យោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់ នៃរដ្ឋឈូងសមុទ្រចំនួន៣ បានបង្ហើបថា ពេលនេះពួកគេលែងចង់ឃើញការដកដៃរបស់អាម៉េរិកពាក់កណ្ដាលទីទៀតហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនសម្ពាធយ៉ាងខ្លាំងដើម្បីអូសទាញរដ្ឋឈូងសមុទ្រឱ្យចូលរួមក្នុងសម្ពន្ធភាពសង្រ្គាមអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ លោក ត្រាំ ត្រូវការជាចាំបាច់នូវសំឡេងគាំទ្រពីមហាអំណាចអារ៉ាប់ ដើម្បីបង្កើនភាពស្របច្បាប់ នៃយុទ្ធនាការយោធារបស់ខ្លួនលើឆាកអន្តរជាតិ។
លោក អាបឌុឡាហ្ស៊ីស សាហ្គើរ (Abdulaziz Sager) ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវឈូងសមុទ្រ ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានលើកឡើងថា អ៊ីរ៉ង់បានដើររំលងខ្សែបន្ទាត់ក្រហមហើយ។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាកាលពីមុនក្រុមប្រទេសអារ៉ាប់ធ្លាប់ចេញមុខការពារអ៊ីរ៉ង់ និងប្រឆាំងសង្រ្គាមយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេលដែលមិត្តក្លាយជាសត្រូវ ដែលហ៊ានបើកការវាយប្រហារលើផ្ទះរបស់ពួកគេ នោះការអត់ឱនក៏ត្រូវបានបញ្ចប់។
អ៊ីរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនទៅលើអាកាសយានដ្ឋាន កំពង់ផែ រោងចក្រផលិតប្រេង និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងរដ្ឋឈូងសមុទ្រចំនួន៦ និងថែមទាំងរារាំងការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស ដែលជាមូលដ្ឋានគ្រឹះ នៃសេដ្ឋកិច្ចរបស់ប្រទេសឈូងសមុទ្រទៀតផង។ ការវាយប្រហារទាំងនេះ បានសង្កត់បន្ថែមលើការភ័យខ្លាចរបស់ប្រទេសក្នុងឈូងសមុទ្រ ដែលគិតថា ការបណ្ដោយឱ្យអ៊ីរ៉ង់ មានអាវុធវាយប្រហារ ឬនៅតែមានសមត្ថភាពផលិតអាវុធសំខាន់ៗបាន អាចធ្វើឱ្យអ៊ីរ៉ង់ កាន់តែហ៊ានយកច្រកដឹកជញ្ជូនថាមពលរបស់តំបន់ធ្វើជាចំណាប់ខ្មាំងនៅពេលណា ដែលភាពតានតឹងកើនឡើងកាន់តែខ្លាំង។
ស្របពេលដែលសង្រ្គាមឈានចូលដល់សប្តាហ៍ទី៣ អណ្តាតភ្លើងវាយប្រហារតាមអាកាសរបស់អាម៉រិក និងអ៊ីស្រាអែល បានឆាបឆេះកាន់តែខ្លាំង។ មេដឹកនាំប្រទេសនៅតំបន់មជ្ឈិមបូព៌ាយល់ថា ប្រសិនបើលោក ត្រាំ មិនអាចបំបាក់ចង្កូមយោធារបស់អ៊ីរ៉ង់ឱ្យចុះខ្សោយទាំងស្រុងនៅពេលនេះទេ នោះវានឹងនៅតែបន្តគំរាមកំហែងដល់ស្ថិរភាពតំបន់ជារៀងរហូត។ ហើយប្រសិនបើអាម៉េរិក ដកថយមុនពេលភារកិច្ចត្រូវបានបញ្ចប់ នោះបណ្តាប្រទេសនៅអារ៉ាប់នឹងត្រូវប្រឈមមុខជាមួយអ៊ីរ៉ង់ដោយខ្លួនឯងជាក់ជាមិនខាន៕
អត្ថបទៈ សួន ឡង់ទី