ទីផ្សារមាស

វៀតណាម បន្ធូរបន្ថយការរឹតបន្តឹង និងធ្វើកំណែទម្រង់ទីផ្សារមាស ដើម្បីរក្សាស្ថិរភាពលុយដុង


ប្រទេសវៀតណាម បានដាក់ចេញផែនការបន្ធូរការរឹតបន្តឹង និងធ្វើកំណែទម្រង់ទីផ្សារមាស ដើម្បីជួយកាត់បន្ថយការប្រែប្រួលអត្រាប្ដូរប្រាក់របស់លុយដុង ពោលគឺរក្សាស្ថិរភាពរូបិយប័ណ្ណជាតិ និងដើម្បីបង្រួមគម្លាតខុសគ្នាច្រើនរវាងហាងឆេងមាសក្នុងស្រុក និងហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ។ បច្ចុប្បន្នហាងឆេងមាសនៅក្នុងប្រទេសភូមិផងរបងជាមួយកម្ពុជា មួយនេះ ធៀបនឹងហាងឆេងមាសក្នុងបណ្ដាប្រទេសក្នុងពិភពលោកខុសគ្នារហូតដល់ទៅជិត៧៦០ដុល្លារអាម៉េរិកក្នុងមួយតម្លឹង។
ទីផ្សារមាស
ដោយ

សមាគមពាណិជ្ជករមាសវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាម ដែលមានប្រជាជនសរុបប្រមាណ១០០លាននាក់ បានដាក់ចេញផែនការបន្ធូរបន្ថយការរឹតបន្តឹង និងធ្វើកំណែទម្រង់ទីផ្សារមាស ដើម្បីរក្សាស្ថិរភាពនៃតម្លៃលុយដុង និងដើម្បីបង្រួមគម្លាតខុសគ្នាឆ្ងាយរវាងហាងឆេងមាសក្នុងស្រុក និងហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ។

លោក ហ៊ុញ ទ្រុង ខាញ់ (Huynh Trung Khanh) អនុប្រធានសមាគមពាណិជ្ជករមាសវៀតណាម បានលើកឡើងក្នុងបទសម្ភាស​មួយនៅទីក្រុងហូជីមិញថា គោលនយោបាយថ្មីរបស់រដ្ឋាភិបាលវៀតណាមនេះ នឹងគ្រប់គ្រងទីផ្សារមាសបានកាន់តែល្អប្រសើរ កាត់បន្ថយការការរត់ពន្ធមាស និងជួយរក្សាស្ថិរភាពលុយដុង ដែលជារូបិយប័ណ្ណជាតិ។

សូមបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម បានដាក់ចេញផែនការបញ្ចប់សិទ្ធិផ្តាច់មុខរបស់រដ្ឋលើការនាំចូល និងនាំចេញដុំមាស ដោយអនុញ្ញាតឱ្យក្រុមហ៊ុន និងធនាគារមួយចំនួនទទួលបានអាជ្ញាប័ណ្ណជួញដូរមាសដោយផ្អែកលើអត្រាហាងឆេង ដែលគ្រប់គ្រងដោយរដ្ឋ។ ចំណាត់ការនេះធ្វើឡើងដោយសារតែហាងឆេងមាសនៅក្នុងទីផ្សារក្នុងប្រទេសវៀតណាម ខ្ពស់ជាងខ្លាំង បើធៀបនឹងហាងឆេងនៅលើទីផ្សារអន្តរជាតិ ដែលនាំឱ្យមានការរត់ពន្ធមាស និងដាក់សម្ពាធទៅលើប្រាក់ដុង។

បើតាមការអះអាងរបស់អនុប្រធានសមាគមពាណិជ្ជករមាសវៀតណាម គម្លាតតម្លៃមាសបានហក់ឡើងកាន់តែខ្ពស់កាលពីខែមុន ដោយហាងឆេងមាសនៅក្នុងប្រទេសវៀតណាមខ្ពស់ជាងហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ រហូតដល់ទៅ៧៥៨ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងគួរឱ្យភ្ញាក់ផ្អើល។

ទោះជាយ៉ាងណា បណ្ដាអ្នកវិនិយោគកំពុងរង់ចាំគោលការណ៍ណែនាំលម្អិតពីធនាគារកណ្តាលវៀតណាម ហើយក្រឹត្យស្តីពីការធ្វើកំណែទម្រង់ទីផ្សារមាសក្នុងប្រទេសនេះនឹងចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ខណៈដែលធនាគារកណ្តាលវៀតណាម កំពុងត្រៀមសារាចរណែនាំលម្អិត៕

ដោយ: តែម សុខុម




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ