លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា ក្នុងស្ថានភាពបច្ចុប្បន្ន ពលរដ្ឋខ្មែរ ដែលបាត់បង់លំនៅឋាន ដីស្រែចម្ការ និងរងគ្រោះពីការឈ្លានពានរបស់យោធាថៃ ត្រូវបន្តស្នាក់នៅក្នុងទីតាំងក្រោមការរៀបចំទំនុកបម្រុងរបស់អាជ្ញាធរមួយរយៈសិន ដើម្បីដោះស្រាយជីវភាពក្នុងអន្តរកាលនេះ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដីធ្លី និងផ្ទះសម្បែងដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់នៅតែជាទឹកដីរបស់កម្ពុជា ដោយរង់ចាំតែពេលវេលា ដើម្បីយកមកគ្រប់គ្រងវិញតែប៉ុណ្ណោះ។
ដោយឡែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា នៅក្នុងស្ថានភាពនេះ រដ្ឋាភិបាលគួរស្វែងរកវិធីដើម្បីធ្វើយ៉ាងណាជួយដល់ពលរដ្ឋរងគ្រោះឱ្យមានមុខរបរ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងដំណាក់កាលនេះ ពលរដ្ឋរងគ្រោះត្រូវការជំនួយដូចជា អាហារប្រចាំថ្ងៃ ការស្នាក់នៅ និងសម្លៀកបំពាក់។ បន្ថែមលើនេះ ក្រសួងស្ថាប័នពាក់ព័ន្ធគួរពិនិត្យមើលលទ្ធភាពក្នុងការផ្ដល់ឱកាសការងារនិងមុខរបរផ្សេងៗនៅក្បែរៗកន្លែងស្នាក់របស់ជនភៀសសឹកជាបណ្ដោះអាសន្ន ដើម្បីឱ្យពួកគេមានលទ្ធភាពអាចរកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ និងការសម្រួលជាមួយផ្នែកឥណទាន ដើម្បីបន្ធូរបន្ថយទុក្ខលំបាករបស់ពលរដ្ឋភៀសសឹកជាដើម។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានលើកឡើងថា ទីក្រុងបាងកក ត្រូវយល់ថា ពីអំណឹះតទៅ ប្រទេសរបស់អ្នក និងកូនចៅរបស់អ្នកនឹងមិនអាចសុខសាន្តបានទៀតទេ។ ហេតុអ្វី?
ពីព្រោះ ការកាន់កាប់ទឹកដី និងការធ្វើអាណានិគម កិច្ចដែលជាលទ្ធផលនៃយុទ្ធសាស្ត្រព្រៃ និងកម្លាំងបាយ គឺជាចំណុចចាប់ផ្តើមនៃការឈឺចាប់ គុំកួន សងសឹក តជំនាន់ នេះជាមេរៀនប្រវត្តិសាស្ត្រ ហើយប្រវត្តិសាស្ត្រក្បាលរឹងណាស់។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា មកដល់ពេលនេះយោធាថៃ បានវាយចូលទន្ទ្រានកាន់កាប់ និងឈរជើងគ្រប់គ្រងដីកម្ពុជា នៅតំបន់មួយចំនួនក្នុងខេត្តចំនួន៤ រួមមាន ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួនស្ថិតក្នុងខេត្តបន្ទាយមានជ័យ, តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ) ស្ថិតក្នុងខេត្តពោធិ៍សាត់, តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ ស្ថិតក្នុងខេត្តព្រះវិហារ និងតំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស ស្ថិតក្នុងខេត្តឧត្តរមានជ័យ។ សកម្មភាពនេះបានធ្វើឱ្យពលរដ្ឋខ្មែររស់នៅក្នុងតំបន់ខាងលើរាប់ម៉ឺននាក់ត្រូវបានជម្លៀសមកស្នាក់នៅក្នុងទីតាំងបណ្ដោះអាសន្ន និងប៉ះពាល់ដល់ជីវភាពរស់នៅយ៉ាងខ្លាំងផងដែរ៕
អត្ថបទ៖ បូ ដូឡា