ការចូលរួមលក់ភាគហ៊ុនរបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន

អ្នកឧកញ៉ា គួច ម៉េងលី រំពឹងការចូលរួមលក់ភាគហ៊ុនរបស់ក្រុមហ៊ុនខ្លួន ជួយឲ្យផ្សារភាគហ៊ុនកាន់តែទាក់ទាញ


ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិនរបស់អ្នកឧកញ៉ា គួច ម៉េងលី បានសម្រេចចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិក្នុងផ្សារមូលបត្រកម្ពុជានៅឆ្នាំនេះដើម្បីរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងវិស័យភាគហ៊ុននៅកម្ពុជា។ អ្នកឧកញ៉ា គួច ម៉េងលី រំពឹងថា ការចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន នឹងជួយទាក់ទាញប្រជាពលរដ្ឋឲ្យងាកមកចាប់អារម្មណ៍លើវិស័យភាគហ៊ុននៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
អ្នកឧកញ៉ា គួច ម៉េងលី រំពឹងការចូលរួមលក់ភាគហ៊ុនរបស់ក្រុមហ៊ុនខ្លួន ជួយឲ្យផ្សារភាគហ៊ុនកាន់តែទាក់ទាញ

បើគ្មានការប្រែប្រួលទេក្រុមហ៊ុននេះនឹងបោះផ្សាយលក់ភាគហ៊ុនជាផ្លូវការនៅអំឡុងខែមេសា ឆ្នាំ២០២៣ ខណៈបច្ចុប្បន្នមានអ្នកវិនិយោគជាង១ពាន់នាក់ហើយបានកក់ភាគហ៊ុនរបស់ក្រុមហ៊ុននេះ។ គោលបំណងនៃការឈានជើងចូលផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន គឺដើម្បីកៀរគរទុនសម្រាប់ពង្រីកវិសាលភាពអប់រំរបស់ក្រុមហ៊ុននេះឲ្យកាន់តែធំបន្ថែមទៀត ដែលជាគោលដៅថ្នាក់ដឹកនាំក្រុមហ៊ុននេះគ្រោងពង្រីកឲ្យបានគ្រប់២៥រាជធានីខេត្ត។

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះការឈានជើងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនខ្លួនក្នុងការជួយធ្វើឲ្យវិស័យមូលបត្រកម្ពុជាកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ អ្នកឧកញ៉ា ជឿជាក់ថា តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនអ្នកឧកញ៉ា នឹងធ្វើឲ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍វិស័យភាគហ៊ុនឡើងវិញ និងកាន់តែខ្លាំងបន្ថែមទៀត។ អ្នកជំនួយក្នុងវិស័យអប់រំរូបនេះ ក៏រំពឹងផងដែរថា ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន ដែលជាក្រុមហ៊ុនអប់រំចូលរួមផ្សារភាគហ៊ុនដំបូងនឹងក្លាយជាគំរូ ដល់ក្រុមហ៊ុន SME ផ្សេងទៀតក្នុងការសិក្សា ដើម្បីចូលរួមបោះផ្សាយលក់ភាគហ៊ុនទៅថ្ងៃអនាគត។

បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា គួច ម៉េងលី ក្រៅពីកៀរគរទុនសម្រាប់ពង្រីកសាខាសាលា AIS និង Aii ដែលជាគោលបំណងធំ ការឈានជើងចូលផ្សារភាគហ៊ុននេះ ក៏ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍន៍វិស័យមូលបត្រកម្ពុជា និងសេដ្ឋកិច្ចកម្ពុជា ដែលកំពុងជួបការលំបាកដោយសារឥទ្ធិពលនៃមេរោគរាតត្បាតកូវីដ-១៩ និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចចិន និងអាមេរិក និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

អ្នកឧកញ៉ា គួច ម៉េងលី កត់សម្គាល់ឃើញថា ក្រោយក្រុមហ៊ុនរបស់អ្នកឧកញ៉ាប្រកាសពីគម្រោងចូលរួមបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា គឺទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីមហាជន ជាពិសេសអាណាព្យាបាលរបស់សិស្សានុសិស្សក្នុងការចូលរួមទិញភាគហ៊ុនរបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន។ ទោះបីការបោះផ្សាយលក់ភាគហ៊ុនមិនទាន់ធ្វើឡើងជាផ្លូវការក៏ដោយ តែបច្ចុប្បន្នមានអ្នកវិនិយោគជាង១ពាន់នាក់ហើយបានកក់ភាគហ៊ុនរបស់ក្រុមហ៊ុននេះ។ តាមគម្រោងក្រុមហ៊ុននេះនឹងបោះផ្សាយលក់ភាគហ៊ុននៅអំឡុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

នាសិក្ខាសាលាស្វែងយល់ពីផ្សារមូលបត្រកម្ពុជា និងត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ធិកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣​ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យខេសិន ក្នុងការចូលរួមទាក់ទាញក្រុមហ៊ុនផ្សេងៗឲ្យមកចូលរួលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា។ ​ការវាយតម្លៃបែបនេះ ក៏ក្រុមហ៊ុននេះឈានមុខមួយនៅកម្ពុជា និងជាក្រុមហ៊ុនក្នុងវិស័យអប់រំដំបូងគេ ដែលបានចូលរួមបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា។

ថ្នាក់ដឹកនាំរូបនេះអះអាងថា នៅឆ្នាំ២០២៣ នេះមានក្រុមហ៊ុនចំនួន៧គ្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណ ឬមូលបត្របំណុល ហើយតាមរយៈការបង្ហាញបំណងចង់ចូលរួមរបស់ក្រុមហ៊ុនទាំងនេះធ្វើឲ្យឯកឧត្តមរំពឹងថា ការជួញដូរភាគហ៊ុននៅផ្សារភាគហ៊ុនកម្ពុជានឹងអាចកើនដល់១០០លានដុល្លារនៅឆ្នាំ២០២៣។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៨បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ៩ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ ក្រុមហ៊ុនទាំងនេះប្រមូលទុនវិ​និយោគបានប្រមាណ៣១៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នៅឆ្នាំ២០២២ ការជួញដូរភាគហ៊ុនមានជាមធ្យម៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ៕




អត្ថបទបន្ទាប់


តើចំណូលគយ និងពន្ធដារ បានជួយឲ្យកម្ពុជាអាចកាត់បន្ថយការពឹងផ្អែកលើថវិកាពីខាងក្រៅបានកម្រិតណា?

ព័ត៌មាន
នៅក្នុងរយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជា ទទួលបានចំណូលសារពើពន្ធសរុបជាង ៦ពាន់លានដុល្លារ បានកើនឡើងលើសផែនការ ២៧%។ ក្នុងនោះ ថវិកាដែលទទួលបានពី…

HANUMAN VIP LOUNGE នៅផ្សារទំនើប AEON MALL សែនសុខ ចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ

ព័ត៌មាន
ដើម្បីជាតម្រូវការ នឹងភាពងាយស្រួលដល់អតិថិជនដែលតែងតែគាំទ្រនូវគម្រោងលំនៅឋានរបស់ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman Estate) បានបើកដំណើរក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ