រោងចក្រដ៏ទំនើបនេះ វិនិយោគដោយក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន (Saisans Investment) លើផ្ទៃដីទំហំ ១៤ ហិកតា ស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។ មកទល់ពេលនេះ ខ្សែសង្វាក់ផលិតកម្មលំដាប់អន្តរជាតិត្រូវបានដំឡើងរួចរាល់ជាស្ថាពរ ហើយក្រុមហ៊ុនកំពុងត្រៀមលក្ខណៈចាប់ផ្តើមខ្សែផលិតកម្មសាកល្បងក្នុងពេលឆាប់ៗខាងមុខ ដោយផ្តើមដំបូងជាមួយ «ត្រីកាម៉ុង» មុននឹងពង្រីកទៅផលិតត្រីទឹកសាប ដូចជា «ត្រីរៀល» ជាដើម។
លោក ងន ដេវីដសំបូរ នាយកគ្រប់គ្រងក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន បានមានប្រសាសន៍សង្កត់ធ្ងន់ពីទស្សនវិស័យនៃគម្រោងនេះថា៖ «កម្ពុជាជាដែនដីសម្បូរទៅដោយធនធានធម្មជាតិដ៏អស្ចារ្យ។ ការបង្កើតរោងចក្រនេះ គឺដើម្បីចាប់យកសក្តានុពលទាំងនោះមកកែច្នៃជាផលិតផលសម្រេចដែលមានតម្លៃបន្ថែមខ្ពស់។ អ្វីដែលយើងប្តេជ្ញាចិត្តធ្វើឱ្យខានតែបាន គឺការកសាងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើតការងារជូនប្រជាពលរដ្ឋ និងលើកកម្ពស់តម្លៃធនធានរបស់ជាតិ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ខ្មែរយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតផលិតផលដែលមានគុណភាពខ្ពស់ និងមានស្តង់ដាទទួលស្គាល់ជាអន្តរជាតិ»។
ការលេចរូបរាងនៃម៉ាកសញ្ញា «ក្រយា» បានកើតឡើងចំពេលដែលកម្ពុជាកំពុងជួបប្រទះជម្លោះជាមួយប្រទេសជិតខាង ដែលវិបត្តិនេះបានក្លាយជាកាតាលីករ (ចលករ) ជម្រុញឱ្យការពង្រឹងសមត្ថភាពផលិតកម្មខ្លួនទីពឹងខ្លួនក្នុងស្រុក កាន់តែមានសារៈសំខាន់មិនអាចខ្វះបាន។ សម្រាប់ លោក ដេវីដសំបូរ ស្ថានភាពនេះកាន់តែពង្រឹងជំនឿចិត្តយ៉ាងច្បាស់ថា ធនធានរបស់កម្ពុជាត្រូវតែបង្កើតតម្លៃ និងកែច្នៃដោយស្នាដៃកូនខ្មែរផ្ទាល់។
ដើម្បីធានាបាននូវគុណភាពខ្ពស់បំផុត និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរពិតៗ ក្រុមហ៊ុនបានចាប់ដៃគូសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍នេសាទក្នុងខេត្តកែប កំពត និងកោះកុង ដើម្បីប្រមូលទិញវត្ថុធាតុដើមត្រីស្រស់ៗ។ លើសពីនេះ គ្រឿងផ្សំរសជាតិសំខាន់ៗត្រូវបានសម្រិតសម្រាំងចេញពីផលិតផលភូមិភាគល្បីៗ រួមមាន ស្ករត្នោតកំពង់ស្ពឺ អំបិលកែប និងម្រេចកំពត។ ខ្សែសង្វាក់ផលិតកម្មនេះ មិនត្រឹមតែបង្កើតផលិតផលមួយមុខនោះទេ ប៉ុន្តែវាបានតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចទាំងមូល ចាប់តាំងពីអ្នកនេសាទ អ្នកផ្គត់ផ្គង់វត្ថុធាតុដើម រហូតដល់កម្លាំងពលកម្មក្នុងស្រុក។
«យើងចង់ឃើញបងប្អូនខ្មែរមានការងារធ្វើកាន់តែច្រើន និងចង់ឃើញធនធានខ្មែរក្លាយជាផលិតផលស្តង់ដា។ យើងមានអ្វីៗគ្រប់យ៉ាងនៅក្នុងដៃ ហើយបើយើងបន្ថែមនូវការតស៊ូ ភាពច្នៃប្រឌិត និងការវិនិយោគចំគោលដៅ ខ្មែរយើងពិតជាអាចធ្វើបាន។ និយាយឱ្យខ្លី និងសាមញ្ញគឺ ខ្មែរធ្វើបាន!» លោក ដេវីដសំបូរ បានបន្ថែម។
ការបង្កើតរោងចក្រត្រីខកំប៉ុងដ៏ធំនេះ គ្រាន់តែជាជំហានដំបូងនៃផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន ក្នុងការជម្រុញវិស័យកែច្នៃរបស់កម្ពុជានោះទេ។ លោក ងន ដេវីដសំបូរ បានបង្ហើបឱ្យដឹងផងដែរថា ក្រុមហ៊ុនមានផែនការអភិវឌ្ឍផលិតផលកែច្នៃផ្សេងៗទៀតនាពេលអនាគត ដូចជា ទឹកត្រី និងអាហារកំប៉ុងចម្រុះ ដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ នាំយកកិត្តិនាមផលិតផលខ្មែរទៅកាន់ពិភពលោក។