លោកស្រី លីណា ថូម៉ាស (Lina Thomas) និងលោក ឌែន ស្ទ្រូវិន (Daan Struyven) ដែលជាអ្នកវិភាគជាន់ខ្ពស់នៅធនាគារខ្នាតយក្សអាម៉េរិក Goldman Sachs ដែលជាធនាគារវិនិយោគធំបំផុតទី២របស់ពិភពលោកនៅពេលនេះបានព្យាករថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ នឹងហក់ឡើងថ្លៃដល់២,៩១០ដុល្លារអាម៉េរិក ក្នុងមួយអោន ឬប្រមាណ៣.៥៥០ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងនៅត្រឹមដំណាច់ឆ្នាំ២០២៥នេះ។
អ្នកវិភាគជាន់ខ្ពស់ទាំងពីរបានលើកឡើងថា កត្តាដែលនាំឱ្យពួកគេពន្យារការព្យាករបែបនេះ គឺយោងទៅលើការធ្លាក់ចុះតម្រូវការទិញចូលមូលនិធិជួញដូរ ដែលផ្ដោតលើហាងឆេងមាស ឬដែលគេហៅថា មាស ETFs ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក បានកាត់បន្ថយភាពមិនប្រាកដប្រជាក្នុងទីផ្សារ។
អ្នកវិភាគទាំងនេះបានព្យាករទៀតថា ធនាគារកណ្តាលនានានឹងទិញចូលមាសជាមធ្យមចំនួន៣៨តោនក្នុងមួយខែរហូតដល់ពាក់កណ្តាលឆ្នាំ២០២៦។ យោងតាមសារព័ត៌មានអន្តរជាតិ Bloomberg បានឱ្យដឹងថា តម្រូវការមាសដែលកំពុងបន្តនេះនឹងជួយជំរុញឱ្យហាងឆេងមាសហក់ឡើងថ្លៃក្នុងរយៈពេលវែង។
សូមបញ្ជាក់ថា ទិន្នន័យផ្លូវការបង្ហាញថា តម្លៃមាសបានហក់ឡើងរហូតដល់ទៅ២៧% ក្នុងឆ្នាំ២០២៤ កន្លងទៅ ដោយសារកត្តាចម្បងមួយចំនួនដូចជាការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ តម្រូវការទិញទុកជាទ្រព្យសកម្មដ៏មានសុវត្ថិភាព និងការទិញចូលពីសំណាក់ធនាគារកណ្តាលនានាជាដើម។
ទោះជាយ៉ាងណា ការហក់ឡើងថ្លៃនៃហាងឆេងមាសបានបង្អង់ល្បឿនកាលពីអំឡុងខែវិច្ឆិកា នៅពេលដែលប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងថ្លៃ បន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក ទើបបានជាអ្នកវិភាជាន់ខ្ពស់ទាំងនេះពន្យារការព្យាកររបស់ខ្លួនពីចុងឆ្នាំ២០២៤ ដល់ពាក់កណ្ដាលឆ្នាំ២០២៦ ទើបមាសអាចហក់ឡើងថ្លៃដល់កម្រិតកំណត់ត្រាថ្មី៣,៦៦០ដុល្លារអាម៉េរិកក្នុងមួយតម្លឹង៕
ដោយ: តែម សុខុម