វិស័យទេសចរណ៍

កម្ពុជារំពឹងឆ្នាំ២០២៤ ជាឆ្នាំរស់ឡើងវិញនៃវិស័យទេសចរណ៍ ខណៈអ្នកជំនាញស្នើឱ្យធ្វើកំណែទម្រង់ផលិតផល និងសេវាកម្មមួយចំនួន


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញសុទិដ្និនិយមខ្ពស់ចំពោះគោលនយោបាយអភិវឌ្ឍន៍ និងស្តារវិស័យទេសចរណ៍ ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការធ្វើឱ្យប្រសើរនូវវិស័យទេសចរណ៍របស់កម្ពុជា នៅឆ្នាំក្រោយនេះ។ តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាលកម្ពុជា រំពឹងថា ឆ្នាំ២០២៤ អាចជាឆ្នាំនៃការរស់ឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសនៅខេត្តសៀមរាបតែម្តង បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំដោយសារវិបត្តិកូវីដ-១៩។
3
ដោយ

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា ផែនការស្ដារវិស័យទេសចរណ៍របស់រដ្ឋាភិបាល​នឹងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាមានការប្រែប្រួល ពិសេសតាមរយៈទំនាក់ទំនងរវាងថ្នាក់ដឹកនាំកម្ពុជា-ចិន ប៉ុន្តែរដ្ឋាភិបាលក៏គួរធ្វើការកែទម្រង់លើផលិតផលមួយចំនួនដែលពាក់ព័ន្ធនឹងទេសចរណ៍ផងដែរ។

ផែនការស្ដារវិស័យទេសចរណ៍របស់រដ្ឋាភិបាលកម្ពុជា ដែលទើបដាក់ចេញនាពេលកន្លងទៅនេះ ត្រូវបានលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ជឿជាក់ថា នៅក្នុងឆ្នាំ២០២៤ វិស័យទេសចរណ៍នឹងមានការប្រែប្រួលតាមរយៈទំនាក់ទំនងមិត្តដែកថែប ចិន-កម្ពុជា។ ទន្ទឹមគ្នានេះ អ្នកជំនាញរូបនេះសង្ឃឹមថា ភាគីចិននឹងមិនបោះបង់កម្ពុជាចោលឡើយ ហើយបន្តចូលរួមគាំទ្រលើវិស័យ​ទេសចរណ៍ និងការវិនិយោគ តាមការសន្យាដូចពេលកន្លងទៅ។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ ស្នើឱ្យរដ្ឋាភិបាល គួរធ្វើការកែទម្រង់លើផលិតផលដែលមានភាពចាំបាច់មួយចំនួន ដូចជាផលិតផលទេសចរណ៍សាសនា ទេសចរណ៍ភាពយន្ត និងផលិតផលក្នុងមូលដ្ឋានជាដើម ព្រោះផលិតផលទាំងនេះ នឹងចូលរួមចំណែកក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរ។

នៅក្នុងពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ នាថ្ងៃទី១៦ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំនៃការរស់ឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា ដ្បិតសមិទ្ធិផលព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ និងការពង្រីកហេដ្ឋរចនាសម្ព័ន្ធនានា គឺជាស្ពានសម្រាប់តភ្ជាប់រវាងកម្ពុជាទៅកាន់ពិភពលោក ដែលជាចលករដ៏សំខាន់សម្រាប់ពង្រីកជីវភាពរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា។

តាមរយៈសមិទ្ធិផលថ្មីលើទឹកដីខេត្តសៀមរាបនេះ ត្រូវបានសម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងទេសចរណ៍កំពុងធ្វើការចរចាជាមួយបណ្ដាក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា ស្របពេលដែលរដ្ឋាភិបាលកម្ពុជា-ចិន បានយកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ឬហៅថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ទន្ទឹមគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានជំរុញឱ្យអភិបាលខេត្តយូណាន នៃសាធារណរដ្ឋ ប្រជាមានិតចិន ឱ្យជួយជំរុញអ្នក វិនិយោគ និងអ្នកទេសចរចិន ធ្វើដំណើរមកកម្ពុជា ឱ្យកាន់តែច្រើន ខណៈដែលខេត្ត យូណាន និងខេត្តសៀមរាប ជាខេត្តដែលចងសម្ព័ន្ធភាពជាមួយគ្នា។

សូមបញ្ជាក់ថា នៅក្នុងការស្ដារ និងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តសៀមរាប រាជ រដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមកម្មវិធីទស្សនាសៀមរាប ឆ្នាំ២០២៤ ដែលនៅក្នុងកម្មវិធីនេះ រាជរដ្ឋាភិ បាល បានដាក់ចេញវិធានការធំៗ ចំនួន៨ចំណុច សំដៅជួយជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តនេះមានសន្ទុះងើបឡើងវិញ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


មេពន្ធដារ ណែនាំឱ្យពង្រឹងការសម្រួលពន្ធជូនវិស័យឯកជនឱ្យបានដិតដល់

ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា នៅរយៈពេល១០ខែដើមឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង៣ពាន់លានដុល្លារ ស្មើន…

ថៃនឹងទទួលបានគម្រោងវិនិយោគមានទំហំជាង៨ពាន់លានដុល្លារពីក្រុមហ៊ុនធំៗនៅអាម៉េរិក

ក្រុមហ៊ុនអាម៉េរិកយ៉ាងហោចណាស់បីបានអះអាងថា ពួកគេនឹងមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសថៃ ដោយមានតម្លៃវិនិយោគសរុបរហូតដល់ជិត៨ពាន់៥រយលានដុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ