ជនភៀសសឹកខ្មែរ

សារព័ត៌មានអន្តរជាតិ ដ៏ល្បីចុះផ្សាយលាតត្រដាងទង្វើឈ្លានពានរបស់ថៃ ខណៈមន្ត្រី UN ថា ជនភៀសសឹកខ្មែរជាង២ម៉ឺននាក់ មានសិទ្ធវិលត្រឡប់ទៅផ្ទះសំបែងវិញ


ខណៈដែលភាគីថៃ តែងតែលើកបដាស្រែកក្តែងៗអំពីសន្តិភាព និងកិច្ចព្រមព្រៀងនៅតាមបណ្តោយព្រំដែន ប៉ុន្តែទង្វើជាក់ស្តែងប្រៀបដូចជាមាត់និយាយផ្សេង ដៃធ្វើផ្សេង។ កាលពីចុងសប្តាហ៍មុន អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ១រូប បន្ទាប់ពីបានចុះទៅពិនិត្យផ្ទាល់ដល់តំបន់ជម្លោះ និងតំបន់ជនភៀសសឹកបានទម្លាយការពារពិតដ៏ចាក់ដោតថា ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ជាង២០,០០០នាក់ នៅតែបន្តរងទុក្ខវេទនាមិនអាចវិលត្រឡប់ទៅជាន់ដីភូមិករ និងផ្ទះរបស់ខ្លួនវិញបានឡើយ ក្រោយការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកពីរលើកកាលពីឆ្នាំមុន។
ជនភៀសសឹកខ្មែរ
ដោយ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក ថម អ៊ែនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣១ ខែកក្ដកា ថា ក្នុងចំណោមជនភៀសសឹកកម្ពុជា ប្រមាណ៦៥០,០០០នាក់ ដែលបានរត់គេចពីគ្រាប់កាំភ្លើងកាលពីចុងឆ្នាំមុន មានពលរដ្ឋជាង២០,០០០នាក់ទៀត ត្រូវបាត់បង់សិទ្ធិរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយសារតែភូមិករ និងតំបន់រស់នៅរបស់ពួកគេត្រូវបានកងទ័ពថៃ រាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធកាន់កាប់ និងគ្រប់គ្រងដោយខុសច្បាប់។
លោក អ៊ែនឌ្រូ បានសង្កត់ធ្ងន់បែបដាស់តឿនដល់រដ្ឋាភិបាលថៃ ថា ផ្អែកលើច្បាប់អន្តរជាតិពលរដ្ឋស៊ីវិល ដែលភៀសខ្លួនដោយសារសង្គ្រាមមានសិទ្ធិអំណាចពេញលេញក្នុងការត្រឡប់ទៅផ្ទះសំបែងដើមរបស់ពួកគេវិញនៅពេលការប្រយុទ្ធគ្នាបានបញ្ចប់។ ប៉ុន្តែផ្ទុយទៅវិញ ប្រទេសថៃ បានប្រើប្រាស់កិច្ចព្រមព្រៀងឈប់បាញ់មកធ្វើជាលេសបាំងមុខ ដើម្បីបដិសេធការចោទប្រកាន់ពីបទរំលោភកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ បើទោះបីជាការបន្តបិទច្រកព្រំដែនជាឯកតោភាគីនេះ កំពុងសម្លាប់សេដ្ឋកិច្ច និងឆក់ប្លន់ឆ្នាំងបាយរបស់ប្រជាសហគមន៍ព្រំដែន ដែលពឹងផ្អែកលើការជួញដូរកសិផលរាល់ថ្ងៃក៏ដោយ។
ក្រៅពីវិបត្តិព្រំដែនដែលបង្កដោយប្រទេសជិតខាង លោក Andrews ក៏បានលើកឡើងពីបញ្ហាការបោសសម្អាតការឆបោកតាមអនឡាញនៅកម្ពុជា ផងដែរ។ អ្នកជំនាញរូបនេះបានទទួលស្គាល់ និងសរសើរដល់ចំណាត់ការក្តៅរបស់អាជ្ញាធរកម្ពុជា ក្នុងការបង្ក្រាបទីតាំងឆបោកជាង៦០០កន្លែង ដកហូតអាជ្ញាបណ្ណកាស៊ីណូ២៩កន្លែង និងចាប់បញ្ជូនជនល្មើសជិត៣,០០០នាក់ទៅផ្តន្ទាទោស។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ហ៊ានប៉ះពាល់ ឬចាត់វិធានការផ្លូវច្បាប់លើមន្ត្រីជាន់ខ្ពស់ និងបុគ្គលមានឥទ្ធិពល ដែលកំពុងឈរនៅពីក្រោយ និងកាងក្បាលម៉ាស៊ីនឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះនៅឡើយទេ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ម៉ាឡេស៊ី ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បានជាង២១លាននាក់ នៅឆមាសទី១ ខណៈភ្ញៀវទៅពីកម្ពុជា កើនឡើងជាង៥០%

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានគូសបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៦ ម៉ាឡេស៊ី ស្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ