ប្រធានស្ថាបត្យកររបស់ក្រុមហ៊ុន បុរី ប៉េង ហួត ឲ្យដឹងថា លំហបៃតង គឺជាបេះដូងនៃគម្រោងលំនៅដ្ឋានរបស់ក្រុមហ៊ុន ពីព្រោះ ក្រុមហ៊ុនបានគិតជាចម្បងទៅលើបរិស្ថាន និងផាសុកភាព របស់អ្នករស់នៅក្នុងគម្រោង។
លំហបៃតងនៅក្នុងការអភិវឌ្ឍលំនៅដ្ឋានក្នុងទីក្រុង ត្រូវបានអ្នកជំនាញផ្នែកអចលនទ្រព្យ ឲ្យដឹងថា ជាប្រការសំខាន់ណាស់ ព្រោះ ជាការធានាចិរភាពនៃការអភិវឌ្ឍទីក្រុង និងលំនៅដ្ឋាននៅក្នុងទីក្រុង ដែលអ្នកអភិវឌ្ឍលំនៅដ្ឋាន ត្រូវគិតគូរឲ្យបានច្រើនអំពីធម្មជាតិបៃតងនៅក្នុងការរស់នៅរបស់ពលរដ្ឋក្នុងគម្រោង។
នៅពេលថ្មីៗកន្លងទៅ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ជា សុផារ៉ា ក៏បានថ្លែងជំរុញលើកទឹកចិត្តដល់អ្នកអភិវឌ្ឍលំនៅដ្ឋាន គិតគូរលៃលកទុកលំហបៃតងឲ្យបានច្រើន នៅក្នុងគម្រោងរបស់ខ្លួន ដើម្បីរួមចំណែករក្សាបរិស្ថានផង និងការរស់នៅប្រសើរឡើងរបស់អ្នករស់នៅក្នុងគម្រោងលំនៅដ្ឋានផង។
គួរជម្រាបជូនថា ក្រុមហ៊ុន បុរី ប៉េង ហួត បានចំណាយជាច្រើនទៅលើការដាំដុះ និងថែទាំដើមឈើ និងសួនបៃតងនៅក្នុងគម្រោងទាំងអស់របស់ខ្លួន៕