កោះតៃវ៉ាន់

ការស្ទង់មតិ៖ ពលរដ្ឋតៃវ៉ាន់ជាងពាក់កណ្តាលមិនជឿថា អាមេរិកនឹងចូលមកជួយឡើយ ប្រសិនចិនចូលវាយប្រហារ


ចំនួនពលរដ្ឋពាក់កណ្តាលនៃកោះតៃវ៉ាន់ មិនជឿថាសហរដ្ឋអាមេរិក និងលើកទ័ពចូលមកជួយពួកគេឡើយ ប្រសិនបើថ្ងៃណាមួយចិនចូលវាយប្រហារមកលើកោះតៃវ៉ាន់មែននោះ។ នេះបើផ្អែកលើការស្ទង់មតិចុងក្រោយមួយទៅលើប្រជាជននៃកោះតៃវ៉ាន់ របស់ស្ថាប័នមូលនិធិមតិសាធារណៈរបស់តៃវ៉ាន់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ការស្ទង់មតិចុងក្រោយនេះ គឺចំនួនអ្នកដែលមិនជឿថាអាមេរិកចូលមកជួយតៃវ៉ាន់ មានការកើនឡើងខ្លាំង បើធៀបនឹងការស្ទង់មតិ កាលពីមុនពេលដែលរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែន។
តៃវ៉ាន់-អាមេរិក
ដោយ

លទ្ធផល​ស្ទង់​មតិ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មេ​សា ដោយ​អង្គការ​មូលនិធិ​មតិ​សាធារណៈ​របស់​តៃវ៉ាន់​បង្ហាញ​ថា ជិត​៥៤%​នៃ​អ្នក​ដែល​បាន​ចូលរួម​ស្ទង់​មតិ មិន​ជឿ​ទាំងស្រុង​ទេ​ថា រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​មក​ការពារ​កោះ​តៃវ៉ាន់​ដោយ​ផ្ទាល់ បើសិនជា​ប៉េ​កាំ​ចូលលុក​លុយ​។ ចំនួន​នេះ​កើនឡើង​ពី​ជិត ២៩% ពី​ការ​ស្ទង់​មតិ​កាលពី​ខែតុលា​ឆ្នាំ​មុន ពោល​គឺ​នៅ​៤​ខែ​មុន​ការ​ចូល​ឈ្លានពាន​របស់​រុ​ស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​ពលរដ្ឋ​តៃវ៉ាន់​ប្រមាណ ៣៦%​នៃ​អ្នក​ដែល​បាន​ធ្វើការ​ស្ទង់​មតិ​ប៉ុណ្ណោះ ដែល​បង្ហាញ​ការ​ជឿជាក់​ថា កងកម្លាំង​អា​មេ​រិ​ក​នឹង​ត្រូវ​បាន​បញ្ជូន​មក ដើម្បី​ការពារ​កោះ​មួយ​នេះ​។ នៅ​ក្នុង​ការ​ស្ទង់​មតិ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ស​ប្តា​ហ៍​មុន​ដដែល​នេះ ក៏​បាន​បង្ហាញ​ដែរ​ថា មាន​ពលរដ្ឋ​តៃវ៉ាន់​ជិត ៣៩% ជឿ​ថា ទីក្រុង​ប៉េ​កាំ​ង​នឹង​ឈ្លានពាន​តៃវ៉ាន់​។

ក្រុម​អ្នក​ឃ្លាំមើល និង​ស្រាវជ្រាវ​កា​រវិ​វត្ត​នៃ​ស្ថានការណ៍​អន្តរជាតិ បាន​និយាយ​ថា ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន គឺជា​ហេតុផល​ដ៏​ធំ​បំផុត ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​តៃវ៉ាន់​បាត់បង់​ទំនុកចិត្ត​លើ​សហរដ្ឋអាមេរិក​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ បៃ​ឌិន បាន​ច្រាន​ចោលការ​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​នេះ​បាន​ចោទ​ជា​សំណួរ​ពី​កោះ​តៃវ៉ាន់​ឡើង​ថា តើ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ឆ្លើយ​ដូច​គ្នា​ដែរ​ឬទេ ប្រសិនបើ​ទីក្រុង​ប៉េ​កាំ​ង​ពិតជា​ឈ្លានពាន​ក្រុង​តៃប៉ិ​ដូចដែល​រុ​ស្ស៊ី​ធ្វើ​លើ​អ៊ុយ​ក្រែ​ន​។

សូម​ជម្រាប​ថា សហរដ្ឋអាមេរិក​បាន​រក្សា​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ តែ​មិន​ច្បាស់លាស់​បែប​នេះ​ជាមួយ​កោះ​តៃវ៉ាន់​អស់​ពេល​ជា​យូរយារ​មក​ហើយ ទាក់ទង​ទៅ​នឹង ថា​តើ​ខ្លួន​នឹង​ការពារ​ក្រុង​តៃប៉ិ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ណាមួយ​ដែរ​ឬទេ​។ សន្ធិសញ្ញា​ទំនាក់ទំនង​តៃវ៉ាន់​ឆ្នាំ​១៩៧៩ អនុញ្ញាត​ឲ្យ​មានការ​លក់​អាវុធ និង​ទម្រង់​នៃ​ការ​គាំទ្រ​ផ្នែក​យោធា​ផ្សេង​ទៀត ប៉ុន្តែ​ក្រុង​វ៉ា​ស៊ី​ន​តោន​មិន​មាន​កាតព្វកិច្ច អន្តរា​គម​ផ្នែក​យោធា​នោះ​ទេ ប្រសិនបើ​កោះ​មួយ​នេះ​ត្រូវ​បាន​វាយប្រហារ​។

ភាព​តានតឹង​ត្រីភាគី​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​តែ​បន្ដ​ក្ដៅ ទោះ​ពិភពលោក​ងាក​ក្រសែភ្នែក​ទៅ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក្ដី​។

ជាក់ស្ដែង នាវា​ពិឃាត​អា​មេ​រិ​ក យូ​អេស​អេស សាម​សុ​ន​(USS Sampson) បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​ថ្មី​ម្តងទៀត​ហើយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មេ​សា​។

យោធា​ចិន​នៅ​ថ្ងៃ​ពុធ​ទី​២៧​មេ​សា បាន​ថ្កោលទោស​សហរដ្ឋអាមេរិក បន្ទាប់​ពី​នាវាចម្បាំង​របស់​ខ្លួន​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ជា​ផ្លូវ​នាវាចរ​ដ៏​រសើប ដោយ​ចោទប្រកាន់​ថា សកម្មភាព​បែប​នេះ ជា​ចេតនា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព​និង​ស្ថិរភាព​តំបន់​។

យោធា​អា​មេ​រិ​កបាន​ចេញ​មក​ឆ្លើយ​តប​វិញ​ភ្លាម​ៗ​ដោយ​លើក​ឡើង​ថា ការ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ គឺជា​ទម្លាប់​នៃ​កងទ័ព​អា​មេ​រិ​ក ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ ក្នុង​ដែនទឹក​អន្តរជាតិ​។

គួរ​បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​បាន​និង​កំពុង​ធ្វើ​នាវាចរណ៍​បែប​នេះ ប្រហែល​មួយ​ខែ​ម្តង ដែល​សកម្មភាព​នេះ បាន​ដុត​កំហឹង​ក្រុង​ប៉េ​កាំ​ង​យ៉ាង​ខ្លាំង​។ ចិន​ចាត់​ទុក​វា​ជា​សញ្ញា​នៃ​ការ​គាំទ្រ​ដល់​កោះ​តៃវ៉ាន់​។ កោះ​តៃវ៉ាន់ ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ ប៉ុន្ដែ​ប៉េ​កាំ​ង​តែង​ចាត់​ទុក​កោះ​មួយ​នេះ ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន និង​គ្មាន​ថ្ងៃ​កាត់​ផ្ដាច់​ពី​ចិន​បាន​ឡើយ​។

សហរដ្ឋអាមេរិក ក៏​ដូច​ជា​ប្រទេស​ភាគច្រើន​ទៀត​ដែរ មិន​មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ទេ ប៉ុន្តែ​អា​មេ​រិ​ក​គឺជា​ខ្នងបង្អែក​ដ៏​ក្រាស់ និង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​សម្រាប់​តៃវ៉ាន់​។ ទ​ង្វើ​ទាំងនេះ​ហើយ ជា​ប្រភព​នៃ​ភាព​តានតឹង​ឥត​ឈប់​ឈរ មើល​មុខ​គ្នា​មិន​ត្រង់ រវាង​រដ្ឋអំណាច​លោក​ស៊ី ជី​ន​ពីង និង​រដ្ឋការ​លោក​ចូ បៃ​ឌិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦២លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍកម្ពុជា

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជ…

សកម្មភាពអាកាសចរណ៍សកលលោកហក់ឡើងខ្ពស់នៅដើមឆ្នាំ២០២២

ព័ត៌មាន
សកម្មភាពក្រុមហ៊ុនអាកាសចរណ៍ពិភពលោក បានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងដើមឆ្នាំ២០២២នេះ ពីព្រោះតែមានតម្រូវការងើបឡើងវិញនៃការធ្វើដំណើរនៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ