ការទូទាត់ឆ្លងដែន

ធនាគារអេស៊ីលីដាពង្រីកការទូទាត់ឆ្លងដែនតាម QR ដល់ប្រទេសវៀតណាមហើយ ក្រោយអនុវត្តបានជោគជ័យនៅថៃ


ធនាគារអេស៊ីលីដា ថ្មីៗនេះបានចាប់ផ្ដើមពង្រីកប្រតិបត្តិការទូទាត់ឌីជីថលឆ្លងដែន តាមរយៈការស្កែនកូដ QR ជាមួយនឹងប្រទេសវៀតណាមហើយ បន្ទាប់ពីអនុវត្តប្រតិបត្តិការនេះបានយ៉ាងរលូននៅប្រទេសថៃ នាពេលកន្លងមក។ នេះបើតាមការបញ្ជាក់របស់លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា។
ធនាគារអេស៊ីលីដាពង្រីកការទូទាត់ឆ្លងដែនតាម QR ដល់ប្រទេសវៀតណាមហើយ ក្រោយអនុវត្តបានជោគជ័យនៅថៃ
ដោយ

ឥឡូវនេះ សម្រាប់ការធ្វើដំណើរទៅកាន់​ប្រទេសវៀតណាម ជាមួយការប្រើប្រាស់​អេស៊ីលីដាម៉ូបាល លោកអ្នកអាចធ្វើការទូទាត់​ថ្លៃទំនិញ និងសេវាកម្ម​បាននៅគ្រប់ទីកន្លែង​នៅទូទាំងប្រទេសវៀតណាម ដែលមានស្លាកសញ្ញា​ VietQR របស់ធនាគារវៀតណាម Tien Phong Commercial Joint Stock Bank (TPBank) និងឥតគិតថ្លៃសេវា។ នេះបើតាម​ការបញ្ជាក់របស់លោកស្រី សុខ សោភា សោភា ដែលបានបញ្ជាក់បន្ថែមថា ការទូទាត់តាមកូដ QR នៅប្រទេសវៀតណាម តាមអេស៊ីលីដាម៉ូបាលនេះ គឺកាត់ប្រាក់ពីគណនីប្រាក់រៀលរបស់អ្នកប្រើប្រាស់តែម្ដង។

លោកស្រីបន្ថែមថា នេះគឺជា ជោគជ័យថ្មី របស់ធនាគារ អេស៊ីលីដា ដែលជាសមាជិករបស់បាគង បានអនុញ្ញាតឲ្យអតិថិជន-សាធារណជន អាចទូទាត់ប្រាក់រៀលនៅប្រទេសវៀតណាមតាមអេស៊ីលីដាម៉ូបាល បានយ៉ាងងាយស្រួល។

លោកស្រី សុខ សោភា បានបន្តថា« ទៅប្រទេសវៀតណាម ជាមួយអេស៊ីលីដាម៉ូបាល ពិតជាងាយស្រួល ដោយលោកអ្នកអាចទូទាត់ផ្សេងៗ តាម QR Code (Scan QR) បានគ្រប់ទីកន្លែង នៅទូទាំងប្រទេសវៀតណាម ដែលមានស្លាកសញ្ញា VietQR របស់ធនាគារ Tien Phong Commercial Joint Stock Bank (TPBank) ដោយឥតគិតថ្លៃសេវា»។ លោកស្រី នាយិកាបានបន្ថែមទៀតថា លើសពីនេះលោកអ្នកអាច ទូទាត់តាម QR នៅប្រទេសវៀតណាម តាមអេស៊ីលីដាម៉ូបាល ដោយកាត់ប្រាក់ពី គណនីប្រាក់រៀល ដែលទំហំទឹកប្រាក់ទូទាត់កាត់ប្រាក់ពីគណនីវ៉លឡេត ក្នុងមួយថ្ងៃ រហូតដល់ ១២ លានរៀលនិងកាត់ប្រាក់ពីគណនីធនាគារ ក្នុងមួយថ្ងៃ រហូតដល់ ៤០ លានរៀល។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា

គួររំឭកថា ធនាគារអេស៊ីលីដា គឺជាធនាគារខ្មែរដំបូងគេ ដែលត្រូវបានអនុញ្ញាត​ឲ្យ​មានការទូទាត់តាមប្រព័ន្ធកូដ QR ឆ្លងដែន ជាមួយនឹង​ធនាគារនៅក្នុងប្រទេសថៃ ដោយក្នុងនោះ ធនាគារអេស៊ីលីដា និងធនាគារថៃ SCB បានចាប់ដៃគ្នា​សម្រេច​ដាក់ឲ្យដំណើរការ​ប្រព័ន្ធទូទាត់តាម QR ឆ្លងដែននេះ តាំងពីខែកុម្ភៈឆ្នាំ២០២០មកម្ល៉េះ។ បន្ទាប់មក ធនាគារអេស៊ីលីដា បានបន្ដពង្រីកសេវាទូទាត់ឆ្លងដែននេះជាមួយនឹងធនាគារថៃជាច្រើនទៀត ដូចជា ធនាគារ Kasikornbank (KBank), ធនាគារ Bangkok, ធនាគារ Krungthai និងធនាគារ Bank of Ayudhyaជាដើម

ក្រៅតែពីប្រទេសថៃ និងវៀតណាម ធនាគារអេស៊ីលីដា ​​ក៏កំពុង​ជំរុញការទូទាត់ឌីជីថលឆ្លងដែននេះ ជាមួយនឹងប្រទេសឡាវ និងប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតផងដែរ។

ធនាគារអេស៊ីលីដា គឺជាធនាគារពាណិជ្ជខ្មែរធំជាងគេ និងឈានមុខគេមួយ ដែលបាននិងកំពុងរជំរុញការអភិវឌ្ឍសេវាទូទាត់តាមឌីជីថលឲ្យកាន់តែប្រសើរឡើង និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ជាក់ស្ដែង នៅឆ្នាំ២០២២ កន្លងទៅ ការធ្វើប្រតិបត្តិការទូទាត់នានា និងផ្ទេរប្រាក់នៅលើអេស៊ីលីដាម៉ូបាលមានចំនួន ១៣៧លានប្រតិបត្តិការ ក្នុងទំហំទឹកប្រាក់ជិត ១៦០លានដុល្លារ បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែ ៧៧លានប្រតិបត្តិការ ជាមួយទំហំទឹកប្រាក់ប្រមាណ ៨៨លានដុល្លារប៉ុណ្ណោះ ពោលគឺ ទំហំទឹកប្រាក់ប្រតិបត្តិការនេះ មានការកើនឡើងជាង ៨០% ឯណោះ។ នេះបើតាមការអះអាងរបស់លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា។

លោកស្រីបន្ថែមថា តាមរយៈភាពរីកចម្រើននៃវិស័យនេះ លោកស្រី សុខ សោភា ជឿជាក់ថា នៅឆ្នាំ២០២៣នេះ ប្រតិបត្តិការទូទាត់នានា ក៏ដូចការផ្ទេរប្រាក់ តាមរយៈអេស៊ីលីដាម៉ូបាល នឹងកើនឡើង២ ឬ៣ដងឯណោះ បើធៀបនឹងឆ្នាំ២០២២ ខណៈដែលធនាគារអេស៊ីលីដា នៅតែបន្ដលើកទឹកចិត្តដល់អតិថិជនឆ្លាតវៃរបស់ខ្លួន ក្នុងការប្រើប្រាស់អេស៊ីលីដាម៉ូបាល ដែលជាសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ចាំបាច់ និងទំនើបទាន់សម័យសម្រាប់មនុស្សសម័យថ្មី។

គួរបញ្ជាក់ថាគិតត្រឹមខែមីនា ឆ្នាំ២០២៣នេះមានអតិថិជនប្រើប្រាស់អេបអេស៊ីលីម៉ូលបាលរបស់ធនាគារ អេស៊ីលីដាបានកើនឡើងប្រមាណ ជិតបីលាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាជិកសភាអាមេរិក រិះគន់ និងចោទប្រកាន់ខ្លាំងៗលើ TikTokថា ជាប់ទាក់ទងនឹងរដ្ឋាភិបាលចិន

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុនរបស់ TikTok លោក Shou Zi Chew កាលពីថ្ងៃទី២៣មីនា ត្រូវបានក្រុមសមាជិកសភាអាមេរិក ចោតសួរឡើងនូវសំណួរចាក់ដោត រសើបៗ…

កត្តាអ្វីខ្លះ ធ្វើឲ្យខេត្តកំពង់ស្ពឺជួបបញ្ហាប្រឈមខ្វះកម្លាំងពលកម្មច្រើនក្នុងវិស័យឧស្សហកម្ម?

ព័ត៌មាន
ចំពេលដែលរោងចក្រកាត់ដេរជាច្រើនកំពុងមានការកាត់បន្ថយការងារកម្មករកម្មការិនី ខេត្តកំពង់ស្ពឺឯណោះវិញ បែរជាមានការខ្វះកម្លាំងពលកម្មរាប់ពាន់នាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ