ថ្លែងតាមរយៈវីដេអូឃ្លីបមួយផ្ញើទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោករៀបចំឡើងនៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស កាលពីថ្ងៃព្រហស្បិ៍ ទី២៣ លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងទាមទារឱ្យពិភពលោកទាំងមូលបញ្ចុះអត្រាការប្រាក់ភ្លាមៗ ហើយទន្ទឹមនេះ លោក ក៏នឹងស្នើឱ្យប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត និងអង្គការនៃបណ្ដាប្រទេសនាំចេញប្រេងហៅកាត់ថា OPEC បញ្ចុះតម្លៃប្រេងឥន្ធនៈផងដែរ។
នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកទៅកាន់បណ្ដាមេដឹកនាំពិភពលោក ក្រោយឡើងកាន់អំណាចបាន៤ថ្ងៃ លោក ដូណាល់ ត្រាំ បានបង្ហាញជំហរប្រឆាំងនឹងបទដ្ឋានទីផ្សារសេរីកាន់តែខ្លាំងឡើងទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។
លោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗអំពីការដំឡើងពន្ធលើប្រទេសនានាជុំវិញពិភពលោក ប៉ុន្តែលោកមិនដែលបានបញ្ជាក់លម្អិតនោះឡើយ ជាហេតុធ្វើឱ្យទីផ្សារនានាពិបាកនឹងប៉ាន់ស្មានពីផែនការរបស់លោក។
អ្វីដែលជាការកត់សម្គាល់ ពាក្យសម្ដីរបស់លោកពិតជាមានឥទ្ធិពលខ្លាំងណាស់ក្នុងឋានៈជាមេដឹកនាំនៃប្រទេសមហាអំណាចធំបំផុតទី១របស់ពិភពលោក ដោយការលើកឡើងរបស់លោកជុំវិញការជំរុញឱ្យពិភពលោកបញ្ចុះអត្រាការប្រាក់ និងតម្លៃប្រេងឥន្ធនៈបានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ប្រាក់អឺរ៉ូធ្លាក់ថ្លៃ ហើយហាងឆេងប្រាក់ដុល្លារអាម៉េរិក មានការប្រែប្រួល។ ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក S&P 500 បានហក់ឡើងស្ទើរតែឈានដល់កម្រិតកំណត់ត្រាមិនធ្លាប់មានជាប្រវត្តិសាស្ត្រ៕
ដោយ: តែម សុខុម