Advertisement
ចិន អាមេរិក វៀតណាម

វៀតណាម កំពុងក្លាយជាមូលដ្ឋានផលិតរបស់ចិន ដើម្បីនាំចេញទៅអាមេរិក


ស្របពេលដែល កម្ដៅនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក នៅតែបន្តកើនឡើងឥតស្រាកស្រាន្ដ ប្រទេសវៀតណាម ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា កំពុងក្លាយជាមូលដ្ឋានមួយ ដ៏សំខាន់ សម្រាប់ប្រទេសចិន ក្នុងការផលិតទំនិញក្នុងប្រទេសនេះ សម្រាប់ធ្វើការនាំចេញបន្តទៅសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសនូវការដំឡើងពន្ធគយរបស់អាមេរិកមកលើផលិតផលរបស់ចិន។
វៀតណាម កំពុងក្លាយជាមូលដ្ឋានផលិតរបស់ចិន ដើម្បីនាំចេញទៅអាមេរិក (http://tapchitaichinh.vn)
ដោយ
Advertisement

ទោះយ៉ាងណា អ្នកជំនាញ សេដ្ឋកិច្ចវៀតណាម បានអះអាងថា ក្នុងកាលៈទេសៈ​នេះ ប្រទេស​វៀតណាម​ កំពុង​ទទួល​បាន​ឱកាសល្អ តែក៏ទទួល​រងនូវ​ការ​ប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ផងដែរ។
លោក ត្រាន់ ឌិញ ធៀន អ្នកសេដ្ឋកិច្ច និងជា​សមាជិក​​នៃក្រុម​អ្នកផ្ដល់​យោបល់​​សេដ្ឋកិច្ច របស់​​នាយករដ្ឋ​មន្ត្រី​វៀត​ណាម បានប្រាប់ សារព័ត៌មាន​​ក្នុង​ស្រុក Vietnam Express ថា សង្គ្រាម​ពាណិជ្ជកម្ម​​រវាង​ចិន​ និងអាមេរិក​នេះ គឺអាច​នាំមក​នូវ​​ឱកាស ហើយក៏ផ្ដល់​នូវ​ការ​ប្រកួត​ប្រជែង​​យ៉ាងស្វិតស្វាញ​សម្រាប់​​វៀតណាម​ផងដែរ។ ប៉ុន្ដែ លោកថា វា​អាស្រ័យ​លើ​ក្រុមហ៊ុន​​ក្នុង​ស្រុក ​ចេះស្វែង​រកឱកាស​​ដោយ​ខ្លួនឯង។

លោកត្រាន់ ឌិញ ធៀន បាន​បន្ថែម​ទៀតថា សង្គ្រាម​ពាណិជ្ជកម្ម បានវាយ​ប្រហារ​​ទំនុកចិត្ត​របស់​អ្នកវិនិយោគ ហើយខ្សែ​សង្វាក់​ផ្គត់ផ្គង់​សកល​ត្រូវបាន​បង្អាក់ ខណៈ​បរិយាកាស​វិនិយោគ​​ហាក់​កំពុង​​តែមាន​ភាពមិន​ច្បាស់​លាស់។ 

ត្រូវបាន​ដកស្រង់សម្ដី ដោយសារ​ព័ត៌មាន​ក្នុង​ស្រុក Vietnam Express លោក ក្វៀន ធីធូ ត្រាង នាយក​​សភាពាណិជ្ជកម្ម​វៀតណាម​ បានលើកឡើងថា ផលិត​ផល​​វៀត​ណាម អាចនឹង​ត្រូវប្រឈម​នឹង​ការ​ប្រកួតប្រជែង​កាន់តែខ្លាំង​ជាមួយ​នឹង​​ផលិតផល ​ដែលផលិត​ដោយ​ក្រុមហ៊ុន​ចិន​ នៅក្នុង​ស្រុក និងនាំ​មកពី​ក្រៅ​ប្រទេស។

ចិននឹង​​ចូល​មក​ផលិត​ផលិតផល​របស់ខ្លួន នៅក្នុង​​ប្រទេស​វៀតណាម ដើម្បី​គេចវេះ ពីការដំឡើង​ពន្ធ​​របស់​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ត្រាំ  ហើយផលិត​ផល​​តម្លៃថោក​របស់ចិន នឹង​ប្រកួត​ប្រជែង​ជាមួយ​នឹងផលិត​ផល​​រៀតណាម​​កាន់តែ​ខ្លាំង។ ដោយកត្តានេះ ត្រូវបាន​អ្នកជំនាញ អះអាងថា នឹងមិន​សូវផ្ដល់​ប្រយោជន៍ ដល់​​សេដ្ឋកិច្ច​វៀតណាម​នោះ​ឡើយ។ 

ប្រតិបត្តិករ​នៅក្នុង​វិស័យ​ផលិត​​របស់​វៀតណាម ក៏មាន​ការព្រួយបារម្ភ​ផងដែរ ប្រសិន​បើ​រដ្ឋាភិបាល​​មិនអាច​​គ្រប់គ្រង​​ស្ថានការណ៍​នេះបាន​ល្អ នោះ​វាអាច​នឹងមាន​ផលវិបាក​ដល់​ក្រុម​ហ៊ុន​វៀតណាម ព្រោះ​សហរដ្ឋអាមេរិក ក៏អាច​នឹង​ដំឡើង​ពន្ធលើ​ផលិតផល​វៀតណាម ដូចដែល​ធ្លាប់​ធ្វើជាមួយ​ចិន​ដែរ។

ក្រុមអ្នក​សេដ្ឋកិច្ច​វៀតណាម បានលើក​ឡើងថា ដើម្បី​ការពារ​ប្រយោជន៍​ក្រុមហ៊ុន​​ក្នុងស្រុក រដ្ឋាភិបាល​​គួរតែ​​ពិចារណា លើ​ពន្ធ​នាំចូល​ផលិតផល​ពី​​ប្រទេស​ចិន ប្រសិន​បើ​​វា​​ជាសញ្ញា​មួយ​នៃសកម្មភាព​​ការពារ។

ក្រុម​អ្នក​សេដ្ឋកិច្ច​វៀតណាម បានលើកឡើង​ទៀត​ថា រដ្ឋាភិបាល ក៏មិន​គួរផ្ដល់​អាជ្ញាបណ្ណ​ឲ្យក្រុមហ៊ុន​ចិននោះដែរ ប្រសិន​បើគ្មាន​ការ​ធានាថា ២​ភាគ៣ នៃខ្សែ​សង្វាក់​ផលិតកម្ម គឺធ្វើឡើង​នៅក្នុង​ប្រទេស​វៀតណាម។ លើសពីនេះ រដ្ឋាភិបាល គួរតែ​​លើកម្ពស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​អឹរ៉ុប ក៏ដូចជា​ប្រទេស​ផ្សេង​ទៀត ដើម្បីកាត់​បន្ថយ​​ការពឹង​ផ្អែកតែ​លើ​អាមេរិក និងចិន៕  

គួរជម្រាបថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ នាពេលថ្មីៗនេះ បាន​គំរាម​សារ​ជាថ្មីម្តង​ទៀត ​ថា​អាមេរិក​ចង់​ដំឡើង​ពន្ធ​លើ ទំនិញនាំ​ចូល​ពីប្រទេស​ចិន ដែលមាន​តម្លៃ​ជិត ២៧០​ពាន់​លាន​ដុល្លារ​អាមេរិក ពោលគឺ ដំឡើង​ពន្ធពី ១០ភាគរយ​ ទៅ ២៥ភាគរយ។

កាលពីខែ កញ្ញា កន្លងមកនេះ លោក​ប្រធានាធិបតី​អាមេរិក បានសម្រេច​ដំឡើង​ពន្ធលើ ទំនិញចិន ដែលមាន​តម្លៃ​ជាង ២០០ពាន់​លាន​ដុល្លារ​អាមេរិកម្តងរួច​​ទៅហើយ ខណៈដែល​ភ្លាមៗនោះ​ ប្រទេស​ចិន ក៏​ធ្លាប់​បាន​សងសឹក​ ដោយ​បាន​ដំឡើង​ពន្ធ​ទៅលើ ទំនិញ​ជាច្រើន​មុខ​របស់ អាមេរិក ដែល​មានតម្លៃ​ជាទឹកប្រាក់​ជាង ៦០ពាន់​​លាន​​ដុល្លារ៕

Advertisement
© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញកៅស៊ូកើនឡើង ជាង ២០% ខណៈតម្លៃជ័រកៅស៊ូរអិលធ្លាក់ចុះជាង ១៨%

ព័ត៌មាន
ក្នុងរយៈពេល ១០ខែ ឆ្នាំនេះ កម្ពុជា បាននាំចេញជ័រកៅស៊ូប្រមាណ ជាង ១៦ ម៉ឺនតោន ដែលស្មើនឹងកំណើនប្រមាណ ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលព...

ធនាគារពិភពលោក៖ គោលដៅប្រែក្លាយខ្លួន ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ របស់កម្ពុជា នៅត្រឹមឆ្នាំ ២០៣០ គួរតែលើកទៅឆ្នាំ ២០៣៥ វិញ

ព័ត៌មាន
របាយការណ៍ថ្មីចុងក្រោយមួយ របស់ធនាគារពិភពលោក បានបញ្ជាក់ឲ្យដឹងថា ការសម្រេចនូវគោលដៅក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ របស់កម្ពុជា នៅឆ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ