ហាងឆេងមាស

ហាងឆេងមាសលើទីផ្សារអន្តរជាតិ ត្រូវបានព្យាករថា អាចនឹងហក់ឡើងលើសកម្រិតកំណត់ត្រា ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃដោយសារពាក្យសម្ដីរបស់លោក ដូណាល់ ត្រាំ


ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងជាង១% កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដែលជិតឈានដល់កម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានកាលពីអំឡុងខែតុលា ឆ្នាំ២០២៤ មក។ ការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាម៉េរិក ក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យពិភពលោកបញ្ចុះអត្រាការប្រាក់ឱ្យបានឆាប់ និងស្ថានភាពមិនច្បាស់លាស់ជុំវិញបញ្ហាពន្ធគយ បានជួយជំរុញឱ្យហាងឆេងមាសបន្តហក់ឡើងជាថ្មីរយៈពេល៤សប្ដាហ៍ជាប់ៗគ្នា។
ហាងឆេងមាស
ដោយ

ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងជាង១,២% ឈានដល់៣,៣៨៤ដុល្លារអាម៉េរិកក្នុងមួយតម្លឹងកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដែលខុសគ្នាតែជាង១៧ដុល្លារអាម៉េរិកប៉ុណ្ណោះ បើធៀបនឹងកម្រិតកំណត់ត្រាខ្ពស់បំផុត៣,៤០២ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង កាលពីអំឡុងខែតុលា ឆ្នាំ២០២៤។

លោក បាត ម៉េឡេក (Bart Melek) ប្រធានផ្នែកយុទ្ធសាស្រ្តទំនិញនៅក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុកាណាដា TD Securities បានលើកឡើងថា ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាម៉េរិក គឺជាកត្តាមួយដែលជំរុញឱ្យហាងឆេងមាសហក់ឡើង ហើយក្នុងនោះបញ្ហាពន្ធគយ ដែលលើកឡើងដោយប្រធានាធិបតី ដូណាល់ ត្រាំ គឺជាកត្តាជះឥទ្ធិពលដ៏ធំ។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ចំណាត់ការរបស់លោក ដូណាល់ ត្រាំ អាចនឹងធ្វើឱ្យតម្លៃទំនិញហក់ឡើងកាន់តែខ្ពស់ ហើយទីផ្សារមាសប្រហែលមើលឃើញថា នេះជាសញ្ញានៃការហក់ឡើងអតិផរណា ដែលទាមទារឱ្យមានការជួយគាំទ្របន្ថែមទៀតពីបណ្ដាធនាគារកណ្ដាល។

គួររំឭកថា អំឡុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យធនាគារកណ្ដាលនានាជុំវិញពិភពលោកបញ្ចុះអត្រាការប្រាក់ឱ្យបានឆាប់ ហើយការលើកឡើងរបស់លោកបានធ្វើឱ្យប្រាក់ដុល្លារអាម៉េរិកធ្លាក់ថ្លៃដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេលមួយខែនេះ។

ទន្ទឹមនេះ លោក ដូណាល់ ត្រាំ ក៏បានប្រកាសដែរថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក លើប្រទេសម៉ិកស៊ិក ប្រទេសកាណាដា ប្រទេសចិន និងសហភាពអឺរ៉ុប អាចត្រូវបានប្រកាសនៅថ្ងៃទី១ ខែកុម្ភៈ ដើមឆ្នាំ២០២៥ នេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនមេរបស់ហ្វេសប៊ុកគ្រោងជះលុយ៦៥ពាន់លានដុល្លារលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិតនៅឆ្នាំនេះ

នាយកប្រតិបត្តិក្រុមហ៊ុន Meta គ្រោងជះលុយរហូតដល់៦៥ពាន់លានដុល្លារអាម៉េរិកលើការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) នៅឆ្នាំ២០២៥ នេះ រួមទាំងការក…

ក្រុមហ៊ុនអគ្គិសនីរបស់ចិន ធំៗកំពុងជំរុញទីផ្សាររថយន្តទំនើបៗមកកាន់តំបន់អាស៊ីអាគ្នេយ៍

ក្រៅពីបញ្ចេញរថយន្តអុកឡុកទីផ្សារនៅតំបន់អឺរ៉ុប និងអាម៉េរិក រហូតដល់បស្ចិមប្រទេសប្រកាសដាក់ សម្ពាធពន្ធនាំចូល ក្រុមហ៊ុនផលិតរថយន្តចិន ធំៗ កំពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ