នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យក្រសួងសាធារណការខិតខំដោះស្រាយបញ្ហា និងពន្លឿនការងារដែលនៅសេសសល់ឲ្យបានចប់សព្វគ្រប់ និងទាន់ពេលវេលា ដើម្បីរួមចំណែកជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពរីកចម្រើនបន្ថែមទៀត។ ការជំរុញនេះធ្វើឡើងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កេតឃើញថា សមិទ្ធផលការងារ ដែលក្រសួងសាធារណការសម្រេចបាន កាលពីឆ្នាំ២០២២ នៅសេសសល់ការងារមួយចំនួនមិនទាន់អាចឆ្លើយតបនឹងផែនការដែលបានដាក់ចេញទាំងស្រុងនោះទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន កត់សម្គាល់ឃើញថា បើទោះពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយក្តី តែបញ្ហាអស្ថេរភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលជាពិសេសសង្គ្រាមនៅអ៊ុយក្រែននៅតែបន្តជះឥទ្ធិពលអវិជ្ជមានដល់ការស្ថារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងបរិការណ៍មិនប្រាកដប្រជានេះ រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព្រមទាំងប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ជាវិស័យអាទិភាពនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅធានាឲ្យបាននូវឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ និងតំបន់ ការចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគពីបរទេស។
ដើម្បីរួមចំណែកជាធាតុចូលក្នុងការជំរុញ និងពន្លឿនការអនុវត្តការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យកាន់តែលឿន និងមានប្រសិទ្ធភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញយុទ្ធសាស្ត្រមួយចំនួន សំដៅជួយបង្កើនប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមបង្គាប់របស់ក្រសួងសាធារណការ។ ក្នុងនោះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចជំរុញឲ្យក្រសួងសាធារណការបន្តសហការឲ្យកាន់តែជិតស្និតជាមួយឧត្តមក្រុមប្រឹក្សាជាតិ ដើម្បីបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមរយៈការរកមធ្យោបាយឈ្នះៗជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាកកស្ទះ និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅច្រកទ្វារព្រំដែនអន្តរជាតិ។ មួយវិញទៀតជំរុញការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងដំណើរការសាងសង់ និងគម្រោងជាអាទិភាព និងជាទិសដៅសម្រាប់ការអភិវឌ្ឍន៍នៅឆ្នាំ២០២៣ ដើម្បីបញ្ចប់ឲ្យបានទាន់ពេលដូចផែនការដែលបានគ្រោងទុក។
បន្ថែមលើនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជំរុញឲ្យក្រសួងសាធារណការបន្តជំរុញការសិក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនទៅកាន់តំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសប៉ូលសេដ្ឋកិច្ចទី៣ ក៏ដូចជាគាំទ្រឲ្យមានការសាងសង់ និងស្តារគុណភាពផ្លូវជាតិ ផ្លូវខេត្ត និងស្ពានសំខាន់ៗបន្ថែមទៀត ដើម្បីធ្វើឲ្យការតភ្ជាប់របស់កម្ពុជាឲ្យកាន់តែមានភាពព្រទាក់ក្រឡាគ្នាទាំងក្នុងក្របខណ្ឌផ្ទៃប្រទេស និងតំបន់។ ជាមួយគ្នានេះ ក្រសួងត្រូវផ្តល់អាទិភាពលើគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ក៏ដូចជាគិតគូពីផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុមកលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ មួយវិញទៀត ត្រូវយកចិត្តទុកដាក់ពន្លឿននីតិវិធីក្នុងការអនុវត្តលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវបានចុះហត្ថលេខារួចហើយលើកម្ចីសម្បទានជាមួយភាគីមិត្ត ជាពិសេសស្ពានមិត្តភាពកម្ពុជាកូរ៉េពីផ្សារចាស់ទៅអរិយក្សត្រដែលនឹងក្លាយជានិមិត្តរូប(Landmark)របស់កម្ពុជា។
ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញឲ្យក្រសួងសាធារណការពន្លឿនការសិក្សាលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនធនស្រាលនៅរាជធានីភ្នំពេញ និងក្រុងសៀមរាប និងផ្លូវរថភ្លើងល្បឿលឿនភ្នំពេញ-ប៉ោយប៉ែត ដែលជាគម្រោងអាចនឹងតភ្ជាប់ទៅកាន់ប្រទេសឡាវ ថៃ និងចិន។ បន្ថែមលើនេះឯកឧត្តមជំរុញឲ្យក្រសួងសាធារណការសហការជាដៃគូពាក់ព័ន្ធ និងពន្លឿនការសិក្សា និងរៀបចំគម្រោង និងគោលនយោបាយប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មកម្ពុជាផងដែរ៕