វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់

នាយករដ្ឋមន្ត្រីស្រីលង្កាស្នើគណៈរដ្ឋមន្ត្រីបង្កើនទំនួលខុសត្រូវស្របពេលវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ក្នុងប្រវត្តិសាស្ត្រ


នាយករដ្ឋមន្ត្រីស្រីលង្កាលោក រ៉ានីល បាននិយាយនៅថ្ងៃទី២៩ឧសភាថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើការ ដើម្បីជំរុញឱ្យប្រធានាធិបតីនិងគណៈរដ្ឋមន្ត្រីមានទំនួលខុសត្រូវចំពោះសភាបន្ថែមទៀត បន្ទាប់ពីមានការតវ៉ាពីក្រុមបាតុកម្ម ជាច្រើនសប្តាហ៍ ដោយសារតែវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ និងមិនធ្លាប់មាននៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
នាយករដ្ឋមន្ត្រីស្រីលង្កាស្នើគណៈរដ្ឋមន្ត្រីបង្កើនទំនួលខុសត្រូវស្របពេលវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ក្នុងប្រវត្តិសាស្ត្រ

ដោយ​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ការ​កើនឡើង​តម្លៃ​ប្រេង និង​ការ​កាត់​បន្ថយពន្ធ​ប្រជា​និយម​នោះ ប្រទេស​ស្រី​លង្កា​បាន​ប្រឈម​មុខ​នឹង​អតិផរណា និង​កង្វះខាត​ប្រេងឥន្ធនៈ និង​សម្ភារៈ​សំខាន់​ៗ​ផ្សេង​ទៀត ដែល​ជំរុញ​ឱ្យ​អតីត​នាយក​រដ្ឋមន្ត្រី​លោក Mahinda Rajapaksa និង​គណៈរដ្ឋមន្ត្រី​របស់​លោក​បាន​ចុះ​ចេញពី​តំណែង​ក្នុង​ខែ​នេះ​។

លោក រ៉ា​នី​ល បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​បាន​ស្នើ​ឱ្យ​អនុម័ត​ច្បាប់​មួយ​ចំនួន ដើម្បី ផ្តល់​អំណាច​បន្ថែម​ទៀត​ដល់​សភា ហើយ​គណៈកម្មាធិការ​ឯករាជ្យ​ជាង​១២​នឹង​ត្រូវ​បាន​បង្កើត​ឡើង សម្រាប់​ការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​សភា​ពាក់ព័ន្ធ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​។

លោក រ៉ា​នី​ល បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា តាម​ទូរទស្សន៍​ក្នុងស្រុក​ស្រី​លង្កា​ថា យោង​ទៅ​តាម​ប្រព័ន្ធ​ថ្មី​ដែល​រដ្ឋាភិបាល​បាន​ស្នើ​ឱ្យ​បង្កើត​ឡើង​នោះ គឺ​ប្រធានាធិបតី​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សភា ហើយ គណៈរដ្ឋមន្ត្រី​ក៏​ទទួលខុសត្រូវ​ចំពោះ​សភា​ផង​ដែរ​។

សំណើ​នេះ​អាច​ចំណាយពេល​ច្រើន​ស​ប្តា​ហ៍ ដើម្បី​ឱ្យ​សភា​ធ្វើការ​អនុម័ត​ព្រោះ​វា​ចាំបាច់​ណាស់ ដែល​គណៈរដ្ឋមន្ត្រី និង​តុលាការ​កំពូល​ត្រូវ​តែ​ទទួលយក​សំណើ​នេះ ដែល​បន្ទាប់​មក​នឹង​ត្រូវ​ស្វែង​ការ​អនុម័ត​យល់ព្រម​ពី​សភា​ជា​បន្ត​ទៀត​។

សូម​រំលឹក​ថា ប្រធានាធិបតី​ស្រី​លង្កា​លោក Gotabaya Rajapaksa និង​បងប្រុស​របស់​លោក​គឺ​លោក Mahinda បាន​ផ្លាស់​ប្ដូរ និង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត ប៉ូលិស និង​ហិរញ្ញវត្ថុ ដែល​អនុម័ត​ដោយ​រដ្ឋាភិបាល​មុន​នេះ នៅ​ពេល​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ការ​ឡើង​កាន់​អំណាច​ជាមួយ​សំឡេង​ភាគច្រើន​ពីរ​ភាគ​បី​ក្នុង​ឆ្នាំ​២០២០​។

ក្រុម​មេដឹកនាំ​គណបក្សប្រឆាំង​ស្រី​លង្កា​បាន​ចោទប្រកាន់​រដ្ឋាភិបាល​របស់​លោក Rajapaksa ថា បាន​បង្កើន​អំណាច​ប្រធានាធិបតី​ដោយ​មិន​សម​ហេតុផល និង​ធ្វើ​ឱ្យ​ខូច​តួនាទី​របស់​សភា​ក្នុង​ការ​បង្កើត​ច្បាប់​ជាតិ​។

លោក រ៉ា​នី​ល ដែល​បាន​ចូល​កាន់​តំណែង​កាលពី​ពី​រស​ប្តា​ហ៍​មុន​នោះ​បាន​បង្ហាញ​ថា អតិផរណា​នឹង​កើនឡើង​នៅ​ពេល​រដ្ឋាភិបាល​ចាត់វិធានការ​ដោះស្រាយ​វិបត្តិ​ដ៏​អាក្រក់​បំផុត ហើយ​ថា​អាច​មានការ​តវ៉ា​កាន់តែ​ច្រើន​នៅ​តាម​ដងផ្លូវ​ថែម​ទៀត​។

ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា កំណែទម្រង់​នយោបាយ​តាម​ការ​ស្នើ​សុំ​របស់​លោក រ៉ា​នី​ល នេះ​គឺ​ខ្វះ​ការ​រំពឹង​ទុក ហើយ​មិន​បាន​ដោះស្រាយ​តាម​ការ​ទាមទារ​សំខាន់​ៗ​របស់​ក្រុម​អ្នក​តវ៉ា រួម​ទាំង​ការ​លុប​ចោល​អំណាច​ប្រតិបត្តិ​របស់​ប្រធានាធិបតី​នោះ​ទេ​។

លោកស្រី បា​វ៉ា​នី ហ្វុ​ន​សេ​កា (Bhavani Fonseka) អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​ជម្រើស​គោលនយោបាយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​កូ​ឡុំ​បូ​ប្រទេស​ស្រី​លង្កា​បាន​និយាយ​ថា សំណើ​នៅ​ចំពោះ​មុខ​គណៈរដ្ឋមន្ត្រី​នេះ នៅ​តែ​ផ្តល់​អំណាច​ច្រើន​ដល់​ប្រធានាធិបតី​ដែល​លោក​នឹង​នៅ​តែ​មាន​សិទ្ធិ​គ្រប់គ្រង​ក្រសួង ធ្វើការ​តវ៉ា និង​រំលាយ​សភា​ជា​ដដែល​។

លោកស្រី ហ្វុ​ន​សេ​កា បាន​និយាយ​ទៀត​ថា ដរាបណា​វា​នៅ​តែ​មានការ​ចែក​អំណាច​គ្នា​បែប​នេះ ការ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​សេដ្ឋកិច្ច គឺ​វា​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសចិនថា ទំនាក់ទំនងរវាងចិនអាមេរិក «ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ»

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក Wang Yi អះអាងថា ទំនាក់ទំនងរវាងចិន និងអាមេរិក កាន់តែមានការធ្លាក់ចុះធ្ងន់ធ្ងរឡើងៗហើយ។ ការ…

ក្រុមហ៊ុន Smart Axiata រៀបចំពិធីថ្លែងអំណរគុណដល់អតិថិជនសហគ្រាស ដៃគូពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធដទៃទៀត

ព័ត៌មាន
ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata បានរៀចំពិធីផ្តល់កិត្តិយសដល់អតិថិជនសាជីវកម្ម និងដៃគូក្នុងវិស័យឯកជន និ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ