![លោក ដូណាល់ ត្រាំ](https://cdn.cambonomist.com/media/images/chngtnhyktbn_Gaza_dsdadadsa.2e16d0ba.fill-960x540.jpg)
ប្រធានាធិបតីដែលបង្កភាពចម្រូងចម្រាសជាញឹកញាប់ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកប្តេជ្ញាទិញយក និងកាន់កាប់តំបន់ហ្គាហ្សា ហើយអភិវឌ្ឍវាទៅជាតំបន់អចលនទ្រព្យដ៏ធំមួយ ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាថ្មី។ ទន្ទឹមនេះ លោកក៏បានលើកឡើងដែរថា លោកអាចនឹងអនុញ្ញាតឱ្យប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ា អភិវឌ្ឍផ្នែកខ្លះនៃទឹកដីប៉ាឡេស្ទីន ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះក្រោមការមើលខុសត្រូវរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែសហរដ្ឋអាម៉េរិក នឹងគ្រប់គ្រងទឹកដីនេះដើម្បីធានាថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ មិនអាចត្រលប់ទៅសម្ងំលាក់ខ្លួននៅទីនោះទៀតបាន។
លោក ដូណាល់ ត្រាំ បានថ្លែងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះដឹកប្រធានាធិបតី Air Force One ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង New Orleans សហរដ្ឋអាម៉េរិក ដើម្បីចូលរួមទស្សនាការប្រកួតកីឡាបាល់ Super Bowl ដណ្ដើមពានថ្នាក់ជាតិ។
លោកបានលើកឡើងអំពីតំបន់ហ្គាហ្សា ថា គ្មានអ្វីនៅសេសសល់សម្រាប់ឱ្យពលរដ្ឋប៉ាឡេស្ទីន ត្រលប់ទៅទីនោះវិញហើយ ព្រោះកន្លែងនោះក្លាយជាតំបន់ដែលត្រូវរុះរើចោលទៅហើយ ហើយអ្វីដែលនៅសេសសល់នឹងរុះរើកម្ទេចចោលទាំងអស់។
ទន្ទឹមនេះលោក ដូណាល់ ត្រាំ ក៏បាននិយាយផងដែរថា លោកបើកចំហលទ្ធភាពអនុញ្ញាតឱ្យជនភៀសខ្លួនប៉ាឡេស្ទីន មួយចំនួនចូលទៅរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក ប៉ុន្តែលោកនឹងពិចារណាលើសំណើបែបនេះដោយផ្អែកលើករណីនីមួយៗតាមភាពជាក់ស្ដែង។
ជាការឆ្លើយតប សមាជិកម្នាក់នៃការិយាល័យនយោបាយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ឈ្មោះ អ៊ីហ្សាត អែល រ៉ាស់ (Ezzat El Rashq) បានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រកាសរបស់លោក ដូណាល់ ត្រាំ ដែលមានមហិច្ឆតាចង់ទិញយក និងកាន់កាប់តំបន់ហ្គាហ្សា ទាំងបំពានបែបនេះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហាម៉ាស់។
ទោះជាយ៉ាងណា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល ដែលជាសត្រូវរបស់ពួកប៉ាឡេស្ទីន ជាពិសេសក្រុមហាម៉ាស់ បានសរសើរផែនការរបស់លោក ដូណាល់ ត្រាំ ថាជាទស្សនវិស័យមោះមុត និងពោរពេញដោយភាពច្នៃប្រឌិតខ្ពស់៕
ដោយ: តែម សុខុម