រាជរដ្ឋាភិបាលនឹងដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ទេសចរណ៍ និងឌីជីថល

រាជរដ្ឋាភិបាលនឹងដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ទេសចរណ៍ និងឌីជីថល


រាជរដ្ឋាភិបាលកម្ពុជាត្រៀមដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាលើវិស័យសំខាន់ៗចំនួន៣រួមមានផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ទេសចរណ៍ និងឌីជីថល ដែលវានឹងដើរតួនាទីជាត្រីវិស័យដ៏សំខាន់សម្រាប់ក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងការរៀបចំផែនការ និងយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍន៍ផលិតផល និងសេវាកម្មឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន នាពិធីបើកទិវាជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រូបភាព៖ SPM Page

នាពិធីបើកទិវាជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី២៦ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាលើវិស័យសំខាន់ៗចំនួន៣បន្ថែមទៀតរួមមានផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ទេសចរណ៍ និងឌីជីថល បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម អប់រំ និងសុខាភិបាលរួចមក។ គោលដៅនៃការដាក់ចេញផែនទីបង្ហាញផ្លូវនេះ គឺដើម្បីធ្វើជាត្រីវិស័យសម្រាប់ក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំដៅជួយបង្កើនប្រសិទ្ធភាព និងអភិវឌ្ឍន៍ផលិតផល និងសេវាកម្មឲ្យកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃការអភិវឌ្ឍន៍របស់កម្ពុជា និងលើពិភពលោក។

ការដាក់ចេញផែនទីបង្ហាញផ្លូវលើវិស័យសំខាន់ៗទាំងនេះ វាក៏ស្របជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់ទុកឌីជីថលូបនីយកម្មក្នុងវិស័យសារធារណៈ និងឯកជនជាការងាអាទិភាពក្នុងការចូលរួមកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថលឲ្យស្របតាមនិន្នាការតំបន់ និងសកលផងដែរ។ លើសពីនេះ គឺដើម្បីឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច សង្គមឌីជីថលឆ្នាំ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល ដែលដាក់ផែនការប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនឹងត្រៀមដាក់ចេញផែនទីបង្ហាញផ្លូវលើវិស័យអាទិភាពសំខាន់ៗ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យសហគមន៍ជាតិ និងអន្តរជាតិចូលរួមជាមួយរាជរដ្ឋាបាលក្នុងគ្រប់ដំណាក់កាលនៃបរិវត្តកម្មឌីជីថល ដែលបានគូសបញ្ជាក់យ៉ាងច្បាស់នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយឌីជីថលរបស់កម្ពុជា។ សម្រាប់សម្តេចតេជោ ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ១៩ ការកើនកម្ដៅការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នឹងដើរតួនាទីកាន់តែសំខាន់ក្នុងការរក្សាចីរភាព នៃកំណើនសេដ្ឋកិច្ច និងជំរុញផ្លែផ្កានៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការលើកទឹកចិត្ត និងយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ធ្វើជាធាតុចូលចំនួន៥ចំណុចផងដែរ។ ក្នុងនោះសម្តេចជំរុញឲ្យផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍មូលធនមនុស្សលើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា និងជំរុញឲ្យក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវរៀបចំក្របខណ្ឌគតិយុត្តិ ជាពិសេសដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវតាមវិស័យអាទិភាព ដើម្បីពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធនវានុវត្តន៍ជាតិឲ្យឆ្លើយតបពេញលេញទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍កម្ពុជា និងការប្រែប្រួលនៃនិន្នាការតំបន់ និងសកលលោកជាដើម៕




អត្ថបទបន្ទាប់


អាមេរិកបង្ហាញក្ដីព្រួយបារម្ភចំពោះការគាំទ្ររបស់ប្រទេសរុស្ស៊ីក្នុងការជួយប្រទេសចិនផលិតអាវុធនុយក្លេអ៊ែរ

ព័ត៌មាន
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងនូវការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះលទ្ធភាពដែលប្រទេសរុស្ស៊ីអាចនឹងគាំទ្រការផលិតអាវ…

តើប៉ូលសេដ្ឋកិច្ចថ្មីចំនួន២ទៀត ដែលកម្ពុជាត្រៀមបង្កើតឡើងមានសារសំខាន់អ្វីខ្លះសម្រាប់សេដ្ឋកិច្ច?

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា កម្ពុជានឹងដាក់ខេត្តសំខាន់ៗ ដែលមានសក្កានុពលសេដ្ឋកិច្ច ជំរុញឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ច …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ