ការផលិតអាវុធនុយក្លេអ៊ែរ

អាមេរិកបង្ហាញក្ដីព្រួយបារម្ភចំពោះការគាំទ្ររបស់ប្រទេសរុស្ស៊ីក្នុងការជួយប្រទេសចិនផលិតអាវុធនុយក្លេអ៊ែរ


រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងនូវការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះលទ្ធភាពដែលប្រទេសរុស្ស៊ីអាចនឹងគាំទ្រការផលិតអាវុធនុយក្លេអ៊ែរដល់ប្រទេសចិន តាមរយៈការផ្គត់ផ្គង់វាជាមួយសារធាតុអ៊ុយរ៉ាញ៉ូមដ៏សំបូរបែប ខណៈដែលការរឹតចំណងមិត្តភាពរវាងរុស្ស៊ី និងចិនទាំងផ្នែកការទូតនិងនយោបាយកាលពីពេលថ្មីៗនេះ គឺពិតជាប្រឆាំងនឹងផលប្រយោជន៍របស់អាមេរិក ក្នុងការឈានទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
អាមេរិកបង្ហាញក្ដីព្រួយបារម្ភចំពោះការគាំទ្ររបស់ប្រទេសរុស្ស៊ីក្នុងការជួយប្រទេសចិនផលិតអាវុធនុយក្លេអ៊ែរ
ដោយ

លោក ប្ល៊ីនខិន រដ្ឋមន្ត្រីការបរទេសអាមេរិក បានសង្កត់ធ្ងន់នៅក្នុងសវនាការនោះថា ប្រទេសចិនមិនបានផ្គត់ផ្គង់អាវុធដល់​ រុស្ស៊ីនោះ​ទេ ក៏​ប៉ុន្តែលោកបានគូសបញ្ជាក់ថា ប្រទេសទាំង២នេះគឺជាដៃគូនឹងគ្នា ដោយគ្មានដែនកំណត់ ដូច្នេះហើយនាពេលអនាគត​រុស្ស៊ីអាចនឹងជួយចិនក្នុងការផលិត​អាវុធនុយក្លេអ៊ែរផងដែរ។

ក្តីកង្វល់​ថ្មី​របស់អាមេរិក​នេះ​​ បាន​កើតចេញពី​សហប្រតិបត្តិការ​នុយ​ក្លេអ៊ែរ​រវាងរុស្ស៊ី និងចិន​ ខណៈ​ដែល​នៅ​​​​ចន្លោះ​ខែកញ្ញា និងខែធ្នូ ​រុស្ស៊ីបាននាំចេញ​បរិមាណដ៏ច្រើន​នៃ​សារធាតុអ៊ុយរ៉ាញ៉ូម​សម្បូរ​ទៅដោយសារធាតុរ៉ែខ្ពស់​ទៅកាន់ប្រទេសចិន​។​ នេះបើតាម​របាយការណ៍​​កាលពីចុងខែកុម្ភៈ​ចេញ​ដោយ​​​ទី​ភ្នាក់​ងារ​ Bloomberg ដែល​បាន​​ដកស្រង់ទិន្នន័យពីក្រុមអ្នកវិភាគ​របស់​​អង់គ្លេស​​។​

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយ​ការណ៍​ថា សារធាតុអ៊ុយរ៉ាញ៉ូមនេះ​ ត្រូវបានគេចាត់ទុកថា​ ជាឥន្ធនៈសម្រាប់ដំណើរ​ការ​ម៉ាស៊ីន​​រ៉េអាក់ទ័រដ៏សំខាន់​​នៅក្នុង​ខេត្ត​ហ្វូជៀន​ (Fujian)​ នៅ​ប្រទេស​ចិន ​​ដែល​​គេរំពឹងថានឹងចាប់ផ្តើមដំណើរការនៅឆ្នាំនេះ។

លោក ចន ​ផ្លាំ (John Plumb) ជំនួយការរដ្ឋមន្ត្រីការពារជាតិ​អាមេរិក​ទទួលបន្ទុក​​ផ្នែក​គ្រប់គ្រង​គោលនយោបាយអវកាស និងនុយក្លេអ៊ែរ បាននិយាយនៅក្នុងសវនាកា​រ​កាលពីដើមខែមីនា​ថា វាជារឿងគួរឱ្យព្រួយបារម្ភណាស់ ដែលឃើញរុស្ស៊ី និងចិនអាចឈានដល់កាសហការ​គ្នា​លើបញ្ហានេះលើការផលិតនុយក្លេអ៊ែនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក​ម្នាក់​បានប្រាប់ Nikkei ថា អាមេរិកមិន​សូវ​ជា​បាន​បង្កើន​​កិច្ចសន្ទនាជាមួយប្រទេសចិនអំពីសមត្ថភាពនុយក្លេអ៊ែរ​ប៉ុន្មាន​ទេ ​ដូច្នេះ​ហើយ​​អាមេរិក​បាន​អំពាវនាវឱ្យទីក្រុងប៉េកាំងផ្តល់តម្លាភាពកាន់តែច្រើនលើ​កម្មវិធីនុយក្លេអ៊ែរ​របស់ខ្លួន។​

ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់​សភា ​គឺ​លោក ម៉ៃ ធឺនឺ (Mike Turner)​ និងសមាជិកគណបក្ស​សាធារណរដ្ឋ​ជាន់ខ្ពស់២រូប​ទៀត​បាន​​ប្រាប់​​លោក ចេក ស៊ូលីវ៉ាន (Jake Sullivan)​ ទីប្រឹក្សា​សន្តិសុខជាតិ​របស់សេតវិមាន​ថា «កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ​របស់រុស្ស៊ី និង​សាធា​រណ​រដ្ឋ​ប្រជា​មានិតចិន​​មានដំណើរការ​ហួស​ពី​​គម្រោង​​ស៊ីវិល​​ទៅ​ទៀត​»ដោយ​ពួកគេ​បាន​ប្រាប់​ឱ្យ​រដ្ឋបាល​របស់​​លោក បៃដិន ​គួរ​តែ​ប្រើ​គ្រប់​​មធ្យោ​បាយ​​តាម​លទ្ធ​ភាពរបស់​ខ្លួន​ដើម្បី​បញ្ឈប់​កិច្ចសហប្រតិបត្តិការ​ដ៏គ្រោះថ្នាក់រវាង​ក្រុម​ហ៊ុន​​ផលិត​នុយ​ក្លេអ៊ែរ​ Rosatom របស់​រុស្ស៊ី ​និង​​ប្រទេស​ចិន​។

រដ្ឋបាលរបស់​លោក បៃដិន ​​បានរកឃើញថា ​ចិនកំពុងពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន​យ៉ាង​ខ្លាំង​។ ​​នៅក្នុងរបាយការណ៍ប្រចាំឆ្នាំចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំមុន​​ មន្ទីរ​បញ្ចកោណបានប៉ាន់ប្រមាណថា ​ចិននឹងបង្កើនឃ្លាំងអាវុធរបស់ខ្លួន​៣​ដង គឺ​ឡើង​ដល់ ១៥០០ ក្បាលគ្រាប់​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០៣៥៕




អត្ថបទបន្ទាប់


អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន មានជំនឿចិត្តថា គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោតនៅខែឧសភា

ព័ត៌មាន
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសតាំងពីឆ្នាំ២០០៨នោះបាននិយាយថា លោករំពឹងថាប្រទេសថៃនឹងមានរ…

រាជរដ្ឋាភិបាលនឹងដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ទេសចរណ៍ និងឌីជីថល

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាត្រៀមដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាលើវិស័យសំខាន់ៗចំនួន៣រួមមានផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ទេសចរណ៍ និងឌីជី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ