ជាក់ស្ដែង គិតតាំងពីខែធ្នូចុងឆ្នាំ២០២១ មកដល់ជិតពាក់កណ្ដាលខែមីនានេះ តម្លៃប្រេងសាំងនៅវៀតណាមបានកើនឡើងជាង៣០% ដែលមានតម្លៃខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺជិត ៣ម៉ឺនដុងក្នុងមួយលីត្រ ឬស្មើនឹងប្រហែល៥ពាន់៣រយរៀលក្នុងមួយលីត្រ។ យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាមអះអាងថា នៅក្រោយពេលមានការកាត់បន្ថយពន្ធលើប្រេងសាំង នោះតម្លៃប្រេងសាំងវៀតណាម អាចនឹងថយចុះមកវិញប្រហែល ៧,៤%ផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានវៀតណាម Express ។
ក្រសួងហិរញ្ញវត្ថុវៀតណាម បានដាក់សំណើមួយទៅកាន់រដ្ឋាភិបាលដើម្បីជំរុញឲ្យសភាសម្រេចអនុម័តលើការកាត់បន្ថយពន្ធពាក់កណ្ដាលនៃពន្ធបរិស្ថានលើតម្លៃប្រេងសាំង។ ខណៈដែល ពន្ធប្រភេទនេះមានតម្លៃប្រមាណ ១៧សេន ក្នុងសាំងមួយលីត្រ។ សភាជាតិវៀតណាម នឹងធ្វើការពិនិត្យឡើងវិញចំពោះ ពន្ធលើប្រេងសាំងនេះ ហើយប្រសិនបើសភាពអនុម័តឲ្យមានការកាត់បន្ថយពន្ធនេះមែននោះ វានឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមេសាខាងមុខនេះតទៅ។ ការកាត់បន្ថយពន្ធនេះនឹងនឹងជួយឲ្យតម្លៃប្រេងសាំងនាពេលបច្ចុប្បន្នដែលមានប្រហែល ៥ពាន់៣រររៀលក្នុងមួយលីត្រនោះ នឹងអាចថយចុះ ប្រមាណ ៧,៤% ឬថយចុះតម្លៃជិត៤០០រៀលក្នុងមួយលីត្រ។
តម្លៃប្រេងសាំងរបស់វៀតណាម ត្រូវបានគេមើលឃើញថា បានចាប់ផ្ដើមងើបឡើងជាបន្ដបន្ទាប់តាំងពីខែធ្នូឆ្នាំមុនមកម្ល៉េះ ពោលគឺបើគិតពីខែធ្នូឆ្នាំមុនមកដល់ខែមីនាឆ្នាំនេះមានការកើនឡើងប្រមាណ៣០% កើនពីតម្លៃប្រមាណ៤ពាន់រៀលក្នុងមួយលីត្រ មកដល់តម្លៃប្រហែល៥ពាន់៣រយរៀលក្នុងមួយលីត្រ។
ផែនការកាត់បន្ថយពន្ធលើប្រេងសាំងក៏ដូចជាប្រេងម៉ាស៊ូត និងប្រេងរំអិលផ្សេងៗទៀតរបស់វៀតណាមនេះ ត្រូវបានគេរំពឹងថា នឹងអាចធ្វើឲ្យរដ្ឋាភិបាលនឹងត្រូវបាត់បង់ចំណូលប្រហែលជិត១ពាន់៣រយលានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២២។
សូមបញ្ជាក់ថា តម្លៃប្រេងសាំងនៅវៀតណាម បច្ចុប្បន្នគឺមានរួមបញ្ចូលនូវតម្លៃពន្ធក្នុងនោះ ប្រហែល៤០% រួមមានដូចជាពន្ធលើការប្រើប្រាស់ពិសេស, ពន្ធនាំចូល, ពន្ធអាករលើតម្លៃបន្ថែម (VAT), និងពន្ធបរិស្ថាន និងការចំណាយនានាជាដើម។
បើធៀបនឹងប្រទេសតំបន់អាស៊ីអាគ្នេយ៍តម្លៃប្រេងសាំងនៅក្នុងប្រទេសវៀតណាម គឺមានថ្លៃជាងប្រេងសាំងនៅកម្ពុជា, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងហ្វីលីពីនទៅទៀត។ នេះបើតាមទិន្នន័យស្ថាប័នតម្លៃប្រេងពិភពលោក៕