ផែនការបើកទទទួលទេសចរវ៉ាក់សាំង

តើអាជ្ញាធរខេត្តកោះកុង និងខេត្តព្រះសីហនុ កំពុងត្រៀមខ្លួនបែបណាខ្លះ ក្នុងផែនការបើកទទទួលទេសចរវ៉ាក់សាំងនាចុងខែវិច្ឆិកាខាងមុខ?


រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក ខេត្តព្រះសីហនុ និងកោះកុង ជាខេត្តគោលដៅដំបូងគេ ក្នុងការបើកទទួលទេសចរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា តទៅ ដោយក្នុងទម្រង់ជា«ទេសចរណ៍វ៉ាក់សាំង»។
ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ

ជុំវិញផែនការបើកខេត្តជាប់មាត់សមុទ្រទាំងពីរសម្រាប់ទេសចរវ៉ាក់សាំងនៅខែក្រោយនេះដែរ អាជ្ញាធរខេត្តកោះកុង និងព្រះសីហនុ បានអះអាងប្រាប់ខេមបូណូមីសនៅថ្ងៃនេះ ខ្លួនកំពុងតែញាប់ដៃញាប់ជើងមែនទែនក្នុងការបើកតំបន់ទេសចរ នៅក្នុងខេត្តទាំងនេះ ដែលរាជរដ្ឋាភិបាលបានកំណត់ ដើម្បីទទួលស្វាគមណ៍ទេសចរវ៉ាក់សាំងជាលើកដំបូង។

ការលើកឡើងរបស់អាជ្ញាធរខេត្តទាំងពីរនេះ គឺធ្វើឡើង នៅគ្រាដែល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ឱ្យខេត្តគោលដៅទេសចរវ៉ាក់សាំង ត្រូវធ្វើយ៉ាងណាត្រៀមរៀបចំខ្លួនឱ្យរួចរាល់មុនថ្ងៃកំណត់។

ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តស្តីពី«ការបើកទទួលទេសចរណ៍វ៉ាក់សាំង» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា រយៈពេលជិត ២ឆ្នាំមកហើយ ជំងឺកូវីដ-១៩ បានបង្កឱ្យមានវិបត្តិសុខភាពសាធារណៈ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ដែលធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិ ស្ទើរទាំងស្រុងត្រូវបាត់បង់ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។

ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្រ្តស្ដីពីការបើកទទួលទេសចរវ៉ាក់សាំង និងការជំរុញទេសចរផ្ទៃក្នុងឆ្នាំ២០២១-២០២៣។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានប្រាប់ឲ្យខេត្តគោលដៅនៃផែនការបើកទេសចរវ៉ាក់សាំងទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់មុនថ្ងៃទី៣០ ខែវិច្ឆកាខាងមុខនេះ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីស ថា លោកជំទាវ មានការការសារទរ និងគាំទ្រយ៉ាងពេញទំហឹងនូវការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការផែនការបើកទទួលទេសចរវ៉ាក់សាំងនេះ។ ក្នុងនោះដែរ ខេត្តកោះកុង មានសក្ដានុពលទេសចរណ៍ធម្មជាតិ ជាច្រើនដែលអាចឱ្យភ្ញៀវទេសចរដើរកម្សាន្ត ទាំងបែបសហគម និងដំណើរកម្សាន្តបែបផ្សងព្រេង។

អភិបាលខេត្តស្ត្រីវ័យក្មេងរូបនេះបន្ថែមថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋខេត្តកោះកុង ប្រមាណ ៩០ភាគរយហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូច្នេះ ផែនការទទួលទេសចរវ៉ាក់សាំងនាពេលខាងមុខ នឹងមិនមានអ្វីជាកត្តារារាំងនោះទេ។

ដោយឡែក ខេត្តព្រះសីហនុ ឯណោះវិញ ក៏មិនខុសពី ខេត្តកោះកុង ប៉ុន្មានដែរ រយៈពេលជិត២ឆ្នាំមកនេះ វិបត្តិកូវីដ-១៩ បានវាយលុកស្ទើទូទាំងខេត្តព្រះសីហនុ និងធ្វើឱ្យអាជីវកម្មប្រមាណ ៨០ភាគរយ ក្នុងខេត្តនេះ ត្រូវផ្អាកបណ្ដោះអាសន្ន ព្រោះតែមិនមានសកម្មភាពភ្ញៀវទេសចរ ដើរកម្សាន្ត។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអះអាង ថា ខេត្តព្រះសីហនុ បានត្រៀមខ្លួនជានិច្ច ក្នុងការបើកទទួលទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅចុងខែវិច្ឆិកា ខាងមុខនេះ ជាពិសេសការរៀបចំកោះរ៉ុង ដោយកន្លែងកម្សាន្តនីមួយៗ សុទ្ធតែបានរៀបចំឱ្យមានគន្លងសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគ្រប់ភ្នាក់ងារទេសចរ និងប្រជាពលរដ្ឋក្នុងខេត្តនេះ សុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ-១៩។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ឡើងវិញចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា តទៅ ក្នុងទម្រង់ទេសចរណ៍វ៉ាក់សាំង ដោយតម្រូវឱ្យភ្ញៀវទេសចរទាំងនោះ ត្រូវធ្វើតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅពេលមកដល់អាកាសយានដ្ឋាន។

ករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអន្តរជាតិ អាចដើរកម្សាន្ដ ដោយសេរី នៅក្នុងតំបន់ ឬគោលដៅទេសចរសុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដារ និងវិធានសុវត្ថិភាពទេសចរណ៍ជាមុន ព្រមជាមួយលក្ខខណ្ឌតម្រូវមួយចំនួនទៀតទាក់ទងនឹងការស្នើសុំលិខិតអនុញ្ញាតចូលមកកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិ៖កម្ពុជាមានទុនបម្រុងអន្តរជាតិ ២១ពាន់លានដុល្លារអាមេរិក ជាកម្រិតខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានលើកឡើងថ្មីៗនេះថា បច្ចុប្បន្នកម្ពុជាមានទុនបម្រុងអន្តរជាតិសរុបប្រមាណ ២១ពាន់លានដុល្លារអាមេរិក ដែលកម្រិតនេះ គឺខ្ពស់ជា…

ថៃរំពឹងទទួលបានភ្ញៀវទេសចរ៣០ម៉ឺននាក់ក្នុងពេល២ខែក្រោយបើកប្រទេសឡើងវិញ

ព័ត៌មាន
គម្រោងបើកដំណើរការប្រទេសឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា ដោយគ្មានការធ្វើចត្តាឡីស័ក និងការរឹតបន្តឹងសម្រាប់ប្រទេស និងដែនដីចំនួន ៤៦ ជាលើកដំបូងក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ