ទីផ្សារមាស

ក្រុមអ្នកវិភាគព្យាករថា មាសនឹងហក់ឡើងថ្លៃខ្លាំងនៅឆ្នាំ២០២៥ ដោយសារកំណើនតម្រូវការនៅតំបន់អាស៊ី


ហាងឆេងមាសដែលបច្ចុប្បន្នកំពុងធ្លាក់ចុះ ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក ត្រូវបានព្យាករយ៉ាងទូលំទូលាយថា នឹងហក់ឡើងថ្លៃខ្លាំងនៅឆ្នាំ២០២៥ ដោយសារក្រុមអ្នកវិភាគទីផ្សារមើលឃើញថា មាសនៅតែជាការវិនិយោគដ៏មានសុវត្ថិភាព ដែលមានភាពទាក់ទាញខ្លាំង ហើយការហក់ឡើងថ្លៃនេះទំនងជាត្រូវបានជំរុញដោយកំណើនតម្រូវការពីអ្នកប្រើប្រាស់ និងធនាគារកណ្តាលនៅអាស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
ទីផ្សារមាស
ដោយ

ការវិលត្រលប់របស់លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមានជាថ្មីគួរឱ្យភ្ញាក់ផ្អើលនឹងក្លាយជាប្រភពដ៏ធំមួយដែលនាំឱ្យមានការប្រែប្រួលហាងឆេងតម្លៃមាស ដែលបានហក់ឡើងថ្លៃយ៉ាងគំហុកក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដោយសារការតម្រូវការកើនឡើងខ្លាំងដើម្បីទប់ទល់នឹងអតិផរណា។ បញ្ហាភូមិសាស្ត្រ​នយោបាយ ដូចជាជម្លោះប្រដាប់អាវុធរវាងប្រទេសអ៊ីស្រាអែល ក្រុមហាម៉ាស់ ព្រមទាំងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ក៏បានជំរុញឱ្យមាសហក់ឡើងថ្លៃផងដែរ។

ជាការកត់សម្គាល់ តម្លៃមាសបានធ្លាក់ចុះចាប់តាំងពីលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតីមក ដោយហាងឆេងមាសនៅញូវយ៉ក បានធ្លាក់ចុះមកនៅត្រឹមជាង២,៥៤១ដុល្លារអាម៉េរិកក្នុងមួយអោន ឬ ៣,០១០ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង ដែលធ្លាក់ចុះពីកម្រិតខ្ពស់បំផុត២,៨០០ដុល្លារអាម៉េរិក ក្នុងមួយអោន ឬជាង៣,៤១៤ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងកាលពីចុងខែតុលា​។

ការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ ហើយមូលបត្របំណុលរបស់រតនាគារអាម៉េរិក ក៏ហក់ឡើង ជាហេតុនាំឱ្យមាសលែងសូវមានភាពទាក់ទាញដូចមុន។ ជាធម្មតាមាសមានតម្រូវការខ្ពស់ នៅពេលដែលទីផ្សារមិនសូវជឿទុកចិត្តលើធនបត្រ ឬក្រដាសប្រាក់ ប៉ុន្តែអត្រាការប្រាក់ខ្ពស់ជំរុញឱ្យទីផ្សាររក្សាទុកប្រាក់ដុល្លារ ជំនួសឱ្យមាសដែលមិនទទួលបានការប្រាក់។

លោក កូអ៊ីឈិរ៉ុ កាមេអ៊ី (Koichiro Kamei) មកពីវិទ្យាស្ថានយុទ្ធសាស្រ្តទីផ្សារបានលើកឡើងថា នៅមុនពេលបោះឆ្នោតនៅសហរដ្ឋអាម៉េរិក អ្នកវិនិយោគបានសម្រុកទិញមាសដើម្បីការពារហានិភ័យពីភាពចលាចលនយោបាយ។ បន្ទាប់ពីលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោត ការភ័យខ្លាចទាំងនោះ ក៏បានធូរស្រាល ដែលនាំឱ្យអ្នកវិនិយោគរយៈពេលខ្លីសម្រុកលក់ចេញមាសរបស់ពួកគេ។

លោក វីលៀម រ៉ាញ (William Rhind) នាយកប្រតិបត្តិក្រុមហ៊ុនអាម៉េរិក ហ្គ្រាណៃស៊ែរ (GraniteShares) បានកត់សម្គាល់ថា ការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកនេះ បានជំរុញឱ្យអ្នកវិនិយោគងាកទៅវិនិយោគលើភាគហ៊ុន ដូចជាភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងបន្ទះឈីបខ្នាតយក្ស Nvidia ជំនួសឱ្យមាស។

ហាងឆេងមាសត្រូវបានព្យាករថា នឹងងើបឡើងវិញនៅឆ្នាំក្រោយ ហើយអាចនឹងហក់ឡើងថ្លៃលើសកម្រិតកំណត់ត្រាជាប្រវត្តិសាស្ត្រទៅទៀតដោយសារកំណើនតម្រូវការ និងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ។ មាសបានហក់ឡើងដល់ជាង២,៧០០ដុល្លារក្នុងមួយអោន ឬជាង៣,២៩២ដុល្លារក្នុងមួយតម្លឹងកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ចំពេលមានភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។

ធនាគារវិនិយោគអាម៉េរិក UBS បានព្យាករថា មាសអាចនឹងឡើងថ្លៃរហូតដល់ទៅ២,៩០០ដុល្លារ ក្នុងមួយអោន ឬជិត៣,៥៣៧ដុល្លារ ក្នុងមួយតម្លឹងនៅឆ្នាំ២០២៥ ដោយសារកំណើនតម្រូវការពីអ្នកវិនិយោគជាស្ថាប័ន និងធនាគារកណ្ដាលនៅអាស៊ី ដូចជាឥណ្ឌា និងមហាយក្សចិន ជាដើម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet សម្ពោធផ្លូវហោះហើរ ហាណូយ-កូឡាឡាំពួ ជំរុញពង្រឹងការតភ្ជាប់ប្រទេសនានាក្នុងតំបន់អាស៊ាន

ភ្នំពេញ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បានសម្ពោធជាផ្លូវការនូវសេវាហោះហើរផ្ទាល់ថ្មីរបស់ខ្លួនតភ្ជាប់ទីក្រុងហាណូយ និងកូ…

អ្នកជំនាញព្រមានថា ក្រុមហ៊ុនផលិតរថយន្តធំៗបស់ពិភពលោកចាំបាច់ត្រូវចាប់ដៃគូជាមួយបណ្ដាក្រុមហ៊ុនចិន ដើម្បីអាចរស់រានបាននៅទីផ្សារចិន

ក្រុមអ្នកវិភាគក្នុងឧស្សាហកម្មរថយន្តបានព្រមានថា ពេលវេលានៅសល់មិនច្រើនឡើយសម្រាប់បណ្ដាក្រុមហ៊ុនផលិតរថយន្តបរទេសក្នុងការសម្របខ្លួនទៅនឹងទីផ្សាររថយន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ