សេវាប័ណ្ណព្រំដែន

តើការដាក់ឱ្យអនុវត្តការផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ នឹងអាចជួយទាក់ទាញភ្ញៀវទេសចរដែរឬទេ?


រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុក នៃខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ សម្រាប់រយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ នៅក្នុងរយៈពេលអនុវត្តសាកល្បងនេះ អភិបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយប្រទេសថៃមានសិទ្ធិក្នុងការត្រួតពិនិត្យ សម្រេច និងចុះហត្ថលេខាលើប័ណ្ណព្រំដែនកម្ពុជា-ថៃ ជូនពលរដ្ឋខ្មែរ ដែលមានលំនៅឋានអចិន្ត្រៃយ៍នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សេវាប័ណ្ណព្រំដែន
ដោយ

ការសាកល្បង ការផ្តល់សេវាប័ណ្ណព្រំដែននេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា វានឹងរួមចំណែកជួយដល់ការទាក់ទាញភ្ញៀវទេសចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ ធ្វើឡើងក្នុងគោលដៅពង្រីក និងសម្រួលដល់ការចេញចូលរបស់អ្នកទេសចរទៅកាន់ខេត្តគោលដៅជាប់ព្រំដែន ដោយពុំចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន។ តែយ៉ាងណា សម្រាប់ការប្រើប្រាស់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់រូបនេះលើកឡើងថា គឺមានប្រសិទ្ធភាពតែក្នុងរយៈពេលខ្លីប្រចាំថ្ងៃប៉ុណ្ណោះ ដោយខុសពីការប្រើប្រាស់លិខិតឆ្លងដែន គឺមានប្រសិទ្ធភាពរយៈពេលវែង។

ពាក់ព័ន្ធនឹងដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃនេះដែរ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា វិធានការរបស់រដ្ឋាភិបាលនេះ វានឹងជួយសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ យ៉ាងណាមិញអ្នកជំនាញរូបនេះស្នើឱ្យថ្នាក់ដឹកនាំកម្ពុជា-ថៃ ជួយផ្សព្វផ្សាយពីគោលនយោបាយបើកចំហរលើវិស័យទេសចរណ៍នេះឱ្យបានទូលំទូលាយ ដើម្បីឱ្យពលរដ្ឋដែលរស់នៅជាប់ព្រំដែនប្រទេសទាំងពីរមានការយល់ដឹងកាន់តែច្រើនអំពីការចេញចូលឆ្លងកាត់ព្រំដែន តាមរយៈការប្រើប្រាស់សេវាប័ណ្ណព្រំដែននេះ។

សូមរំលឹកថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ពិនិត្យលើយន្តការ ដែលបានដាក់ចេញកន្លងមក និងពិនិត្យលទ្ធភាពជួយសម្រួលឯកសារចេញចូលរបស់ភ្ញៀវបរទេសតាមច្រកទ្វារព្រំដែន ដ្បិតសម្តេចយល់ថា ការធ្វើបែបនេះ វានឹងជួយសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរបរទេស និងជួយបង្កើនចំនួនភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា។

គូសបញ្ជាក់ដែរថា ការផ្ដល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ ធ្វើឡើងតាមរយៈការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងទីតាំងផ្សេងទៀតតាមការចាំបាច់ដែលកំណត់ដោយរដ្ឋបាលក្រុង ស្រុកសាមី ដោយប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ និងប្រព័ន្ធគ្រប់គ្រងប័ណ្ណព្រំដែនកម្ពុជា។ ជាមួយគ្នានេះរាជរដ្ឋាភិបាលជំរុញឱ្យរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវាប័ណ្ណព្រំដែននេះ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


តើស្ថានភាពផ្សារភាគហ៊ុនកម្ពុជាមានការប្រែប្រួលយ៉ាងណាខ្លះនៅក្នុងឆ្នាំ២០២៣ នេះ?

នៅក្នុងរយៈពេលស្ទើពេញមួយឆ្នាំ២០២៣ ស្ថានភាពសេដ្ឋកិច្ចពិភពលោកហាក់នៅតែមានភាពស្រពេចស្រពិល និងមិនទាន់អាចវិលត្រឡប់មកសភាពធម្មតាវិញបាននៅឡើយទេ ស្…

ក្រុមហ៊ុនជប៉ុន Nissan គ្រោងនាំចេញរថយន្តអគ្គិសនីផលិតនៅប្រទេសចិន ទៅកាន់ទីផ្សារពិភពលោក

ក្រុមហ៊ុនរថយន្តជប៉ុន Nissan Motor បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា ខ្លួននឹងលក់រថយន្តអគ្គិសនី ដែលផលិតនៅប្រទេសចិនទូទាំងពិភពលោក ចំពេលក្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ