនេះ ក៏បានជំរុញឱ្យមានការសម្រុកបញ្ចេញមាសលក់នៅលើទីផ្សារច្រើនផងដែរ៕