ចេកអំបូងលឿងនៅខេត្តកំពតមានទីផ្សារល្អ

ចេកអំបូងលឿងនៅខេត្តកំពតមានទីផ្សារល្អ ខណៈអាចនាំចេញបានជាង២០ម៉ឺនតោនក្នុងមួយឆ្នាំៗ


ប្រធានមន្ទីរកសិកម្មខេត្តកំពតបានអះអាងថា ចេកអំបូងលឿងដែលដាំដុះនៅក្នុងខេត្តកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនបានប្រមាណជាង ២០ម៉ឺនតោនក្នុងមួយឆ្នាំៗ ខណៈដែលផ្លែចេកអំបូងលឿងនេះ គឺជាប្រភេទផ្លែឈើស្រស់ទី១របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ទៅលក់នៅលើទីផ្សារប្រទេសចិនជាផ្លូវការ ជាលើកដំបូងកាលពីឆ្នាំ២០១៩។ អ្នកជំនាញ និងជាអ្នកជំនួញក្នុងការនាំចេញផ្លែចេកអំបូងលឿង បានអះអាងដែរថា ការនាំចេញផ្លែចេកអំបូងលឿងនៅឆ្នាំនេះ គឺមានភាពល្អប្រសើរច្រើ ហើយក៏រំពឹងថានឹងមានកំណើនខ្ពស់ជាងឆ្នាំមុនផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពត» នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា មាន​ក្រុមហ៊ុនចំនួន២ ដែលវិនិយោគលើដំណាំចេកនៅខេត្តកំពត រួមមាន ក្រុមហ៊ុន វើលទ្រីសារ របស់ឧកញ៉ា ស្រ៊ុន ងួន និង ក្រុមហ៊ុន ឡង មេត អេហ្គ្រីខល​ឈ័រ របស់ឧកញ៉ ហ៊ុន ឡាក់ ដែលក្រុមហ៊ុននេះបានចាប់ផ្តើមវិនិយោគតាំងពីឆ្នាំ២០១៨ លើផ្ទៃដីជាង៤០០ហិកតា និងបានចាប់ផ្តើមនាំចេញទៅប្រទេសចិនដំបូងនៅឆ្នាំ២០១៩។ ខណៈបច្ចុប្បន្ន ផ្ទៃដីដាំដុះចេកអំបូងលឿង មាន​ចំនួនជាង ១ពាន់ហិកតា ​ក្នុងនោះផ្ទៃដីដែលប្រមូលផលបានមានចំនួន ៦៦១ហិកតា ដោយទទួលបានទិន្នផលប្រមាណ ៤៣តោនក្នុងមួយហិកតា ហើយអាចនាំចេញបានទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ចំនួនជាង ២០ម៉ឺនតោន ក្នុងមួយឆ្នាំៗ។

អ្នកជំនួញក្នុងការនាំចេញផ្លែចេកស្រស់ និងជាអគ្គនាយកក្រុមហ៊ុន ឡង មេត អេហ្គ្រីខល​ឈ័រ ឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា ការនាំចេញផ្លែចេកស្រស់នៅឆ្នាំនេះ គឺមានភាពល្អប្រសើរ និងមានកំណើនជាងឆ្នាំមុន ជាក់ស្តែង ក្នុង១ខែដំបូងឆ្នាំនេះ ក្រុមហ៊ុនរបស់លោក បាននាំចេញផ្លែចេកស្រស់ចំនួនប្រមាណជាង ២ម៉ឺន៨ពាន់តោន ដោយក្នុងនោះ ៩០% បាននាំចេញទៅកាន់ប្រទេសចិន និងគិតជាទឹកប្រាក់ប្រមាណ ១៨លានដុល្លារ ដែលជាមធ្យោមក្នុងមួយតោនអាចលក់បានក្នុងតម្លៃប្រមាណ ៥០០ដុល្លារ ទៅ៦០០​ដុល្លារ។ ឧកញ៉ា ហ៊ុន ឡាក់ បានបន្ថែមថា ប្រសិនមិនមានការរំខានពីបញ្ហាអាកាសធាតុទេ ការនាំចេញ ក៏ដូចជាខ្សែចង្វាក់ផលិតកម្ម​ដំណាំចេកអំបូងលឿងនៅឆ្នាំនេះ នឹងរំពឹងថាមានផលល្អជាងឆ្នាំមុន ដោយហេតុថា ប្រទេសចិនដែលជាប្រទេសធំជាងគេក្នុងការនាំចេញផលិតផលកសិកម្មពីកម្ពុជាបានបើកប្រទេសឡើងវិញ បូករួមទាំងថ្លៃដើម​នៃមធ្យោបាយ​ដឹកជញ្ជូន​ក៏មានភាពល្អប្រសើរឡើងវិញផងដែរ។ ​

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានគូសបញ្ជាក់ដែរថា ដោយសារ​ចេកអំបូងលឿង មានទីផ្សារល្អបែបនេះ ក្រុមហ៊ុនទាំង២ដែលកំពុងវិនិយោគដាំដុះចេកអំបូងលឿងនេះក្នុងខេត្តកំពត ក៏កំពុងមានផែនការជំរុញ និងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅរយៈពេល១០ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិមានចំនួនជាង ៣២ម៉ឺនតោន ថយចុះជាង ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕




អត្ថបទបន្ទាប់


វិស័យសំខាន់ៗណា ខ្លះដែលមានសក្ដានុពលជំរុញកំណើនចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារឆ្នាំ២០២២ និងឆ្នាំ២០២៣?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធ បានកត់សម្គាល់ឃើញថា ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅ…

ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ៖ សមិទ្ធផលរបស់ក្រសួងសាធារណការនៅមិនទាន់ឆ្លើយតបតាមផែនការនៅឡើយ និងជំរុញឲ្យពន្លឿនការងារបន្ថែមទៀត

ព័ត៌មាន
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ