ជាមួយគ្នានេះ ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងដោយសារបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី សម្តេចធិតបីយល់ថា ការឆ្លើយតបរួមរបស់អាស៊ានត្រូវតែមានភាពបុរេសកម្ម ការប្រមើលមើលគិតទុកជាមុន និងមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនប្រកបដោយភាពធន់ទៅនឹងអនាគត។
នៅចំពោះមុខមេដឹកនាំអាស៊ាននាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសង្កត់ធ្ងន់ថា អាស៊ានគួរតែរក្សាការប្ដេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព និងស្នើឱ្យអាស៊ានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិក និងជាមួយដៃគូអាស៊ាន។ ដើម្បីរក្សាអាស៊ានជាកម្លាំងចលករសម្រាប់វិបុលភាពពិភពលោក សម្ដេចធិបតី បានផ្តល់ជាយោបល់ថា អាស៊ានគួរតែប្រើប្រាស់សក្តានុពលដ៏ធំនៃវិស័យដែលកំពុងរីកចម្រើនដូចជាសេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ ដើម្បីបន្តទទួលបាននូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាព។
ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងដោយសារបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី សម្តេចធិបតីយល់ឃើញថា ការឆ្លើយតបរួមរបស់អាស៊ានត្រូវតែមានភាពបុរេសកម្ម ការប្រមើលមើលគិតទុកជាមុន និងមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនប្រកបដោយភាពធន់ទៅនឹងអនាគត។ ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់ជាថ្មីអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះអាទិភាពរបស់ឡាវ ដែលជាប្រធានអាស៊ាន ជាពិសេសការពង្រឹងការតភ្ជាប់ និងភាពធន់ ដែលឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅជាមួយនឹងសេចក្តីប្រាថ្នា និងចក្ខុវិស័យរួមរបស់អាស៊ាន ដើម្បីសម្រេចបាននូវតំបន់អាស៊ីអាគ្នេយ៍មួយ ដែលរឹងមាំប្រកបដោយវិបុលភាព និងមានភាពសមាហរណកម្ម។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ជាថ្មីចំពោះការគាំទ្ររបស់កម្ពុជាក្នុងការឱ្យទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន និងបានបញ្ជាក់ការគាំទ្រចំពោះវិធីសាស្ត្រជាក់ស្តែង ឬប្រកបដោយភាពច្នៃប្រឌិតណាមួយដែលអាចជួយសម្រេចបាននូវគោលដៅនេះ។ ជាមួយគ្នានេះ សម្ដេចធិបតី បានប្រកាសស្វាគមន៍ចំពោះប្រទេសក្រៅតំបន់ក្នុងការការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងបានរំលឹកសាជាថ្មីអំពីសារសំខាន់នៃការស្វាគមន៍ដៃគូទាំងឡាយណាដែលចង់បង្កើតទំនាក់ទំនងជាមួយអាស៊ានដោយផ្អែកលើគោលការណ៍នៃការគោរពគ្នា ការទុកចិត្តគ្នា និងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្រោមមូលបទ«អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ប្រមុខដឹកនាំអាស៊ាន បានគូសបញ្ជាក់ជាថ្មីអំពីសារសំខាន់នៃការលើកកម្ពស់ និងពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាននៅក្នុងបរិបទនិម្មាបនកម្មតំបន់ ដែលកំពុងតែវិវត្ត និងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលមិនច្បាស់លាស់។ ប្រមុខដឹកនាំក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន និងដៃគូខាងក្រៅផ្សេងទៀតលើបញ្ហា ដែលជាប្រយោជន៍ និងកង្វល់រួម ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង និងក្រៅតំបន់។ នៅក្នុងសម័យប្រជុំចង្អៀត ប្រមុខដឹកនាំ ក៏បានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។
នៅក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សម្ដេចធិបតី បានសង្កត់ធ្ងន់លើសារសំខាន់ក្នុងការបន្តធ្វើកិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជនរបស់អាស៊ាន ដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅខណៈដែលលម្ហថវិកាមានកម្រិត និងលើកទឹកចិត្តឱ្យមានកិច្ចសហការបន្ថែមទៀតនៅក្នុងផ្នែកតភ្ជាប់ក្នុងតំបន់ បរិវត្តកម្មឌីជីថល និងអន្តរកាលបៃតង។ សម្ដេចធិបតី បានជម្រាបជូនអង្គប្រជុំថា កម្ពុជាទើបតែបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មនៅដើមឆ្នាំ២០២៤ និងបានស្នើវិស័យឯកជនពិចារណារអំពីឱកាសដ៏គួរឱ្យទាក់ទាញនេះ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការរួមចំណែកដល់ការរីកចម្រើនដ៏ឆាប់រហ័សនៃសេដ្ឋកិច្ច និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់៕