យោងតាមការចុះផ្សាយរបស់ព័ត៌មាន BBC នៅថ្ងៃទី១៤ ខែកញ្ញា លោក ម៉ាក ខានី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង តូរ៉ុនតូ (Toronto) ថា កាណាដានឹងចាប់ផ្តើមកិច្ចចរចាកម្រិតខ្ពស់នាពេលខាងមុខ ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធបំផុតមួយជាមួយសហភាពអឺរ៉ុប។ ក្នុងបេសកកម្មការទូតនៅសប្តាហ៍នេះ លោក ម៉ាក នឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស និងប្រទេសបារាំង ព្រមទាំងឡើងថ្លែងសុន្ទរកថាជាប្រវត្តិសាស្ត្រទៅកាន់សភាអឺរ៉ុប នៅក្នុងទីក្រុង ស្ត្រាស្ប៊ើក (Strasbourg) ផងដែរ។
ការផ្លាស់ប្តូរជំហរដ៏គួរឱ្យកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Wall Street Journal រាយការណ៍ថា មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បានបង្ហាញសញ្ញាបើកចំហចំពោះសំណើរបស់កាណាដាក្នុងការចូលរួមជាសមាជិកសហការ។ ទោះជាយ៉ាងណាលោក ម៉ាក ខានី បានបញ្ជាក់ច្បាស់ៗថា កាណាដាមិនមែនកំពុងដាក់ពាក្យស្នើសុំចូលជាសមាជិកពេញសិទ្ធិរបស់ EU នោះទេ ប៉ុន្តែកំពុងបង្កើតទម្រង់កិច្ចសហប្រតិបត្តិការជម្រៅបែបថ្មី។ លោកបានសង្កត់ធ្ងន់ថា កាណាដា និងអឺរ៉ុបមានតម្លៃរួម និងអាទិភាពដូចគ្នា និងមានចំណុចខ្លាំងដែលអាចបំពេញឱ្យគ្នាទៅវិញទៅមកបានយ៉ាងល្អឥតខ្ចោះ។ នៅក្នុងពិភពលោកមួយដែលប្រឈមនឹងគ្រោះថ្នាក់ និងការបែកបាក់កាន់តែខ្លាំងបណ្តាប្រទេសជាមិត្តចាំបាច់ត្រូវតែរួមដៃគ្នាយ៉ាងរឹងមាំ។
គួររំលឹកថា កាណាដា និងសហរដ្ឋអាម៉េរិកបានធ្លាក់ចូលក្នុងសង្គ្រាមពាណិជ្ជកម្មយ៉ាងស្រួចស្រាល់ ក្រោយពីកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីបានឈានដល់ភាពទាល់ច្រក និងបរាជ័យកាលពីចុងខែសីហា កន្លងទៅ ដែលបង្ខំឱ្យទីក្រុងអូតាវ៉ា ត្រូវស្វែងរកសម្ព័ន្ធមិត្តសេដ្ឋកិច្ចថ្មីនៅអឺរ៉ុប ដើម្បីជួយសម្រាលសម្ពាធ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស