ធនាគារវិនិយោគដ៏ធំរបស់អាម៉េរិក Goldman Sachs បានវាយតម្លៃថា រលកថ្មីនៃភាពមិនប្រាកដប្រជាលើបញ្ហាពាណិជ្ជកម្មរបស់អឺរ៉ុប ដែលបង្កឡើងដោយសម្ពាធពន្ធរបស់សហរដ្ឋអាម៉េរិក វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរួចទៅហើយរបស់អឺរ៉ុប ខណៈដែលធនាគារវិនិយោគនាំមុខគេរបស់សហរដ្ឋអាម៉េរិកមួយនេះបានបង្កើនការព្រួយបារម្ភលើបញ្ហាពន្ធ ដែលអាចមានដោយសារតែការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។
ក្រុមសេដ្ឋវិទូនៅធនាគារ Goldman Sachs និង JPMorgan បានបញ្ជាក់ក្នុងរបាយការណ៍ពីរផ្សេងគ្នាក្នុងសប្តាហ៍នេះថា ហានិភ័យនៃសម្ពាធពន្ធគយរបស់លោក ត្រាំ និងការសងសឹករបស់អឺរ៉ុប អាចនឹងប៉ះទង្គិចខ្លាំងដល់កំណើនរបស់បស្ចិមប្រទេស។ កត្តានេះបានជំរុញឱ្យក្រុមហ៊ុន Goldman Sachs ព្យាករថា នៅក្នុងឆ្នាំ២០២៥ អត្រាផលិតផលក្នុងស្រុកសរុបនៅតំបន់ចាយប្រាក់អឺរ៉ូអាចសម្រេចបានកំណើនត្រឹមរង្វង់០,៧% ខណៈការិយាល័យស្ថិតិអឺរ៉ុបបានព្យាករថា អាចទទួលកំណើន១% ចំណែកធនាគារកណ្តាលអឺរ៉ុប កាលពីខែធ្នូ កន្លងទៅសង្ឃឹមសម្រេចបាន១,១%។
លោក ស្វេន ចារី ស្តេន (Sven Jari Stehn ) ប្រធានក្រុមអ្នកសេដ្ឋកិច្ចប្រចាំអ៊ឺរ៉ុប នៃក្រុមហ៊ុន Goldman Sachs បានអះអាងថា សម្ពាធពន្ធដែលអាម៉េរិក គ្រោងដាក់លើសហភាពអឺរ៉ុប មិនចាំបាច់ខ្ពស់ទេ ពោលគឺត្រឹមតែ១០% ក៏ល្មមនឹងអាចទាញទម្លាក់កំណើនសេដ្ឋកិច្ចនៅក្នុងប្លុកនេះ។ ក្រៅពីកំណើន GDP សូម្បីតែស្ថានភាពប្រាក់ចំណូលរបស់ពលរដ្ឋនៅសហភាពអឺរ៉ុប ក៏អាចប្រឈមមុខនឹងការធ្លាក់ចុះផងដែរ ដោយសារទំនិញអឺរ៉ុបបច្ចុប្បន្នមានចំណែកទីផ្សារនៅអាម៉េរិកយ៉ាងហោចណាស់ក៏១៥%ដែរ៕
ដោយៈ សរ សុជាតិ