ឯកសាររបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande ដែលបានផ្សាយកាលពីថ្ងៃអង្គារ សប្តាហ៍នេះបានលើកឡើងថា ដោយសារតែក្រុមហ៊ុននេះមិនគោរពតាមកាតព្វកិច្ចសងប្រាក់តាមការជូនដំណឹងអំពីការអនុវត្តកាតព្វកិច្ចបំណុលនោះ តុលាការប្រជាជនចិន នៅសង្កាត់ណានសា (Nansha) ក្នុងទីក្រុងក្វាងចូវ បានដាក់កំហិតការចំណាយលើក្រុមហ៊ុន China Evergrande និងលោក វ៉េ កាយ៉ាន លើអ្វីដែលមិនចាំបាច់សម្រាប់ជីវិត ឬអាជីវកម្មរបស់លោក។
បើតាមច្បាប់របស់ប្រទេសចិន បុគ្គលដែលស្ថិតក្រោមការរឹតបន្តឹងលើការចំណាយបែបនេះត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរតាមយន្តហោះ ការទិញអចលនទ្រព្យ ឬចុះឈ្មោះកូនរបស់ពួកគេចូលរៀននៅសាលាឯកជន ដែលស្ថិតក្នុងបម្រាម។ នាយកប្រតិបត្តិមួយចំនួននៅតាមក្រុមហ៊ុនដែលទទួលខុសត្រូវផ្ទាល់ចំពោះកាតព្វកិច្ចបំណុល ក៏ត្រូវប្រឈមនឹងការរឹតបន្តឹងដូចគ្នានេះដែរ។
វាមានរយៈពេលជិត៣ឆ្នាំហើយ ដែលក្រុមហ៊ុនដែលធ្លាប់ជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតនៅប្រទេសចិនមួយនេះបានខកខានសងបំណុលរបស់ខ្លួន និងបានបង្កឱ្យមានវិបត្តិអចលនទ្រព្យអូសបន្លាយយូរ ដែលបានបន្ថែមសម្ពាធលើប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។
ប្រទេសចិន កំពុងលើកទឹកចិត្តប្រជាជនឱ្យទិញអចលនទ្រព្យ ដោយអាជ្ញាធរចិន បានលុបចោលការរឹតបន្តឹងលើការទិញលំនៅឋាន និងប្រាប់ធនាគារឱ្យផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ ដើម្បីឱ្យពួកគេអាចបញ្ចប់គម្រោងសាងសង់លំនៅឋានរបស់ពួកគេបានទាន់ពេលវេលា។ ទោះយ៉ាងណាក៏ដោយ ការលក់ផ្ទះថ្មីនៅក្នុងរយៈពេល១០ខែដំបូងឆ្នាំនេះ បានបន្តធ្លាក់ចុះមកនៅត្រឹមប្រហែល៩៣០ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺទាបជាងប្រហែលពាក់កណ្តាលនៃកម្រិតកំពូលនៃការលក់នៅឆ្នាំ២០២១។ នេះបើតាមទិន្នន័យចុងក្រោយរបស់ការិយាល័យស្ថិតិរបស់ប្រទេសចិន។
បើតាមរបាយការណ៍បណ្ដោះអាសន្នដែលចេញផ្សាយកាលពីឆ្នាំមុន ក្រុមហ៊ុន China Evergrande មានបំណុលសរុបជាង៣៣១ពាន់លានដុល្លារ។ លោក វ៉េ អាយុ៦៦ឆ្នាំបានបង្កើតក្រុមហ៊ុននេះក្នុងឆ្នាំ១៩៩៦ ហើយបានបើកដំណើរការអចលនទ្រព្យ ដើម្បីប្រែក្លាយក្រុមហ៊ុន Evergrande ទៅជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ប្រទេសចិន ប៉ុន្តែលោកបានជាប់វិបត្តិមួយចំនួនតាំងពីខែកញ្ញា ឆ្នាំ២០២៣ម្ល៉េះ៕
អត្ថបទ៖ សុខ មង្គល