Advertisement
សេដ្ឋកិច្ចកម្ពុជា

ធនាគារជាតិ បង្កើនការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលប្រព័ន្ធអនុគ្រោះពន្ធ EBA កំពុងរង្គោះរង្គើ


របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០១៨ របស់ធនាគារជាតិនៃកម្ពុជា បានបង្កើនការព្យាកររបស់ខ្លួនថា កំណើនសេដ្ឋកិច្ច របស់កម្ពុជា នៅឆ្នាំ ២០១៨នេះ នៅតែមានសភាពរឹងមាំ ជាមួយនឹងការរក្សាបាននូវអត្រាកំណើន ៧ ភាគរយ ខណៈដែលក្នុងរបាយការណ៍ប្រចាំ ២០១៧ របស់ធនាគារជាតិនៃកម្ពុជាដែលបានចេញផ្សាយកាលពីពេលកន្លងទៅ ធ្លាប់បានព្យាករទុកថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៨នេះ មាន ៦,៩%។
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព៖ betterwork.org
ដោយ

ការព្យាករ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា នាពេលនេះ គឺធ្វើ​ឡើង ស្រប​ពេល​ដែលសហភាព​អឺរ៉ុប ប្រកាស​ចាត់​វិធានការ ដែល​ជាជម្រើស​ចុងក្រោយ​របស់​ខ្លួន​មួយ ក្នុងការ​សម្រេច​ដក ប្រទេស​កម្ពុជា ចេញ​ពី​ប្រព័ន្ធអនុ​គ្រោះ​ពន្ធ «អ្វីគ្រប់​យ៉ាង​លើកលែង​តែ​អាវុធ (EBA)» ដោយសារតែ​​សហភាព​​អឺរ៉ុប​​មាន​ការព្រួយ​បារម្ភ​​អំពី​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិការងារ​នៅ​កម្ពុជា និងទាមទារ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​មានដំណោះ​ស្រាយ​​សមស្រប​​ណាមួយ​​ទាក់ទិន​​នឹងបញ្ហា​ទាំងអស់​នេះ​។ ​

កម្ពុជា ត្រូវ​បានគេ​​ដឹងថា បាន​​និង​កំពុង​​​​​​ទទួល​​អត្ថប្រយោជន៍​​ជាច្រើន​​ ពី​ប្រព័ន្ធ​​អនុ​​គ្រោះពន្ធ​​មួយនេះ ​សម្រាប់​​ការនាំ​ចូល​ទំនិញ​​ទៅកាន់​​សហភាព​​អឺរ៉ុប​ ដូចជា​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​កសិកម្ម​ជាដើម​។  

Advertisement

ដ្បិតតែ​យ៉ាងនេះ​ក៏ដោយ របាយការណ៍​ដែលធនាគារ​ជាតិ​នៃកម្ពុជា​ បានចេញ​ផ្សាយ​ប្រចាំ​ឆមាស​ទី១ ឆ្នាំនេះ បានឲ្យ​ដឹងថា កម្ពុជា​នៅតែមាន​ស្ថានភាព​កំណើន​សេដ្ឋកិច្ច​រឹងមាំ ពោលគឺ ក្នុងអត្រា​កំណើន ៧% នៅ​ឆ្នាំ២​០១៨នេះ ដោយ​ត្រូវបាន​​គាំទ្រ​ដោយ​កំណើន​នៅក្នុង​វិស័យ​​សំខាន់ៗ​​មួយ​​ចំនួន ដូចជា វិស័យឧស្សាហកម្ម​​មានការ​​ចូលរួម​​ចំណែក​ ១០,២% វិស័យ​​សេវាកម្ម មាន​ ៦,៥% និង​វិស័យ​កសិកម្ម ២% ។

យ៉ាងណា​ក៏ដោយ​ចុះ បើតាម​ការព្យាករ ពីស្ថាប័នអន្តរ​ជាតិ​ធំៗ នាពេល​កន្លង​មក ដូចជា មូល​និធិ​រូបិយវត្ថុ​អន្តរ​ជាតិ IMF បាន​ព្យាករថា កំណើន​សេដ្ឋកិច្ច កម្ពុជា ២០១៨​នេះ មានក្នុង​អត្រា ៦,៨% ខណៈ​ដែល​ធនាគារ​ពិភពលោក​បានព្យាករ​ថា មានអត្រា​កំណើន ៦,៩%។

របាយការណ៍ ធនាគារជាតិ​​បាន​បង្ហាញថា បើមើល​​ទៅលើ ជញ្ជីងទូទាត់​​​កម្ពុជា សម្រាប់​​ឆមាសទី១ ឆ្នាំនេះ ​នៅតែ​បន្ត​មាន​អតិរេក ប្រមាណ​ជាង ២៨៩ លានដុល្លារ​អាមេរិក ស្មើនឹង​ប្រមាណ ២,៤% នៃ ផសស ដែលមាន​កម្រិត​មួយទាប​ជាងគ្រា​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​មាន ៨,៥% នៃ​ ផ.ស.ស។ ជាមួយគ្នា​នេះ គណនី​ចរន្ដ មានឱន​ភាពប្រមាណ​ជាង ១ពាន់​លានដុល្លារ​អាមេរិក ឬស្មើ​នឹង ៩,៥% នៃ ផ.ស.ស។ រីឯលំ​ហូរវិនិយោគ​ផ្ទាល់​ពីបរទេស​វិញ បានកើន​ឡើង​ជាង ២៨% មាន​សមាមាត្រ ជាង​ ១០% នៃ ផ.ស.ស​។

របាយការណ៍​ធនាគារ​ជាតិនៃ​កម្ពុជា បានឲ្យ​ដឹងទៀត​ថា ទុនបម្រុង​អន្តរជាតិ​ដុល​ នៅឆ្នាំ​២០១៨ បាន​កើនឡើង​ដល់ទៅ​ជាង ៩​ ពាន់​លាន ដុល្លារ​អាមេរិក និងអាច​ធានាការ​នាំចូល​ទំនិញ និងសេវា​បានរហូត​ដល់ ​៦ខែ​។ របាយ​ការណ៍​​ដដែលនេះ បញ្ជាក់​ថា កម្រិត​​ខ្ពស់នៃ​​ទុន​បម្រុង​អន្តរជាតិ​នេះ បានពង្រឹង​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន មកលើ​ភាពធន់​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា។   

របាយការណ៍អំពីការព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា (ហ្វេប៊ុកផ្លូវការ របស់ធនាគារជាតិនៃកម្ពុជា)

បើពិនិត្យ​ទៅមើល​អត្រា​អតិផរណា​ជា​មធ្យម នៅឆមាស ទី១ ឆ្នាំ២០១៨នេះ មានកម្រិត​ត្រឹមតែ ២,៦% ប៉ុណ្ណោះ ដែលជា​អត្រាមួយ​ទាបជាង​គ្រា​ដូចគ្នាកាល​ពីឆ្នាំ ២០១៧ ដែល​មាន ៣,៥%។ ក្នុងនោះ កត្តាចម្បង​ដែលធ្វើ​ឲ្យអតិផរណា​ទាប ដោយ​សារតែមាន ការថមថយ​នៃកំណើន​ថ្លៃម្ហូប​អាហារ​ពី ៤,៥% មកនៅ ២,៦% ។ នេះបើ​តាមការ​បញ្ជាក់​នៅក្នុង​របាយការណ៍​របស់ធនាគារជាតិ​នៃកម្ពុជា​។

តាម​របាយការណ៍​ថវិការ​សង្ខេប ឆ្នាំ ២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក៏ធ្លាប់​បានព្យាករ​ដែរថា​ ផលិតផល​ក្នុងស្រុក​សរុប សម្រាប់​មនុស្ស​ម្នាក់ នៅឆ្នាំ ២០១៨ នឹងកើន​ឡើង​ដល់ ១.៥៦៨ ដុល្លារ​អាមេរិក​ ខណៈដែល​កាល​ពី​ឆ្នាំ​​២០១៧ មាន ត្រឹមតែ ១.៤៣៥ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។  

សូម​ជម្រាបថា ការធ្វើ​ពាណិជ្ជកម្ម របស់​កម្ពុជា នៅឆ្នាំ​២០១៧ ក៏បាន​បង្ហាញ​ពីកំណើន​ល្អគួរ​ឲ្យកត់​សម្គាល់​​ផងដែរ តួយ៉ាង ការនាំចេញ​របស់កម្ពុជា​សរុប​មាន រហូតដល់ ជាង ១១ ពាន់​លានដុល្លារ​អាមេរិក​ ដែលបាន​នាំចេញ​ទៅកាន់​ប្រទេស ជាទីផ្សារ​គោលដៅ​សំខាន់ៗ មាន​ដូចជា អាមេរិក អង់គ្លេស អាល្លឺម៉ង់ ជប៉ុន និងចិនជាដើម។ល។  រីឯការនាំ​ចូលរបស់​កម្ពុជា​វិញ មានរហូត​ដល់ ជាង ១៥ ពាន់លាន​ដុល្លារ​អាមេរិក ហើយ​ប្រទេស ដែល​កម្ពុជានាំចូល​ផលិត​មកច្រើន​ជាងគេ មានដូចជា ចិន ថៃ វៀតណាម សាំងហ្គាពួរ និង​ជប៉ុន​ជាដើម​។ល។​

ទោះជាយ៉ាង​ណា ការប្រកាស​ដកកម្ពុជា​ចេញពី​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ EBA របស់​សហភាព​អឺរ៉ុបនេះ នៅតែជា​ក្ដីកង្វល់​មួយ​សម្រាប់​អ្នកសេដ្ឋកិច្ច​មួយចំនួន ដោយ​ពួកគេ​យល់ថា កម្ពុជាអាច​នឹងបាត់​បង់​ប្រយោជន៍​ច្រើន ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របូតចេញ​នេះ។ 

ប៉ុន្ដែ បើតាម មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋា​ភិបាល ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខា​ធិកា​រ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​ ធ្លាប់​បានលើក​ឡើងថា មែនទែន​ទៅ ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA នេះ នឹងមិន​ស្ថិត​នៅជាមួយ​កម្ពុជា បាន​រហូត​នោះទេ ពោលគឺ​វានឹង​ត្រូវបាត់​បង់​នៅថ្ងៃណា​មួយ ព្រោះ​ប្រព័ន្ធអនុ​គ្រោះពន្ធ​នេះ គឺមាន​សម្រាប់តែ​ប្រទេស​​មានការ​អភិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ (LDC) ដូច្នេះ ​ប្រសិនបើ​កម្ពុជា ឡើង​ឋានៈ​ហួស​ពីនេះ ច្បាស់​ណាស់ កម្ពុជា​នឹងត្រូវ​របូត EBA នេះហើយ។ ហើយ​បើតាម ការព្យាករ​ពី​ឯកឧត្តម វង្ស៊ី វិស្សុត បើមិន​មានអ្វី​ដែលជា​ស្ថានភាព​ប្រែប្រួល​ទេ EBA នេះ នឹងត្រូវ​បាត់បង់ នៅឆ្នាំ​២០២៣ នៅពេល​ដែលកម្ពុជា​បានឆ្លង​ផុត​ពីឋានៈ​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច (LDC)៕ 

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញលើកទឹកចិត្តឲ្យមានលំហបៃតងច្រើននៅក្នុងគម្រោងលំនៅដ្ឋានបែបបុរី

ព័ត៌មាន
លំហបៃតង គឺជាចំណុចស្នូលនៅក្នុងការរចនាប្លង់មេនៃគម្រោងលំនៅដ្ឋាននីមួយៗរបស់ក្រុមហ៊ុន បុរី ប៉េង ហួត។ ដើមឈើនៅតាមផ្លូវ សួនឧទ្យានខៀវស្រងាត់ ...

ធនាគារជាតិ ក្រើនរម្លឹកដល់ធនាគារនិងគ្រឹះស្ថានឥណទាន មិនឲ្យយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារជាការធានាសម្រាប់ការផ្តល់កម្ចី

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានក្រើនរម្លឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានទាំងអស់ មិនត្រូវយកអត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ