កំណើនប្រាក់ចំណេញដ៏សន្ធឹកសន្ធាប់នេះ បន្ទាប់ពីតម្លៃប្រេងលើទីផ្សារពិភពលោកបានកើនឡើងខ្លាំង ចាប់តាំងពីមានវិបត្តិសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងមក។ កំណើននៃប្រាក់ចំណូលក្នុងវិស័យប្រេងនេះ គឺជាឆ្អឹងខ្នងសម្រាប់អារ៉ាប៊ីសាអូឌីតនៅពេលមនុស្សជុំវិញពិភពលោកចំណាយលើថ្លៃប្រេង និងឧស្ម័នកាន់តែខ្ពស់ជាងមុននៅតាមស្ថានីយ ខណៈដែលក្រុមហ៊ុនថាមពលជាច្រើន រកបានប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់។
ក្រុមហ៊ុនប្រេងធំៗមួយចំនួនមានកំណត់ត្រាប្រាក់ចំណេញប្រចាំត្រីមាសដ៏ល្អ ដោយក្នុងនោះ ក្រុមហ៊ុនប្រេងអាមេរិក Exxon Mobil បានកក់ប្រាក់ចំណេញជិត១៨ ពាន់លានដុល្លារមិនធ្លាប់មានពីមុនមក ខណៈដែលក្រុមហ៊ុនប្រេងរបស់អាមេរិកមួយទៀតគឺ Chevron រកបានប្រាក់ចំណេញជាង១១ពាន់លានដុល្លារ នៅគ្រាដែលក្រុមហ៊ុន Shell របស់ចក្រភពអង់គ្លេសវិញ រកបានប្រាក់ចំណេញយ៉ាងខ្លាំងបំផុតដូចគ្នា។
យ៉ាងណាមិញ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Aramco ដែលជាក្រុមហ៊ុនដ៏ធំរបស់ប្រទេសមហាអំណាចប្រេងអារ៉ាប៊ីសាអ៊ូឌីត ក៏បានកើនឡើងខ្លាំងដូចគ្នាដែរ។ តួយ៉ាង ប្រាក់ចំណេញក្នុងត្រីមាសទី២ របស់ក្រុមហ៊ុន Aramco បានកើនឡើងដល់ជិត៥០ពាន់លានដុល្លារ កើនជាង៩០%ឯណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះបានបង្ហាញពីប្រាក់ចំណូលប្រចាំត្រីមាសខ្ពស់បំផុត មិនធ្លាប់មានសម្រាប់ ក្រុមហ៊ុន Aramco ចាប់តាំងពីឆ្នាំ២០១៩។
ប្រាក់ចំណេញរបស់ក្រុមហ៊ុនAramco សម្រាប់តែត្រីមាសកន្លងមកនេះ គឺមានចំនួនជិតស្មើនឹងប្រាក់ចំណេញពេញមួយឆ្នាំ២០២០របស់ក្រុមហ៊ុន Aramco ទៅហើយ ដែលអំឡុងពេលនោះតម្រូវការប្រេងបានធ្លាក់ក្នុងកំឡុងពេលវិធានការបិទខ្ទប់ជំងឺកូវីដ១៩។ យ៉ាងណាមិញ ប្រាក់ចំណេញ៨៨ពាន់លានដុល្លារនៅឆមាសទី១របស់ក្រុមហ៊ុន Aramco បានធ្វើឱ្យក្រុមហ៊ុននេះស្ថិតនៅលើផ្លូវឆ្ពោះទៅរកការវ៉ាដាច់ឆ្ងាយពីប្រាក់ចំណេញពេញមួយឆ្នាំ២០១៩ទៅទៀត។
ក្រុមហ៊ុន Aramco បានចាត់ទុកកំណើនប្រាក់ចំណេញនេះ គឺដោយសារការកើនឡើងនូវតម្លៃប្រេងឆៅខ្ពស់ជាងមុន និងបរិមាណលក់ ព្រមទាំងកម្រិតការចម្រាញ់ប្រេងកាន់តែច្រើនឡើងផងដែរ ហើយកន្លែងស្តុកប្រេងធំៗរបស់ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីតមួយនេះស្ថិតក្នុងចំណោមកន្លែងផលិតប្រេងថោកបំផុតនៅក្នុងពិភពលោក។
ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Aramco គឺមានសារៈសំខាន់ចំពោះស្ថិរភាពរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ព្រោះនៅពេលប្រាក់ចំណេញរបស់ក្រុមហ៊ុននេះកាន់តែខ្ពស់នោះ កំណើនសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីតនឹងឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈកំណើនចំណូលនេះឯង។ នៅពេលប្រទេសនានាជុំវិញពិភពលោកកំពុងជួបបញ្ហាអតិផរណា និងការធ្លាក់ចុះសេដ្ឋកិច្ចនោះ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា សេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតនឹងកើនឡើងជាង ៧,៦% នៅឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតនៅទូទាំងពិភពលោក។
ប្រេងឆៅនៅអង់គ្លេសត្រូវបានជួញដូរក្នុងតម្លៃប្រហែល ១០០ ដុល្លារក្នុងមួយបារ៉ែលទោះជាអង្គការប្រទេសនាំចេញប្រេង OPEC និងក្រុមហ៊ុនផលិតប្រេងមិនមែនអង្គការបាន និងកំពុងបង្កើនកម្រិតផលិតកម្មជាបន្តបន្ទាប់ក្រោយពីបានកាត់បន្ថយផលិតកម្មក្នុងអំឡុងពេលជំងឺរាតត្បាតក៏ដោយ។ ទោះយ៉ាងណា តម្លៃប្រេងបានធ្លាក់ចុះក្រោមតម្លៃ ១០០ដុល្លារ នៅប៉ុន្មានសប្តាហ៍មកនេះ ចំពេលកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅប្រទេសចិន និងសហរដ្ឋអាមេរិក។
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Aramco លោក Amin Nasser បាននិយាយថា លោករំពឹងថា តម្រូវការប្រេងនឹងបន្តកើនឡើងសម្រាប់រយៈពេលចុងក្រោយនៅក្នុងទសវត្សរ៍នេះ ទោះបីជាសម្ពាធសេដ្ឋកិច្ចធ្លាក់ចុះនាពេលបច្ចុប្បន្នក៏ដោយ។ អង្គការ OPEC រំពឹងថាតម្រូវការប្រេងពិភពលោកនឹងកើនឡើងប្រហែល ៣ លានបារ៉ែលថែមទៀតក្នុងមួយថ្ងៃនៅឆ្នាំនេះ ដោយធ្វើឱ្យតម្រូវការប្រេងសរុបឡើងដល់ជាមធ្យម ១០០ លានបារ៉ែលក្នុងមួយថ្ងៃ៕
អត្ថបទ៖ សុខ ជា