ផ្សារភាគហ៊ុន

តើស្ថានភាពផ្សារភាគហ៊ុនកម្ពុជាមានការប្រែប្រួលយ៉ាងណាខ្លះនៅក្នុងឆ្នាំ២០២៣ នេះ?


នៅក្នុងរយៈពេលស្ទើពេញមួយឆ្នាំ២០២៣ ស្ថានភាពសេដ្ឋកិច្ចពិភពលោកហាក់នៅតែមានភាពស្រពេចស្រពិល និងមិនទាន់អាចវិលត្រឡប់មកសភាពធម្មតាវិញបាននៅឡើយទេ ស្របពេលវិបត្តិសាកលបានកើតឡើងជាបន្តបន្ទាប់។ ស្ថិតក្នុងស្ថានភាព ដែលសេដ្ឋកិច្ចពិភពលោកបន្តរងនូវសម្ពាធពីវិបត្តិ ទីផ្សារជួញដូរភាគហ៊ុនសាកល រួមទាំងប្រទេសកម្ពុជា ស្ទើពេញមួយឆ្នាំ២០២៣ នេះ បានជួបទាំងបញ្ហាប្រឈម និងឱកាស។
ផ្សារភាគហ៊ុន
ដោយ

អ្នកជំនាញក្នុងវិស័យផ្សារមូលបត្រកម្ពុជាកត់សម្គាល់ឃើញថា ទោះបី​ការជួញដូរភាគហ៊ុនរបស់កម្ពុជានៅឆ្នាំ២០២៣ ហាក់មានទំនោរធ្លាក់ចុះ ប៉ុន្តែសម្រាប់វិស័យផ្សារមូលបត្រកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចំនួនវិនិយោគិនមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាសញ្ញាល្អមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា កត់សម្គាល់ឃើញថា ស្ថិតក្នុងស្ថានភាពដែលពិភពលោកបន្តរងផលប៉ះពាល់ដោយសារវិបត្តិសាកល ប៉ុន្តែសម្រាប់ទីផ្សារភាគហ៊ុនកម្ពុជាស្ទើពេញមួយឆ្នាំ២០២៣ នេះ នៅតែមានការវិវឌ្ឍទៅមុខ និងរីកចម្រើនឥតឈប់ឈរ។ អ្នកជំនាញរូបនេះអះអាងថា ទោះបីស្ថិតក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ និងសេដ្ឋកិច្ចសកលជួបវិបត្តិក្តី មានវិនិយោគិនជាច្រើនបានចាប់អារម្មណ៍ចូលរួមក្នុងវិស័យនេះ ជាពិសេសក្រុមហ៊ុនក្នុងវិស័យឯកជនតែម្ដង។ សម្រាប់អ្នកជំនាញរូបនេះ ដ្បិតទំហំជួញដូរក្នុងផ្សារភាគហ៊ុននៅឆ្នាំ២០២៣ ហាក់នៅមានកម្រិត ប៉ុន្តែការកើនឡើងនូវចំនួនអ្នកវិនិយោគបានបង្ហាញពីសញ្ញាណវិជ្ជមានសម្រាប់វិស័យផ្សារមូលបត្រនៅកម្ពុជា។

ក្រៅពីក្រុមហ៊ុនឯកជន សាធារណជនកាន់តែច្រើនបានចាប់ផ្ដើមងាកមកចាប់អារម្មណ៍ស្វែងយល់ពីផ្សារភាគហ៊ុន ក៏ដូចជាចាប់ផ្ដើមសាកល្បងវិនិយោគក្នុងវិស័យនេះ។ បើតាមឯកឧត្តម ហុង សុហួរ គ្រាន់តែនៅក្នុងឆ្នាំ២០២៣ មានវិនិយោគិនប្រមាណ១ម៉ឺននាក់ បានចូលរួមវិនិយោគក្នុងវិស័យផ្សារហ៊ុន ដែលធ្វើឲ្យចំនួនវិនិយោគិនសរុបកើនឡើងដល់ជិត៥ម៉ឺននាក់ នៅត្រឹមចុងឆ្នាំ២០២៣នេះ។ ទោះបីចំនួនវិនិយោគិនមានការកើនឡើងក្តី តែបើក្រឡេកទៅមើលទំហំជួញដូរក្នុងឆ្នាំ២០២៣នេះវិញបានធ្លាក់ចុះប្រមាណ៥០% បើធៀបនឹងឆ្នាំ២០២២ ពោលគឺទំហំជួញដូរប្រចាំថ្ងៃ ជាមធ្យមក្នុងឆ្នាំនេះ បានធ្លាក់ចុះមកនៅត្រឹមប្រមាណ២៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ ខណៈកាលពីឆ្នាំ២០២២ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមមានរហូត៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។

ឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ថា ការបង្កើតផ្សារភាគហ៊ុននៅកម្ពុជានាពេលនេះ មិនត្រឹមតែរួមចំណែកសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយគាំទ្រផ្នែកទុនវិនិយោគរបស់វិស័យឯកជន តាមរយៈការបោះផ្សាយមូលបត្រកម្មសិទ្ធ និងមូលបត្របំណុល។ ដូច្នេះ ដើម្បីអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅឆ្នាំ២០២៤ ខាងមុខនេះ ផ្សារមូលបត្រកម្ពុជានៅតែបន្តសហការជាមួយអគ្គនាយកដ្ឋាននិយ័តករ និងអ្នកពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាបង្កើនការកៀគរអ្នកវិនិយោគឱ្យចូលរួមវិនិយោគក្នុងវិស័យនេះឲ្យកាន់តែច្រើនបន្ថែមទៀត ដ្បិតថា សន្ទុះនៃការវិនិយោគក្នុងវិស័យផ្សារហ៊ុននៅកម្ពុជានៅមានកម្រិតនៅឡើយ។ យ៉ាងណាមិញ អ្នកជំនាញរូបនេះ នៅតែបន្តអំពាវនាវដល់សាធារណៈជនឲ្យចូលរួមក្នុងវិស័យនេះឱ្យបានច្រើន ដើម្បីធ្វើឲ្យវិស័យនេះបន្តរីកចម្រើន អាចប្រកួតប្រជែងជាមួយប្រទេសដទៃ និងមានលទ្ធភាពជួយដល់វិស័យឯកជនឲ្យកាន់តែប្រសើរ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា ទំហំជួយដូរភាគហ៊ុនកម្ពុជា បច្ចុប្បន្នបានធ្លាក់មកនៅត្រឹម២៥ម៉ឺនដុល្លារប៉ុណ្ណោះក្នុង១ថ្ងៃ ខណៈកាលពីឆ្នាំ២០២២ ទំហំជួញដូរជាមធ្យមមានរហូតដល់៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ ការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺបណ្តាលមកពីការជះឥទ្ធិពលពីវិបត្តិសង្គ្រាម និងបញ្ហាសេដ្ឋកិច្ចសកលជាដើម ដ្បិតបញ្ហាទាំងនេះបានធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងបានធ្វើឱ្យអ្នកវិនិយោគមួយចំនួនស្ទាក់ស្ទើរក្នុងការចូលប្រឡូកក្នុងវិស័យភាគហ៊ុន។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំរូបនេះរំពឹងថា វិស័យផ្សារមូលបត្រនៅកម្ពុជានឹងបន្តរក្សាបានកំណើនវិជ្ជមានជាមួយកំណើនគណនីជួញពី៥ទៅ៦ម៉ឺនគណនីនៅត្រឹមឆ្នាំ២០២៣នេះ និង១០ម៉ឺនគណនីនៅត្រឹមឆ្នាំ២០២៤៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុនបង្ហាញបំណងចង់ទិញគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចរបស់កម្ពុជាបន្ថែមទៀត

ព័ត៌មាន
ផលិតផលគ្រាប់ស្វាយចន្ទី និងម្រេចរបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ហើយក្រុមហ៊ុនជប៉ុនមានបំណងបង្កើនក…

តើការដាក់ឱ្យអនុវត្តការផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ នឹងអាចជួយទាក់ទាញភ្ញៀវទេសចរដែរឬទេ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុក នៃខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ សម្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ