ប្រទេសចិន

ចិននឹងបញ្ចេញលក់បណ្ណបំណុលចំនួនជិត ២៣០ ពាន់លានដុល្លារ ខណៈចំណូលសារពើពន្ធធ្លាក់ចុះ


រដ្ឋាភិបាលមូលដ្ឋាននៅប្រទេសចិនត្រូវគេជឿថា ទំនងជានឹងបញ្ចេញលក់បណ្ណបំណុលបន្ថែមជិត២៣០ ពាន់លានដុល្លារអាមេរិកនៅក្នុងប៉ុន្មានខែខាងមុខនេះ ដើម្បីទទួលបានសាច់ប្រាក់សម្រាប់ធ្វើជាធនធានបន្ថែម ក្នុងការផ្គត់ផ្គង់ទៅក្នុងគម្រោងមូលនិធិហេដ្ឋារចនាសម្ព័ន្ធនានា នៅគ្រាដែលហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកំពុងរងសម្ពាធកាន់តែខ្លាំង ដោយសារវិធានការបិទខ្ទប់ទប់ស្កាត់កូវីដ១៩ និងការធ្លាក់ចុះជាបន្តបន្ទាប់នៃទីផ្សារអចលនទ្រព្យ ដែលបានចូលរួមពន្យឺតកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលពន្ធរបស់ប្រទេសចិន។
ចិននឹងបញ្ចេញលក់បណ្ណបំណុលចំនួនជិត ២៣០ ពាន់លានដុល្លារ

នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានចិន South China Morning Post។ កាសែតរដ្ឋចិនជាច្រើនបានរាយការណ៍កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលមូលដ្ឋាននៅមានលទ្ធភាពក្នុងការបញ្ចេញលក់បណ្ណបំណុលបន្ថែមជិត២៣០ពាន់លានដុល្លារនៅក្នុងបំណុលពិសេស និងមូលប័ត្របំណុលនៅឆ្នាំនេះ ដើម្បីគាំទ្រដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ផ្អែកលើកូតាបណ្ណបំណុលដែលមិនបានប្រើប្រាស់កាលពីឆ្នាំមុន។

ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលចិនត្រូវបានបង្អាក់នៅឆ្នាំនេះ ដោយសារវិធានការបិទខ្ទប់ប្រឆាំងជំងឺកូវីដ និងការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងទីផ្សារអចលនទ្រព្យ បានទាញពន្យឺតកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលពន្ធ ខណៈដែលប្រាក់ចំណូលក៏បានធ្លាក់ចុះ ដោយសាររដ្ឋាភិបាលបានកាត់បន្ថយពន្ធដល់ក្រុមហ៊ុនអាជីវកម្ម ដើម្បីជួយទ្រទ្រង់អាជីវកម្មដែលរងគ្រោះក្នុងអំឡុងពេលធ្លាក់ចុះកំណើនសេដ្ឋកិច្ច។

លោក Zhang Yiqun សមាជិកនៃស្ថាប័នសង្គមហិរញ្ញវត្ថុសាធារណៈនៃប្រទេសចិនបាននិយាយថា ត្រីមាសទី៣នេះនឹងក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់ការលក់មូលបត្របំណុលពិសេសរបស់រដ្ឋាភិបាលមូលដ្ឋានបន្ថែមទៀត។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Shanghai Securities News។

កាសែតនេះបានដកស្រង់សម្តីលោក Luo Zhiheng ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនភាគហ៊ុន Yuekai Securities បាននិយាយថា ចំនួនកូតាសម្រាប់មូលបត្របំណុលពិសេសដែលគ្រោងទុកសម្រាប់ឆ្នាំក្រោយនោះក៏អាចនឹងត្រូវយកមកប្រើនៅក្នុងត្រីមាសទី ៤ ឆ្នាំនេះផងដែរ។

យោងតាមរបាយការណ៍ពីក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ប្រាក់ចំណូលសាធារណៈទូទៅក្នុង រយៈពេល ៧ ខែដំបូងនៃឆ្នាំនេះមានចំនួន ១,៨ទ្រីលានដុល្លារ ដែលតិចជាងឆ្នាំមុន ជាង៩ %។

ប៉ុន្តែចំនួននោះគឺនៅគ្រាន់បើជាងការធ្លាក់ចុះ ជាង១០ % នៅក្នុងឆមាសទី១នៃឆ្នាំនេះ ហើយវានឹងកើនឡើង ជាង៣% បើមិនរាប់បញ្ចូលការកាត់បន្ថយពន្ធ។ នេះបើតាមក្រសួងហិរញ្ញវត្ថុនេះបានបញ្ជាក់។

វិបត្តិសាច់ប្រាក់ក្នុងចំនោមអ្នកអភិវឌ្ឍអចលនទ្រព្យនៅប្រទេសចិនបាននាំឱ្យមានការធ្លាក់ចុះក្នុងគម្រោងសាងសង់ថ្មីរបស់ពួកគេ ហើយក៏ជាហេតុធ្វើឱ្យមានការផ្អាកការសាងសង់ផ្ទះល្វែងដែលមានស្រាប់ប្រហែល ៥% ក្នុងទំហំប៉ាន់ស្មានទៅមានចំនួន 500 លានម៉ែត្រការ៉េ ដែលបង្កឱ្យអ្នកទិញផ្ទះខឹងសម្បារនិងធ្វើកូដកម្មមិនបង់សងប្រាក់ទូទាត់ថ្លៃផ្ទះទាំងនោះផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ចិនបន្តនាំចូលប្រេង និងធ្យូងថ្មពីរុស្ស៊ីហក់ឡើងខ្ពស់មិនធ្លាប់មាននៅខែកក្កដា

ព័ត៌មាន
រុស្ស៊ីបានកាន់កាប់តំណែងជាអ្នកផ្គត់ផ្គង់ប្រេងកំពូលរបស់ចិនសម្រាប់រយៈពេលបីខែជាប់ៗគ្នាគិតត្រឹមខែកក្កដាកន្លងទៅនេះ ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងឯ…

ក្រុមហ៊ុន PetroVietnam គ្រោងនឹងបោះទុនវិនិយោគជិត ១៩ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងក្នុងស្រុក

ព័ត៌មាន
ក្រុមហ៊ុន PetroVietnam Power ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Vietnam Oil and Gas Group ដែលគ្រប់គ្រងដោយរដ្ឋវៀតណាម បានប្រកាសពីផែនការសាងសង់រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ