![ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំប្រជុំការងារផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្រ្តី ដើម្បីពង្រឹងប្រសិទ្ធភាពការងារទីស្តីការគណៈរដ្ឋមន្រ្តី](https://cdn.cambonomist.com/media/images/409476595_24938599822453815_305333.2e16d0ba.fill-960x540.jpg)
កិច្ចប្រជុំនេះ ក៏មានគោលបំណងបន្តផ្តល់នូវដំណោះស្រាយដ៏សមស្រប ចំពោះសំណូមពរ និងបញ្ហាប្រឈមផ្សេងៗ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងការបំពេញការងារ ព្រមទាំងដើម្បីសម្រួច និងតម្រង់ទិសដៅអាទិភាពការងារ សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាសេនាធិការមួយដ៏សំខាន់របស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីទាំងមូល។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ តាមបណ្តានាយកដ្ឋាន និងអគ្គនាយកដ្ឋានទាំងអស់ ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួននាពេលកន្លងមក។ ឯកឧត្តមបានគូសបញ្ជាក់ថា ជារួមបាននិងកំពុងស្ថិតក្នុងចលនការនៃដំណើរឆ្ពោះទៅរកគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមស្មារតីកំណែទម្រង់ដើម្បីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់សំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ទីស្តីការគណៈរដ្ឋមន្រ្តី ហើយបានផ្តល់នូវដំណោះស្រាយ និងអនុសាសន៍ណែនាំជាក់ស្តែង ទៅតាមករណីនីមួយៗ ទាំងការងារជំនាញបច្ចេកទេស និងការផ្គត់ផ្គង់ហិរញ្ញវត្ថុ ដើម្បីដោះស្រាយការលំបាកផង ក៏ដូចជាផ្តល់នូវបរិយាកាសការងារល្អប្រសើរសម្រាប់បង្កើនផលិតភាពការងារ ព្រមទាំងដើម្បីផ្តល់នូវការលើកទឹកចិត្ត តាមគោលការណ៍គុណាធិបតេយ្យ ដោយគិតគូរទៅដល់កត្តាបរិយាបន្ន ជាពិសេសដើម្បីផ្តល់នូវឱកាសដល់មន្រ្តីដែលមានសមត្ថភាពពិតប្រាកដ។ ឯកឧត្តមបានបន្តថា ទីស្តីការគណៈរដ្ឋមន្រ្តីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍមួយចំនួន ដើម្បីរួមចំណែកផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះ។
![409598383_24938599589120505_165145885423672465_n](https://cdn.cambonomist.com/media/images/409598383_24938599589120505_165145885423672465_.original.jpg)
![409920841_24938600352453762_3553277590637130012_n](https://cdn.cambonomist.com/media/images/409920841_24938600352453762_3553277590637130012.original.jpg)
![409594566_24938600125787118_1665535111053125318_n](https://cdn.cambonomist.com/media/images/409594566_24938600125787118_1665535111053125318.original.jpg)
ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់នូវគោលការណ៍ណែនាំផងដែរ ពាក់ព័ន្ធនឹងតួនាទី និងភារកិច្ចស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ជាពិសេសពាក់ព័ន្ធនឹងការងាររាជកិច្ច និងបណ្ណសារ ព្រោះឯកសារជាតិមួយចំនួនមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ដែលចាំបាច់ថែរក្សាឱ្យគត់មត់។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកឡើងផងដែរ អំពីវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលក្នុងក្របខណ្ឌក្រសួងនានា ក៏ដូចជាទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវធ្វើការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ និងការវិភាគមុខងារ ដោយរួមទាំងការជ្រើសរើសមន្រ្តីរាជការ សំដៅពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្រ្តី និងស្ថាប័ន។
![409602667_24938600569120407_2304900712618950541_n](https://cdn.cambonomist.com/media/images/409602667_24938600569120407_2304900712618950541.original.jpg)
![409602011_24938599485787182_7296836883483233790_n](https://cdn.cambonomist.com/media/images/409602011_24938599485787182_7296836883483233790.original.jpg)
![409491204_24938600805787050_1800256170344129573_n](https://cdn.cambonomist.com/media/images/409491204_24938600805787050_1800256170344129573.original.jpg)
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំមួយចំនួនផងដែរពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ការរៀបចំប្រព័ន្ធនិងរបៀបរបបគ្រប់គ្រងការងារផ្ទៃក្នុង ព្រមទាំងការគ្រប់គ្រងធនធាន ទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើបរិវត្តកម្មឌីជីថល សំដៅធ្វើឱ្យទីស្តីការគណៈរដ្ឋមន្រ្តីក្លាយជាស្ថាប័នមួយដែលមានសមត្ថភាពខ្លាំងពូកែ។ ឯកឧត្តមបានជំរុញការរៀបចំផែនការអភិវឌ្ឍស្ថាប័ន ទាំងក្នុងអង្គភាពនីមួយៗ និងទាំងក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តីទាំងមូល។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបន្តបង្កើនសមត្ថភាពការងារជាប់ជាប្រចាំ និងត្រូវហ៊ានទទួលយកការទិតៀន និងការប្រកួតប្រជែង ដើម្បីជាឧបករណ៍កែលម្អ និងអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ព្រមទាំងត្រូវបំពេញការងារជាក្រុម ប្រកបដោយវិជ្ជាជីវៈ គោរពវិន័យ គោរពច្បាប់ លិខិតបទដ្ឋាន និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីអាចទៅមុខបានទាំងអស់គ្នា ហើយអាចរស់បានទាំងអស់គ្នា។