យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Examiner បានឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចថៃនាពេលបច្ចុប្បន្នកំពុងស្តែងចេញនូវរូបភាពផ្ទុយគ្នាយ៉ាងខ្លាំងហាក់បីដូចជាពិភពពីរផ្សេងគ្នា។ ម្ខាង គឺភាពរស់រវើកនៃលំហូរទុនវិនិយោគបរទេសរាប់ពាន់លានដុល្លារក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងមជ្ឈមណ្ឌលទិន្នន័យ ខណៈម្ខាងទៀត គឺភាពដុនដាបនៃស្ថានភាពហិរញ្ញវត្ថុរបស់ពលរដ្ឋថៃ ដែលកំពុងប្រឈមនឹងការរស់នៅទាំងលំបាកវេទនា។
លទ្ធផលស្ទង់មតិរបស់អគ្គនាយកដ្ឋានសុខភាពថៃ ដែលធ្វើឡើងលើប្រជាពលរដ្ឋចំនួន៩៤១នាក់កាលពីខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញតួលេខដ៏គួរឱ្យព្រួយបារម្ភ ដោយក្នុងនោះជាង៣២% នៃអ្នកឆ្លើយតប បានទទួលស្គាល់ថា ពួកគេបានកាត់បន្ថយការចំណាយលើអាហារូបត្ថម្ភប្រចាំថ្ងៃ រីឯជិត៦៥% បង្ខំចិត្តទិញម្ហូបអាហារថោកៗ ឬរង់ចាំទិញទំនិញដែលចុះថ្លៃពិសេស ខណៈជាង៦៤% បញ្ជាក់ថា តម្លៃអាហារបច្ចុប្បន្នថ្លៃហួសហេតុ ដែលធ្វើឱ្យពួកគេលំបាកក្នុងការទទួលបានអាហារ ដែលមានជីវជាតិគ្រប់គ្រាន់។ ជាមួយគ្នានេះជាង៣៧% បានបង្វែរមកចម្អិនអាហារហូបចុកនៅផ្ទះ និងជិត២៦% បានកាត់បន្ថយការកុម្មង់អាហារពីខាងក្រៅ។
ស្របពេលជាមួយគ្នានេះ ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមកំពុងបន្តធ្លាក់ចុះយ៉ាងគំហុក ខណៈបំណុលគ្រួសារបានស្ទុះហក់ឡើងជិត៨៦% នៃផលិតផលក្នុងស្រុកសរុប ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិទាំងមូលមានការថយចុះយ៉ាងខ្លាំង។
ទោះបីជាក្រុមហ៊ុនសាជីវកម្មធំៗនៅក្នុងប្រទេសថៃនៅតែអាចទាញយកចំណូលបានរហូតដល់៨៣% នៃចំណូលអាជីវកម្មសរុបនៅលើទីផ្សារក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋថៃរាប់លាននាក់បែរជាកំពុងរស់នៅទាំងលំបាក និងត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រាក់ឧបត្ថម្ភសុខុមាលភាពសង្គមរបស់រដ្ឋ។ ភាពផ្ទុយគ្នានេះ បានរំលេចឱ្យឃើញពីគម្លាតសេដ្ឋកិច្ចដ៏ធំធេងរវាងភាពរឹងមាំ នៃការវិនិយោគសាជីវកម្ម និងការស្រុតចុះយ៉ាងធ្ងន់ធ្ងរ នៃអំណាចទិញរបស់គ្រួសារពលរដ្ឋថៃនៅថ្នាក់មូលដ្ឋាន៕
ដោយៈ សរ សុជាតិ