តាមរយៈផែនការរឹតបន្តឹងនោះដែរ បានបញ្ជាក់ដែរថា ត្រូវបិទជាស្ថាពរចំពោះសាលាបង្រៀនបើកបរដែលគ្មានច្បាប់អនុញ្ញាត ប៉ុន្តែក្នុងករណីមិនត្រូវរាងចាល ត្រូវបិទអាជីវកម្ម ឃាត់ខ្លួនជនល្មើស ហើយកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង។មួយវិញទៀតត្រូវធ្វើការត្រួតពិនិត្យជាប្រចាំចំពោះសាលាបង្រៀនបើកបរដែលមានច្បាប់អនុញ្ញាតអំពីលក្ខណសម្បត្តិគ្រូបង្រៀនបើកបរ ខ្លឹមសារមេរៀន រយៈពេលបង្រៀន ការប្រើប្រាស់យានយន្តសម្រាប់បង្រៀន។ ក្នុងករណីរកឃើញចំណុចខ្វះខាតត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ ប្រសិនបើមិនរៀងចាលត្រូវដកហូតលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មសាលាបង្រៀនបើកបរយានយន្ត។
ដោយឡែកចំពោះយានដ្ឋាន ជួសជុល កែច្នៃ ដំឡើងយានយន្តវិញបិទជាស្ថាពរចំពោះយានដ្ឋានជួសជុល កែច្នៃ ដំឡើងយានយន្តដែលគ្មានច្បាប់អនុញ្ញាត ក្នុងករណីមិនរាងចាលត្រូវបិទអាជីវកម្ម ឃាត់ខ្លួនជនល្មើសកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង។ហើយត្រូវធ្វើការត្រួតពិនិត្យជាប្រចាំចំពោះយានដ្ឋានជួសជុលកែច្នៃ ដំឡើងយានយន្តដែលច្បាប់អនុញ្ញាត ដើម្បីទប់ស្កាត់កែច្នៃដំឡើងយានយន្តខុសលក្ខណៈបច្ចេកទេសសំដៅបង្ការគ្រោះថ្នាក់ និងពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ក្នុងករណីរកឃើញមានបទល្មើសត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ ប្រសិនបើមិនរៀងចាលត្រូវដកហូតលិខិតអនុញ្ញាត ហើយបើក្នុងករណីធ្ងន់ធ្ងរត្រូវឃាត់ជនល្មើសដកហូតវត្ថុតាងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង។
សព្វថ្ងៃនេះ គេសង្កេតមានរថយន្តដឹកទំនិញ រ៉ឺម៉កកង់បី កែច្នៃជាច្រើនដែលបើកបរនៅលើដងផ្លូវ ខណៈដែលអ្នកបើកបរមួយចំនួនមិនបានរៀនពីច្បាប់បានត្រឹមត្រូវ និងតែងតែបង្កគ្រោះថ្នាក់ដល់អ្នកដទៃជាញឹកញយ។