អាជីវកម្ម

សហគ្រិន​រូប​នេះ​បង្កើត «BanhJi» ជួយ SME ឲ្យទទួលបានកម្ចី ដោយមិនបាច់មានទ្រព្យបញ្ចាំ


សហគ្រាសខ្នាត និង មធ្យម (SME) តែងតែប្រឈមនឹងបញ្ហាខ្វះដើមទុន ដើម្បីពង្រីកអាជីវកម្ម ដែលធ្វើឲ្យអាជីវកម្មរបស់ពួកគេ បោះជំហាន​យឺតយ៉ាវ។ ការរង់ចាំសន្សំប្រាក់ចំណេញ ដើម្បីធ្វើជាដើមទុនក្នុងការពង្រីកអាជីវកម្ម គឺពិតជាប្រើពេលវេលាយូរណាស់។ ម្ចាស់សហគ្រាសខ្លះ មានទ្រព្យបញ្ចាំនៅធនាគារ ដើម្បីបានប្រាក់តិចតួច ពង្រីកអាជីវកម្ម ខណៈម្ចាស់អាជីវកម្មខ្លះទៀត មិនមានទ្រព្យបញ្ចាំដែលកំពុងរាំងស្ទះដល់ការងារពង្រីកមុខរបររបស់ខ្លួន។
លោក ស៊ឹម ចាន់គីរីរត្ន សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន BanhJi Pte.Ltd
ដោយ

លោក ស៊ឹម ចាន់គីរីរត្ន សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន BanhJi Pte.Ltd  ដែលផ្តល់ Software គណនេយ្យ ដល់ម្ចាស់អាជីវកម្ម ឲ្យប្រើប្រាស់ដោយមិនគិតថ្លៃ។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុនរបស់លោក បានសម្របសម្រួល ដល់ម្ចាស់អាជីវកម្មខ្នាតតូច និង មធ្យម (SME) ឲ្យទទួលបានប្រាក់កម្ចី ដោយមិនចាំបាច់មានទ្រព្យបញ្ចាំឡើយ។

ខាងក្រោមនេះ គឺជាបទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកសារព័ត៌មានរបស់គេហទំព័រខេមបូណូមីស ជាមួយ លោក ស៊ឹម ចាន់គីរីរត្ន ប្រធានក្រុមហ៊ុន​ BanhJi Pte. Ltd ៖

លោក រ៉ឹម ភារី ៖ ជាបឋម ខ្ញុំចង់ឲ្យលោកជួយជម្រាបពីសាវតាខ្លះៗ របស់ក្រុមហ៊ុន BanhJi «បញ្ជី»។

លោក ស៊ឹម ចាន់គីរីរត្ន៖ ក្រុមហ៊ុន BanhJi ជាក្រុមហ៊ុនខ្មែរ បានបង្កើតនៅឆ្នាំ២០១៣ និង បានចុះបញ្ជីជាផ្លូវការឆ្នាំ២០១៦ នៅប្រទេសសិង្ហបុរី។ បច្ចុប្បន្ន យើងមានបុគ្គលិក ដែលសុទ្ធសឹងជាជនជាតិខ្មែរចំនួន ១០នាក់។ 

BanhJi គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលផ្តល់សេវាឲ្យសហគ្រាស ធុនតូច និង មធ្យម (SME) ដើម្បីឲ្យពួកគាត់ទទួលបានសាច់ប្រាក់បានលឿន និង ធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព  ដោយផ្អែកលើទិន្នន័យហិរញ្ញវត្ថុ មានន័យថា យើងជួយសម្រួលឲ្យគាត់ទទួលបានកម្ចី ដោយគ្មានទ្រព្យបញ្ចាំពីស្ថាប័នហិរញ្ញវត្ថុ ដោយផ្អែកលើទិន្នន័យ ហិរញ្ញវត្ថុរបស់គាត់នៅលើ Software របស់យើង។  

លោក រ៉ឹម ភារី ៖ ហេតុអ្វីលោកបង្កើតក្រុមហ៊ុន BanhJi?  

លោក ស៊ឹម ចាន់គីរីរត្ន ៖ វាជាបញ្ហាអាទិភាពរបស់ប្រទេសកម្ពុជា ដែលចង់ជំរុញ SME ឲ្យរីកចម្រើន។ ហើយដើម្បីឲ្យ SME រីកចម្រើនបាន SME ត្រូវការលុយដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ ដែលមូលហេតុនេះ ទើបយើងជួយសម្រួលលើបញ្ហាហ្នឹង។       

លោក រ៉ឹម ភារី ៖ តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានកម្ចីដោយមិនចាំបាច់មានទ្រព្យបញ្ចាំ?

លោក ស៊ឹម ចាន់គីរីរត្ន៖ លក្ខខណ្ឌទីមួយ គាត់ត្រូវតែជាក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ និងលក្ខខណ្ឌទីពីរ គឺត្រូវមានមានបញ្ជីគណនេយ្យត្រឹមត្រូវ។ តាមពិត ក្រុមហ៊ុនយើងបានផ្តល់ Software គណនេយ្យឲ្យ SME ដោយឥតគិតថ្លៃ នៅពេលគាត់ប្រើ គាត់មានទិន្នន័យ គាត់ចង់បានទិន្នន័យហ្នឹង ទៅខ្ចីលុយ យើងយកទិន្នន័យហ្នឹងជួយសម្របសម្រួលឲ្យគាត់បានខ្ចីលុយ។ ឧបមាថា គាត់ជាអ្នករកស៊ី  គាត់ត្រូវការមានបញ្ជីគណនេយ្យ។ 

ដូច្នេះ គាត់ត្រូវប្រើ Software របស់ពួកខ្ញុំ បើគាត់ចង់ខ្ចីលុយធនាគារ តែអត់ទ្រព្យបញ្ចាំ ប៉ុន្តែ គាត់មានបញ្ជីគណនេយ្យមួយដែលពេញលេញ។ ដូច្នេះ ខ្ញុំអាចសម្របសម្រួលយកបញ្ជីគណនេយ្យ ឲ្យទៅធនាគារ ហើយធនាគារគេវិភាគ ទើបឲ្យខ្ចីលុយបាន។ មិនមែនមានតែគំនិត អាចទៅខ្ចីលុយ គេកើតទេ ទាល់តែជាក្រុមហ៊ុនដែលដំណើរការរួចហើយ។ ការធ្វើបែបនេះ ជាការជួយសម្រួលដល់ SME ដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួន។

នេះជាវេបសាយ www.banhji.com

លោក រ៉ឹម ភារី៖ ព័ត៌មានហិរញ្ញវត្ថុ គឺជារឿងអាថ៌កំបាំង តើ Software គណនេយ្យ របស់លោកមានសុវត្ថិភាពកម្រិតណា?

លោក ស៊ឹម ចាន់គីរីរត្ន៖ សំណួរនេះ មានអតិថិជនតែងតែសួរដែរ ថាតើប្រាកដទេ ដែល Data នេះមិនត្រូវបានគេលួច(Hack)? ខ្ញុំបានប្រាប់ទៅវិញថា ខ្ញុំមិនប្រាកដ100ភាគរយនោះទេ ប៉ុន្តែ BanhJi បានសហការជាមួយក្រុមហ៊ុនដ៏ធំរបស់ពិភពលោក Amazon ក្នុងការតំឡើងប្រព័ន្ធនេះឡើង។ 

ក្រុមហ៊ុន Amazon ដែលមានទុនរាប់ពាន់លានដុល្លារ ដែលគេក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក សួរថា តើគេអាចមានសមត្ថភាពលួច(Hack) Data ពីក្រុមហ៊ុន Amazon បានឬអត់?

លោក រ៉ឹម ភារី ៖ លោកលើកឡើងថា ក្រុមហ៊ុន BanhJi ផ្តល់ Software គណនេយ្យ ដោយមិនគិតថ្លៃ តើក្រុមហ៊ុនរបស់លោក រកចំណូលតាមរបៀបណា? 

លោក ស៊ឹម ចាន់គីរីរត្ន ៖ ចំណូលក្រុមហ៊ុន ទទួលបានពីការទូទាត់វិក័យបត្រ SME  និង ផ្តល់សេវាបង្រៀន និងបណ្តុះបណ្តាល SME ក្នុងការប្រើប្រាស់ Software ហ្នឹង។ ចុងក្រោយ អាចទទួលបានចំណូលពីការសម្រួលពួកគាត់ដែលអាចឲ្យគាត់ទទួលបានកម្ចីពីធនាគារ។   

លោក រ៉ឹម ភារី ៖ តាមពិតទៅ ក្រុមហ៊ុន«បញ្ជី» មិនមែនជាស្ថាប័នហិរញ្ញវត្ថុដែលផ្តល់ប្រាក់កម្ចីដោយផ្ទាល់ទេ ចុះតើក្រុមហ៊ុនរបស់លោក បានសហការជាមួយស្ថាប័នហិរញ្ញវត្ថុណាខ្លះ?

លោក ស៊ឹម ចាន់គីរីរត្ន ៖ យើងចាប់ដៃគូជាមួយ មីក្រូហិរញ្ញវត្ថុ AMK និង កំពុងធ្វើការនេះជាមួយធនាគារ ភ្នំពេញពាណិជ្ជ ដែលគាត់មានគម្រោងផ្តល់ប្រាក់កម្ចីដោយគ្មានទ្រព្យបញ្ចាំដោយផ្អែកលើទិន្នន័យរបស់យើង។

លោក រ៉ឹម ភារី ៖ ចាប់តាំងពីបង្កើតរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន BanhJi មានអតិថិជនប៉ុន្មាន? នៅប្រទេសណាខ្លះ?       

លោក ស៊ឹម ចាន់គីរីរត្ន ៖ បច្ចុប្បន្ន អតិថិជនមកទទួលសេវារបស់ក្រុមហ៊ុន BanhJi មានច្រើនជាង៩០០ក្រុមហ៊ុននៅកម្ពុជា និង ច្រើនជាង១០ក្រុមហ៊ុន នៅក្នុងប្រទេសឡាវ ព្រោះ យើងបានទៅដល់ប្រទេសឡាវហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Nashville ជា​"ទីក្រុង​តន្ត្រី​"ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​អាមេរិក

ព័ត៌មាន
Nashville ជា​ទីក្រុង​នៃ​រដ្ឋ Tennessee ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក។ ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ១លាន ៩សែន​នាក់…

ការ​អភិវឌ្ឍ​ទីក្រុង​នៅ​រាជ​ធានី​ភ្នំពេញ នៅតែ​ប្រឈម​នឹង​បញ្ហា​ច្រើន ខណៈអ្នកជំនាញកំពុងព្រួយបារម្ភ

ព័ត៌មាន
នៅ​ឆ្នាំ​២០១៨ កំណើន​ប្រជាជន​រស់នៅ​តំបន់​ទីក្រុង​នឹង​កើន​ឡើង​ដល់​ជាង ៣​លាន​នាក់ ខណៈ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ដុតដៃ​ដុត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ