ការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិត និងសិក្ខាសាលានេះ ផ្តល់ឱកាសដល់អ្នកមានទេពកោសល្យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅដើម្បីពង្រឹងអនាគតប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា។ កម្មវិធី HEINEKEN Sustainathon លើកទី ២ នេះ នឹងត្រូវបានរៀបចំឡើងស្របគ្នានឹងខួបអនុស្សាវរីយ៍លើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះប្រទេសកម្ពុជាដែលជាកម្មវិធីដ៏សំខាន់មួយនៅឆ្នាំ ២០២៤ ។
កម្មវិធីនេះគាំទ្រដល់មហិច្ឆិតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» រយៈពេលវែងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលមានបំណងធ្វើការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ បរិស្ថាន សង្គម និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ កម្មវិធី HEINEKEN Sustainathon លើកទី ១ បានបញ្ចប់នៅឆ្នាំ ២០២៣ ដែលមានអ្នកចូលរួមចំនួន ៧៨ នាក់ ក្រោមប្រធានបទ «ការពិសាដោយការទទួលខុសត្រូវ» ដើម្បីបង្ហាញនូវគំនិតច្នៃប្រឌិតដើម្បីជម្រុញអ្នកប្រើប្រាស់ឱ្យប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ។
លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៅ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ « កម្មវិធី HEINEKEN Sustainathon បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញឱ្យមានការគ្រប់គ្រងប្រកបដោយនិរន្តរភាពទៅដល់អនាគតអ្នកដឹកនាំរបស់ប្រទេសកម្ពុជា។ នាពេលថ្មីៗនេះ យើងបានធ្វើយុទ្ធនាការប្រមូលដបត្រឡប់មកវិញ និងប្រើប្រាស់ថាមពលកំដៅផ្តល់ដោយរោងចក្រជីវម៉ាសដែលប្រើអង្កាមក្នុងស្រុកដើម្បីគាំទ្រដល់គោលដៅជាសាកលរបស់យើងលើការប្រើប្រាស់ឡើងវិញ។ បន្ថែមពីនេះក៏នៅមានអ្វីៗជាច្រើនទៀតដែលត្រូវរៀន និងត្រូវធ្វើដើម្បីឈានទៅមុខបន្តទៀត។ សកម្មភាពទាំងនេះជាប្រធានបទនៃកម្មវិធី Sustainathon ដែលមានដូចជា៖ បង្កើនការយល់ដឹង និងការស្វែងរកគំនិតជាក្រុមដែលអាចត្រូវបានអនុវត្តយ៉ាងងាយស្រួលនៅកម្រិតសហគមន៍ និងជំរុញការប្រើប្រាស់ប្រកបដោយចីរភាពបន្ថែមទៀត។ រាល់គំនិត និងជំហានមិនថាធំ ឬតូចយើងទទួលយកទាំងអស់។
កម្មវិធី Sustainathon ឆ្នាំនេះ ប្រធានបទ «ចក្រាវិស័យបរិស្ថាន (ការបង្កើនការប្រើប្រាស់ឡើងវិញ)» ដែលលើកទឹកចិត្តអ្នកចូលរួមឱ្យមានភាពច្នៃប្រឌិតដើម្បីផ្សព្វផ្សាយគោលការណ៍ប្រើប្រាស់ឡើងវិញដែលផលិតផលអាចប្រើប្រាស់ម្តងហើយម្តងទៀតបានយូរតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយកាកសំណល់ និងកាត់បន្ថយការប្រើប្រាស់ធនធានដ៏មានតម្លៃ។ អ្នកចូលរួមនឹងប្រកួតប្រជែងយករង្វាន់ជាសាច់ប្រាក់រហូតដល់ ២.៦០០ ដុល្លារសហរដ្ឋអាមេរិកទៅក្រុមជ័យលាភីចំនួន ៣ ក្រុម ។ លើសពីការប្រកួតប្រជែង អ្នកចូលរួមក៏នឹងទទួលបានអត្ថប្រយោជន៍ពីសិក្ខាសាលាដោយផ្ទាល់ និងទទួលបានការណែនាំជាមួយអ្នកជំនាញផ្នែកចីរភាពដែលត្រូវបានរៀបចំឡើងដើម្បីបង្រៀនអំពីការអនុវត្តអាជីវកម្មជាក់ស្តែង និងជំនាញសំខាន់ៗ ដូចជា ការបង្កើតទំនាក់ទំនង និងការធ្វើការងារជាក្រុម។
អ្នកដែលអាចចូលរួមកម្មវិធី Sustainathon គឺជានិស្សិតសាកលវិទ្យាល័យនៅប្រទេសកម្ពុជា ដែលមានអាយុចាប់ពី ១៨ ឆ្នាំមកពីគ្រប់មុខវិជ្ជាសិក្សា និងមានឆន្ទះក្នុងការបង្កើតផលវិជ្ជមានទៅសង្គម។ នៅក្នុងទម្រង់បែបបទដាក់ពាក្យ អ្នកចូលរួមនឹងតម្រូវឱ្យដាក់ស្នើគំនិតដំបូង ស្តីពីការលើកកម្ពស់ការបង្កើនការប្រើប្រាស់ឡើងវិញនៅក្នុងសហគមន៍ដែលពួកគេរស់នៅ ឬនៅក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។ អ្នកចូលរួមអាចចូលរួមជាបុគ្គល ឬជាក្រុមដែលមានសមាជិករហូតដល់បួននាក់ដោយម្នាក់ៗនាំមកនូវជំនាញផ្សេងៗ ឬការយល់ដឹងអំពីវិស័យទាំងនេះ ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈម។ កម្មវិធីនេះមានដំណាក់កាលមួយចំនួនដូចជា៖ ការពិភាក្សាស្វែងរកគំនិត(Hatch), កម្មវិធី Hackaton (Hack-fest), ជំរុំពិភាក្សា (Boothcamp) និង កម្មវិធី Final Pitch ដែលចាំបាច់សម្រាប់អ្នកដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី។
កម្មវិធីនេះត្រូវបានបើកឱ្យដាក់ពាក្យចូលរួមចាប់ពីពេលនេះតទៅតាមរយៈទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (https://www.facebook.com/HEINEKENCambodia) ដែលការដាក់ពាក្យនេះ នឹងផុតកំណត់នៃថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤។ អ្នកចូលរួមក៏អាចតាមដានដៃគូយុទ្ធសាស្ត្ររបស់កម្មវិធី HEINEKEN Sutainathon គឺ អង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់កម្ពុជា (GIZ Cambodia) (https://www.facebook.com/gizcambodia) សម្រាប់ព័ត៌មានថ្មីៗបន្ថែម។
ចប់
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០.០០០* នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូន កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKENដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
*ប្រភព៖ ការលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០ ទិន្នន័យពីរាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩
អំពីអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់កម្ពុជា (GIZ Cambodia)
អង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់ បាននឹងកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងនាមឱ្យក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) ចាប់តាំងពីឆ្នាំ ១៩៩៤ ។ កាលពីឆ្នាំ ២០០១ ការិយាល័យ GIZ អចិន្ត្រៃយ៍ត្រូវបានបើកនៅក្នុងទីក្រុងភ្នំពេញ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដៃគូដ៏សំខាន់មួយរបស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់។ សកម្មភាពកិច្ចសហប្រតិបត្តិការ ត្រូវបានដឹកនាំដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលបានព្រមព្រៀងជាសាកល យុទ្ធសាស្ត្រមន្ទីរបញ្ចកោណកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។